ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ និងអ្នកសិល្បៈជើងចាស់ បញ្ចេញទស្សនៈយ៉ាងស៊ីជម្រៅ ជុំវិញការ«ថើប ឬហាម​ថើប» ក្នុងពិធីមង្គលការ​

2 នាទី មុន
  • ភ្នំពេញ

តើ​សម្រស់​នៃ​មង្គលការ​ខ្មែរ ស្ថិត​នៅ​លើ​ប្លង់​រូបថត​ដែល​ផ្អែមល្ហែម​ទាន់សម័យ ឬ​ស្ថិត​នៅ​លើ​ភាព​ថ្លៃថ្នូរ​តាម​ក្បួនខ្នាត​ដូនតា? នេះ​គឺជា​សំណួរ​ដែល​កំពុង​លង​បន្លាច​សតិអារម្មណ៍​អ្នកលេង​បណ្តាញ​សង្គម ក្រោយ​ពេល​រឿងរ៉ាវ​របស់​លោក​អាចារ្យ​ម្នាក់ ដែល​ហ៊ាន​ពោល​ពាក្យ “​ហាមឃាត់​” កូនកំលោះ​មិន​ឱ្យ​ថើប​កូនក្រមុំ​កណ្ដាល​រោង​ជ័យ បាន​ផ្ទុះ​ឡើង​ដូច​ព្យុះសង្ឃរា​នៃ​ការ​វែកញែក​។ ព្រឹត្តិការណ៍​នេះ…

តើ​សម្រស់​នៃ​មង្គលការ​ខ្មែរ ស្ថិត​នៅ​លើ​ប្លង់​រូបថត​ដែល​ផ្អែមល្ហែម​ទាន់សម័យ ឬ​ស្ថិត​នៅ​លើ​ភាព​ថ្លៃថ្នូរ​តាម​ក្បួនខ្នាត​ដូនតា? នេះ​គឺជា​សំណួរ​ដែល​កំពុង​លង​បន្លាច​សតិអារម្មណ៍​អ្នកលេង​បណ្តាញ​សង្គម ក្រោយ​ពេល​រឿងរ៉ាវ​របស់​លោក​អាចារ្យ​ម្នាក់ ដែល​ហ៊ាន​ពោល​ពាក្យ “​ហាមឃាត់​” កូនកំលោះ​មិន​ឱ្យ​ថើប​កូនក្រមុំ​កណ្ដាល​រោង​ជ័យ បាន​ផ្ទុះ​ឡើង​ដូច​ព្យុះសង្ឃរា​នៃ​ការ​វែកញែក​។

ព្រឹត្តិការណ៍​នេះ បាន​ក្លាយជា​ចំណុច​របត់​ថ្មី​មួយ​ដែល​ដាស់​ស្មារតី​មហាជន​ឱ្យ​ងាក​មក​ពិនិត្យ​មើល​តម្លៃពិត​នៃ​ប្រពៃណី​ខ្មែរ​ឡើង​វិញ ក្នុង​រលក​នៃ​សម័យកាល​ឌី​ជី​ថ​ល​ដ៏​ស៊ី​វិ​ល័យ​។

នៅ​ក្នុង​យុគសម័យ​ដែល​រូបភាព​នៅ​លើ Instagram និង Facebook ក្លាយជា​ខ្នាត​វាស់វែង​នៃ​សេចក្តីសុខ អ្នក​ថតរូប​តែងតែ​ព្យាយាម​បង្កបង្កើត​ប្លង់​រូបភាព​ដែល​ផ្អែមល្ហែម​បែប​អឺរ៉ុប ដូច​ជា​ការ​ថើប​មាត់ ឬ​ការ​ឱប​ថើប​គ្នា​យ៉ាង​ស្និទ្ធស្នាល​។ ប៉ុន្តែ​សម្រាប់​លោក​អាចារ្យ​ដែល​ជា​អ្នក​ចាំ​យាម​ទ្វារ​វប្បធម៌ លោក​មើលឃើញ​ថា កាយវិការ​ទាំងនេះ​គឺជា​ការ​រំលង​ប្រពៃណី និង​មិន​ផ្ដល់​តម្លៃ​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ​នៅ​ចំពោះ​មុខ​មេបា​ចាស់ទុំ​។

ជុំវិញ​បញ្ហា​នេះ បុគ្គល​ល្បី​ៗ និង​ស្ថាប័ន​ជំនាញ​បាន​បញ្ចេញ​ទស្សនៈ​យ៉ាង​ស៊ីជម្រៅ​។
អ្នក​នាង ខាត់ សុ​ឃី​ម ដែល​ជា​អ្នកសិល្បៈ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​បាន​សង្កត់ធ្ងន់​ថា ភាព​ទាន់សម័យ​មិនមែន​មាន​ន័យ​ថា​ត្រូវ​បោះបង់​ភាព​អៀនខ្មាស់​នោះ​ទេ​។ ការ​កំណត់​ត្រឹម​ថើប​ដៃ ឬ​ថើប​ថ្ពាល់ គឺជា​ព្រំដែន​សីលធម៌​ដ៏​ស្រស់​ស្អាត​បំផុត​ដែល​កូន​ខ្មែរ​គួរ​រក្សា​។

