ប្រទេសអ៊ីរ៉ង់៖ រដ្ឋាការទីក្រុងតេហេរ៉ង់ បានដាក់ចេញនូវសេចក្តីព្រាងសំណើថ្មីមួយសម្រាប់ការចរចាជាមួយសហរដ្ឋអាម៉េរិក ដោយទាមទារឱ្យមានការបញ្ឈប់ជម្លោះជាបន្ទាន់នៅគ្រប់រណសិរ្សទាំងអស់។ នៅក្នុងសំណើនោះ អ៊ីរ៉ង់បានសង្កត់ធ្ងន់លើលក្ខខណ្ឌដាច់ខាតចំនួន ៣ រួមមាន៖ ការផ្តល់ការធានាថានឹងមិនមាន “ការឈ្លានពាន” មកលើអ៊ីរ៉ង់ជាថ្មី ការលុបចោលទណ្ឌកម្មសេដ្ឋកិច្ច និងការដកចេញនូវការបិទខ្ទប់ផ្លូវទឹកពីសំណាក់កងទ័ពជើងទឹកអាម៉េរិក។ បន្ថែមពីនេះ អ៊ីរ៉ង់បានទុកឱកាសរយៈពេល ៣០ ថ្ងៃសម្រាប់អាម៉េរិកក្នុងការលុបចោលទណ្ឌកម្មលើការលក់ប្រេង និងការដោះលែងទ្រព្យសម្បត្តិដែលត្រូវបានបង្កក បន្ទាប់ពីកិច្ចព្រមព្រៀងបឋមត្រូវបានចុះហត្ថលេខា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី១១ ខែឧសភានេះ។
គួរបញ្ជាក់ថា ជម្លោះដ៏សាហាវនេះបានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលអាម៉េរិក និងអ៊ីស្រាអែលបានបើកការវាយប្រហាររួមគ្នាដែលបណ្តាលឱ្យមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ស្លាប់បាត់បង់ជីវិត។ ទោះបីជាបទឈប់បាញ់បានចាប់ផ្តើមតាំងពីថ្ងៃទី៨ ខែមេសា ហើយមានការចរចានៅប្រទេសប៉ាកីស្ថានក៏ដោយ ប៉ុន្តែភាពតានតឹងនៅតែបន្តកើតមាន ដោយសារភាគីទាំងពីរមិនទាន់អាចរកចំណុចរួមឃើញ។
ជាការឆ្លើយតបទៅនឹងសំណើចុងក្រោយរបស់អ៊ីរ៉ង់នេះ ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហោះលើបណ្តាញសង្គម Truth Social កាលពីល្ងាចថ្ងៃអាទិត្យថា លក្ខខណ្ឌដែលអ៊ីរ៉ង់ដាក់មកនោះគឺ “មិនអាចទទួលយកបានទាំងស្រុងឡើយ”។ ការបដិសេធនេះបានធ្វើឱ្យក្តីសង្ឃឹមក្នុងការបញ្ចប់សង្គ្រាមរយៈពេល ១០ សប្តាហ៍នេះ កាន់តែមានភាពស្រពិចស្រពិល ខណៈដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសន្តិសុខនៅច្រកសមុទ្រ Hormuz៕
ចែករំលែកព័តមាននេះ