យោងតាមការចុះផ្សាយពីប្រភពបរទេស ផ្កាក្រដាសមិនត្រឹមតែជារុក្ខជាតិលម្អដ៏ពេញនិយមនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលម្ចាស់ផ្ទះភាគច្រើនអាចនឹងមិនទាន់ដឹង។ រុក្ខជាតិនេះមានភាពធន់ខ្ពស់នឹងអាកាសធាតុក្ដៅ ងាយស្រួលថែទាំបំផុត និងអាចផ្ដល់ផ្ការីកស្គុះស្គាយគ្រប់រដូវកាល ដែលជួយឱ្យគេហដ្ឋានមានភាពស្រស់បំព្រងជានិច្ច។ ក្រៅពីសម្រស់ ផ្កាក្រដាសដើរតួជា «របងការពារសន្តិសុខ» យ៉ាងមានប្រសិទ្ធភាពតាមរយៈបន្លាមុតស្រួច និងមែកដែលដុះប្រទាក់ក្រឡាគ្នា ហើយវាថែមទាំងជួយកាត់បន្ថយកម្ដៅ បង្កើតភាពត្រជាក់ត្រជុំ និងជួយសន្សំសំចៃអគ្គិសនីក្នុងរដូវក្ដៅទៀតផង។
តាមជំនឿផ្នែកហុងស៊ុយ ផ្កាក្រដាសតំណាងឱ្យសេចក្ដីសុខ សាមគ្គីភាពក្នុងគ្រួសារ និងជួយការពារគ្រោះចង្រៃមិនឱ្យចូលផ្ទះ។ អ្វីដែលកាន់តែពិសេសនោះ ផ្កាក្រដាសក៏មានគុណសម្បត្តិផ្នែកសុខភាពយ៉ាងអស្ចារ្យ ដែលអាចយកមកធ្វើជាតែសម្រាប់ជួយសម្រួលសម្ពាធឈាម បញ្ចុះជាតិស្ករក្នុងឈាម បន្សាបជាតិពុល និងកាត់បន្ថយការឈឺចាប់សន្លាក់។
ជាមួយនឹងតម្លៃដើមទាប ងាយស្រួលដាំតាមរយៈការដោតមែក ប៉ុន្តែផ្ដល់តម្លៃសេដ្ឋកិច្ចខ្ពស់ទៅថ្ងៃអនាគត (ជាពិសេសដើមដែលមានអាយុកាលយូរ និងមានរាងស្អាត) ផ្កាក្រដាសពិតជាជម្រើសដ៏ល្អបំផុតដែលគ្រប់គ្រួសារគួរមានយ៉ាងហោចណាស់មួយដើមនៅមុខផ្ទះ៕
ចែករំលែកព័តមាននេះ