ការ​លើក​ឡើង​របស់​អ្នក​នាង ខាត់ សុ​ឃី​ម ដែល​ជា​អ្នកសិល្បៈ​ជើង​ចាស់ និង​ជា​អ្នក​ដែល​យល់​ដឹង​ស៊ីជម្រៅ​ពី​ពិធីការ​ខ្មែរ បាន​បន្ថែម​ទម្ងន់​កាន់តែ​ខ្លាំង​ទៅ​លើ​ការ​រក្សា​តម្លៃ​នៃ​ភាព​អៀនខ្មាស់ និង​កិត្តិយស​ក្នុង​ពិធី​មង្គលការ​។

អ្នក​នាង​បាន​សង្កត់ធ្ងន់​លើ​ការ​មិន​លើកទឹកចិត្ត​ឱ្យធ្វើ​ហួស​ពី​ការ​ថើប​ដៃ ឬ​ថើប​ថ្ពាល់​។ នេះ​មាន​ន័យ​ថា ការ​ថើប​ដៃ ឬ​ថើប​ថ្ពាល់ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កម្រិត​អតិបរមា​ដែល​អាច​ទទួលយក​បាន​ក្នុង​ក្រសែភ្នែក​ចាស់ទុំ និង​មហាជន​ក្នុង​ពិធី​ផ្លូវការ​។ ហេ​ី​យ​វា​ជា​ចំណុចកណ្តាល​រវាង​ភាព​ទាន់សម័យ​ដោយ​ការ​បង្ហាញ​ក្ដី​ស្រឡាញ់ និង​ភាព​បុរាណ ដោយ​ការ​រក្សា​សេចក្តី​ថ្លៃថ្នូរ​។

ការ​ដែល​អ្នក​នាង​លើក​ឡើង​ថា ខ្លាច​គេ​ថា​ដើរ​មិន​ទាន់សម័យ បាន​ឆ្លុះ​បញ្ចាំង​ពី​សម្ពាធ​សង្គម​នា​ពេល​បច្ចុប្បន្ន ដែល​យុវវ័យ​មួយ​ចំនួន​ចង់​យកតម្រាប់​តាម​វប្បធម៌​បរទេស​ខ្លាំង​ពេក រហូត​ភ្លេច​គិត​ពី​ឫសគល់​ខ្លួនឯង​។ សម័យកាល​អាច​ប្តូរ ប៉ុន្តែ​អត្តសញ្ញាណ​វប្បធម៌​មិន​គួរ​រលាយ​បាត់​តាម​ការ​ចង់បាន​របស់​បុគ្គល​ម្នាក់​ៗ ឬ​តាមតែ​ប្លង់​រូបថត​នោះ​ទេ​។ ក្នុង​នាម​ជា​ពិធីករ ឬ​អ្នក​កាន់​កម្មវិធី ការ​កំណត់​វិន័យ និង​ការ​ណែនាំ​កូនប្រុស​ស្រី​ឱ្យ​ដើរ​ក្នុង​ផ្លូវ​មួយ​ដែល​សមរម្យ គឺជា​ការ​ជួយ​ការពារ​កិត្តិយស​ដល់​សាមីខ្លួន និង​ក្រុម​គ្រួសារ​ទាំង​សងខាង​។

មតិ​របស់​អ្នក​នាង ខាត់ សុ​ឃី​ម ហាក់​ចង់​ដាស់តឿន​ថា​ភាពសមរម្យ គឺជា​សម្រស់​ដ៏​ពិតប្រាកដ​នៃ​មង្គលការ​ខ្មែរ​។ ការ​ថតរូប​អាច​ធ្វើ​ទៅ​បាន​ច្រើន​បែប ច្រើន​ប្លង់ ប៉ុន្តែ​មិន​គួរ​យក​ប្លង់​ដែល​ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី​ខ្មែរ​មក​បង្ហាញ​ជា​សាធារណៈ ក្នុង​ខណៈ​ពេល​ដែល​ពិធី​កំពុង​ដំណើរការ​នៅឡើយ​នោះ​ទេ​។
ចំណែក​លោក កែវ ហេង ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​កិច្ចការ​សាសនា បាន​ពន្យល់​តាម​ផ្លូវច្បាប់​ទំនៀមទម្លាប់​ថា លុះត្រាតែ​កិច្ច “​សំពះ​ផ្ទឹម​ចងដៃ​” ចប់​សព្វគ្រប់ ទើប​អ្នក​ទាំង​ពីរ​ក្លាយជា​ប្តី​ប្រពន្ធ​ពេញ​លក្ខណៈ​។ ការ​ថើប​គ្នា​មុន​ពេល​កិច្ច​ពិធី​បញ្ចប់ គឺ​ខុស​ទៅ​នឹង​ឋានៈ​នៃ​ខាន់ស្លា​។

