រាជធានីភ្នំពេញ ៖ ក្រោយពីទទួលបានការអនុម័តពីលោកកែប ជុតិមា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី និងជាប្រធានគណៈកម្មាធិការកាតព្វកិច្ចយោធារាជធានី និងផែនការណែនាំស្តីពីការជ្រើសរើសពលទាហានបំពេញក្របខណ្ឌឱ្យកងពលតូចអន្តរាគមន៍លេខ៤១ និងកងពលតូចអន្តរាគមន៍លេខ៤២ នៃកងពលធំអន្តរាគមន៍លេខ២ នាព្រឹកថ្ងៃទី២ សីហា នៅសាលប្រជុំសាលាខណ្ឌទួលគោក មានប្រារព្ធពិធីសំណេះសំណាលស្វាគមន៍និងធ្វើការត្រួតពិនិត្យបែបបទយុវជនស្ម័គ្រចិត្ត ចូលបម្រើកងទ័ព ក្រោមអធិបតីភាពលោកសេង រតនៈ អភិបាលខណ្ឌ។
ពិធីនេះក៏មានការចូលរួមពីលោកវរសេនីយ៍ឯកឡេង ឫទ្ធី នាយការិយាល័យយោធាតំបន់ភូមិភាគ, លោកវរសេនីយ៍ឯកឃឹម ថាវី នាយលេខាធិការដ្ឋានទីចាត់ការបុគ្គលិកក្រសួងការពារជាតិ, លោកវរសេនីយ៍ទោជ័រ គឹមសេង នាយរងការិយាល័យជ្រើសរើសទ័ពក្រសួងការពារជាតិ, លោកវរសេនីយ៍ត្រីយ៉ាត ឆូ នាយផ្នែកសន្តិសុខការិយាល័យទី១ យោធភូមិភាគពិសេស, លោកអនុសេនីយ៍ឯកប៉ិច ឡេង ជំនួយការការិយាល័យជ្រើសរើសទ័ពយោធភូមិភាគពិសេស, លោក-លោកស្រីអភិបាលរងខណ្ឌ, នាយក-នាយករងរដ្ឋបាលសាលាខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោកអធិការនគរបាលខណ្ឌ, លោកប្រធានក្រុមយោធភូមិភាគពិសេសប្រចាំខណ្ឌ, លោកចៅសង្កាត់ទាំង១០, នាយប៉ុស្តិ៍ទាំង១០ ស្មៀនសង្កាត់ទាំង១០ និងយុវជនស្ម័គ្រចិត្តចំនួន១២៦នាក់។
លោកអភិបាលខណ្ឌសេង រតនៈ បានស្វាគមន៍ និងអបអរសាទរយ៉ាងជ្រាលជ្រៅ ចំពោះយុវជនស្ម័គ្រចិត្តទាំងអស់ ដែលយល់ច្បាស់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជ្រើសរើសទ័ព ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងតាមពាក្យស្លោកដែលថា ខឿនការពារជាតិជារបស់យើងទាំងអស់គ្នា និងទាំងអស់គ្នាដើម្បីខឿនការពារជាតិ។ លោកបានបញ្ជាក់ថា គោលបំណងនៃការជ្រើសរើសកងទ័ពនេះគឺដើម្បីពង្រឹងសមត្ថភាពខឿនការពារជាតិរបស់យើង មិនមែនដើម្បីធ្វើសង្គ្រាមនោះទេ។ ប្រទេសនានានៅលើសាកលលោកយើងនេះ ប្រទេសណាក៏គេខិតខំពង្រឹងខឿនការពារជាតិរបស់គេដែរ។
លោកសេង រតនៈ ក៏បានសំណូមពរ និងផ្តាំផ្ញើដល់យុវជនស្ម័គ្រចិត្តទាំងអស់សុំយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ និងថែទាំសុខភាពឱ្យមាំមួនល្អ ដើម្បីជាកម្លាំងបន្តវេននាពេលអនាគត។ ក្នុងពិធីនេះ សាលាខណ្ឌក៏បានផ្តល់ថវិកាចំនួន២០.០០០រៀលក្នុងម្នាក់សម្រាប់អាហារពេលព្រឹកផងដែរ ៕
ចែករំលែកព័តមាននេះ