យោងតាមការចុះផ្សាយពីប្រភពបរទេស សមត្ថភាពរកលុយមិនមែនពឹងផ្អែកតែលើភាពវៃឆ្លាតក្នុងថ្នាក់រៀននោះទេ ប៉ុន្តែវាគឺជាការរួមបញ្ចូលគ្នានៃបុគ្គលិកលក្ខណៈ និងចិត្តសាស្ត្រដែលត្រូវបានបណ្ដុះតាំងពីក្មេង។ កុមារដែលមានសក្ដានុពលក្លាយជាអ្នកជំនួញជោគជ័យ ឬរកចំណូលបានខ្ពស់ ច្រើនតែមានលក្ខណៈសម្បត្តិពិសេស ៣ យ៉ាង៖
ទីមួយគឺភាពឈ្លាសវៃក្នុងទំនាក់ទំនងសង្គម ដោយកុមារទាំងនេះមានបញ្ញាស្មារតី (EQ) ខ្ពស់ ហ៊ាននិយាយស្ដី រួសរាយ និងចេះយល់ចិត្តអ្នកដទៃ ដែលជាគ្រឹះដ៏សំខាន់ក្នុងការកសាងបណ្ដាញទំនាក់ទំនង និងទំនុកចិត្តក្នុងវិស័យការងារ។ ទីពីរគឺភាពរហ័សរហួនក្នុងការអនុវត្ត ពោលគឺក្មេងដែលចូលចិត្ត “ចង់ដឹងចង់ឃើញ” ហើយហ៊ានសាកល្បងធ្វើអ្វីដែលថ្មីៗភ្លាមៗដោយមិនរុញរា ដែលបង្ហាញពីភាពក្លាហានក្នុងការសម្រេចចិត្ត និងការចាប់យកឱកាស។ ចុងក្រោយគឺការមានឆន្ទៈមោះមុតមិនចុះចាញ់ឧបសគ្គ ដោយពួកគេចាត់ទុកបរាជ័យត្រឹមតែជាមេរៀន និងត្រៀមខ្លួនក្រោកឈរឡើងវិញជានិច្ច ដែលនេះគឺជា “សាច់ដុំផ្លូវចិត្ត” ដ៏រឹងមាំសម្រាប់ទប់ទល់នឹងរលកសេដ្ឋកិច្ច។
ភារកិច្ចរបស់អាណាព្យាបាលមិនមែនជាការរៀបចំផ្លូវដ៏រលូនឱ្យកូនដើរនោះទេ ប៉ុន្តែគឺការបណ្ដុះនូវសេចក្ដីក្លាហាន និងផ្ដល់ឱកាសឱ្យពួកគេបានរៀនសូត្រពីកំហុស ដើម្បីឱ្យពួកគេអាចកសាងអនាគតហិរញ្ញវត្ថុដោយខ្លួនឯងយ៉ាងរឹងមាំ៕
ចែករំលែកព័តមាននេះ