ការ​ចូលរួម​មតិ​របស់ លោក កែវ ហេង គឺជា​ការ​ផ្តល់​សេចក្តីសន្និដ្ឋាន​ផ្នែក​គតិ​ច្បាប់ និង​ទម្រង់​សាសនា​យ៉ាង​ច្បាស់លាស់​បំផុត ដែល​ជួយ​ឱ្យ​ជម្លោះ​មតិ​លើ​បណ្តាញ​សង្គម​នេះ​មាន​ចំណុច​ដោះស្រាយ​មួយ​ជា​ផ្លូវការ​។

មតិ​របស់​លោក កែវ ហេង ក៏​ជា​សារ​ដាស់តឿន​ដល់​អ្នក​ថតរូប​ឱ្យ​មានការ​យល់​ដឹង​ពី​វប្បធម៌​។ អ្នក​ថតរូប​មិន​គួរ​យក​ប្លង់​ស្អាត មក​ដាក់​ពីលើ​ប្លង់​ទម្លាប់​នោះ​ទេ​។ ការ​រង់​ចាំតែ​បន្តិច​ដើម្បី​ឱ្យ​ចប់​កិច្ច​ពិធី មិន​បាន​ធ្វើ​ឱ្យ​រូបថត​បាត់បង់​សម្រស់​ឡើយ ផ្ទុយ​ទៅ​វិញ វា​នឹង​ធ្វើ​ឱ្យ​រូបថត​នោះ​កាន់តែ​មាន​តម្លៃ ព្រោះ​វា​ជា​ការ​ផ្អែមល្ហែម​ក្នុង​ឋានៈ​ជា​ប្តី​ប្រពន្ធ​ស្របច្បាប់​។

ព្រម​ជាមួយ​គ្នា​នោះ ព្រះ​ភិក្ខុ សែ​ម សុភា ចៅអធិការ​វត្ត​ធម្ម​និ​មិត្រ អង្គ​ប្រិ​យ៍ ស្រុក​សំរោង ខេត្តតាកែវ បាន​រំលឹក​ដាស់តឿន​ថា បើ​យើង​បណ្ដោយ​តាម​សម័យ​ហួសពេក យើង​នឹង​លែង​ស្គាល់​ប្រភព​ដើម​នៃ​អត្តសញ្ញាណ​ខ្លួនឯង​ជា​មិន​ខាន​។
ព្រះ​បន្ទូល​របស់ ព្រះ​ភិក្ខុ សែ​ម សុភា គឺជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ឫសគល់​នៃ​អត្តសញ្ញាណ ដែល​ជា​ចំណុច​ស្នូល​នៃ​បញ្ហា​នេះ​។

ព្រះ​អង្គ​បាន​កត់សម្គាល់​ឃើញ​ថា ក្នុង​សង្គម​មានការ​បែងចែក​មតិ​ជា​ច្រេ​ី​ន​។ សម្រាប់​អាចារ្យ​កាន់​បុរាណ តំណាង​ឱ្យ​អ្នក​ថែរក្សា​ទម្រង់​ដើម​ឱ្យ​នៅ​ដដែល ដើម្បី​កុំឱ្យ​បាត់បង់​អត្ថន័យ​។ សម្រាប់​អាចារ្យ​កាន់​សម័យ តំណាង​ឱ្យ​អ្នក​ដែល​ព្យាយាម​បត់បែន​តាម​តម្រូវការ​យុវវ័យ និង​បរិបទ​សង្គម​ថ្មី​។ ប៉ុន្តែ​ព្រះ​អង្គ​ហាក់​ផ្តល់​តម្លៃ​ខ្ពស់​ទៅ​លើ​ការ​រក្សា​ទម្រង់​បុរាណ ព្រោះ​វា​គឺជា​ត្រីវិស័យ ដែល​នាំ​យើង​ទៅ​រក​ប្រភព​ដើម​នៃ​វប្បធម៌​។

ឃ្លា​ដែល​ថា បើ​សម័យ​ហួសពេក តើ​យើង​អាច​រក​ប្រភព​ដើម​របស់​យើង​ឯណា​បាន? នេះ​គឺជា​សំណួរ​សួរ​ដាស់តឿន​ស្មារតី​យ៉ាង​ខ្លាំង ព្រោះ​ប្រសិនបើ​គ្រប់​កម្មវិធី​មង្គលការ​ទាំងអស់ បណ្តោយ​តាមតែ​ការ​ចង់បាន​របស់​អ្នក​ថតរូប ឬ​តាមតែ​ចំណង់​ចំណូលចិត្ត​យុវវ័យ ដោយ​មិន​មាន​អ្នក​ចាំ​ហាម ឬ​ដាស់តឿន​ដូច​លោក​អាចារ្យ​ទេ​នោះ មិនយូរ​ប៉ុន្មាន ពិធី​មង្គលការ​ខ្មែរ​នឹង​ក្លាយជា​កម្មវិធី​ជួបជុំ​បែប​ប​ច្ចឹ​ម​ប្រទេស​ទាំងស្រុង​។ នៅ​ពេល​នោះ កូនចៅ​ជំនាន់​ក្រោយ​នឹង​លែង​ស្គាល់​ថា តើ​អ្វី​ទៅ​ជា​តម្លៃ​នៃ​ភាព​អៀនខ្មាស់ និង​អ្វី​ទៅ​ជា​ភាព​ស័ក្តិសិទ្ធិ​នៃ​កិច្ច​ពិធី​តាម​បែប​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធ​សាសនា​ដែល​ដូនតា​បាន​បន្សល់​ទុក​ឱ្យ​។

តាម​រយៈ​ព្រះ​បន្ទូល​នេះ យើង​មើលឃើញ​ថា លោក​អាចារ្យ​ដែល​រង​ការ​រិះគន់​ថា​ចាស់​ក​ម្រិ​ល​នោះ តាម​ពិត​ទៅ​លោក​កំពុង​ដើរតួ​នាទី​ជា​អ្នកយាម​ទ្វារ​វប្បធម៌​។ លោក​សុខចិត្ត​ទទួល​ការ​រិះគន់ ដើម្បី​ការពារ​កុំឱ្យ​សម័យកាល​លេប​ត្របាក់​ប្រពៃណី​។ ការ​រក្សា​ទំនៀមទម្លាប់ មិនមែន​មាន​ន័យ​ថា​ស្អប់ខ្ពើម​ភាព​សម័យ​កាលនោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​ធានា​ថា ភាព​ស៊ី​វិ​ល័យ​ថ្មី​មិន​មក​បំផ្លាញ​គ្រឹះ​ចាស់​ដែល​ជា​ដួង​ព្រលឹង​ជាតិ​នោះ​ឡើយ​។

មេរៀន​ពី​ជម្លោះ​មតិ​នេះ​បាន​បង្ហាញ​ថា សម្រស់​នៃ​អាពាហ៍ពិពាហ៍​ខ្មែរ មិនមែន​ស្ថិត​លើ​ប្លង់​រូបថត​ដែល​ទទួល​បាន Like ច្រើន​នោះ​ទេ ប៉ុន្តែ​វា​ស្ថិត​នៅ​លើ​ភាព​ស័ក្តិសិទ្ធិ​នៃ​កិច្ច​ពិធី​។ ការ​ដែល​កូនកំលោះ​កូនក្រមុំ​ចេះ​អត់ធ្មត់ រក្សា​កិត្តិយស និង​ដើរ​តាម​គន្លង​ចាស់​បុរាណ​រហូត​ដល់​ចប់​កម្មវិធី គឺជា​ការ​បង្ហាញ​ពី​ការ​អប់រំ​ដ៏​ខ្ពង់ខ្ពស់ និង​ការ​គោរព​ដល់​អ្នក​មានគុណ​។

ជា​ការ​ពិត​ណាស់ យើង​មិន​អាច​បិទ​សិទ្ធិ​សេរីភាព​នៃ​ភាព​ទាន់សម័យ​បាន​ឡើយ ប៉ុន្តែ​សម័យកាល គួរតែ​ដើរ​ទន្ទឹម​នឹង​សីលធម៌​។ ការ​ដែល​មហាជន​ភាគច្រើន​ងាក​មក​គាំទ្រ​លោក​អាចារ្យ គឺជា​សញ្ញា​វិជ្ជមាន​ដែល​បញ្ជាក់​ថា ដួង​ព្រលឹង និង​តម្លៃ​ស្ត្រី​ខ្មែរ​នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំងក្លា​នៅ​ក្នុង​បេះដូង​កូន​ខ្មែរ​គ្រប់​រូប​។

ចូរ​ឱ្យ​រូបថត​មង្គលការ​របស់​អ្នក ក្លាយជា​សាក្សី​នៃ​សេចក្តី​ថ្លៃថ្នូរ មិនមែន​ត្រឹមតែ​ជា​ការ​សម្តែង​តាម​បែ​ບບ​រទេស​ដែល​បំភ្លេច​ចោល​នូវ​ឫសគល់​ដូនតា​ខ្លួនឯង​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