ខេត្តកំពង់ធំ ៖ លោកងួន ញ៉ិល សមាជិក គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ធំ និងជាអនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដែលអមដំណើរដោយអស់លោកជាសមាជិក រដ្ឋសភា សមាជិករាជរដ្ឋាភិបាល និងអស់លោកជាទីប្រឹក្សា ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ ខេត្តកំពង់ធំ ស្រុកបារាយណ៍ផងនោះ នាព្រឹកថ្ងៃទី៣១ កក្កដា ឆ្នាំ ២០១១ កន្លងមកនេះ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខចំពោះព្រះសង្ឃ លោកតា លោកយាយ និងបងប្ងូនប្រជាជនក្នុងវត្តសិរីសោភ័ណ ហៅវត្តព្នៅ ស្ថិតក្នុងភូមិព្នៅ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបានរងគ្រោះដោយអគ្គីភ័យក្នុងពេលកន្លងមក ។
លោកហាក់ ម៉ូវសេង អភិបាលស្រុកបារាយណ៍ មានប្រសាសន៍ស្វាគមន៍ និងបានបញ្ជាក់ជូនថា កាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០១១ វេលាម៉ោង១០ និង៣០នាទី ក្នុងបរិវេណវត្តសិរីសោភ័ណ ហៅវត្តព្នៅ ភូមិព្នៅ ឃុំត្នោតជុំ ស្រុកបារាយណ៍ មានកើតឡើងនូវឧប្បត្តិហេតុរងគ្រោះដោយអគ្គីភ័យដែលបណ្តាលមកពីការធ្វេសប្រហែសក្នុងការប្រើភ្លើងចង្កៀង
និងភ្លើងទៀននៅក្នុងកុដិ ។ ដោយសារស្ថានភាពភូមិសាស្ត្រ និងផ្លូវមិនលក្ខណៈងាយស្រួលទេនោះរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តមិនអាចជួយអន្តរាគមន៍បានឡើយ ។ លោកបានឱ្យដឹងអំពីការខាតបង់ដែលបង្កឡើងដោយអគ្គីភ័យខាងលើសំខាន់ គឺឆេះកុដិអស់ចំនួន៣ខ្នងដែលកុដិនីមួយៗមានទំហំ៧ម៉ែត្រគុណ១២ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿង និងសម្ភារមួយចំនួនទៀត ។
មានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ ចំពោះព្រះសង្ឃមន្ត្រីរាជការប្រជាពលរដ្ឋនាឱកាសនោះលោកងួន ញ៉ិល បានសម្តែងនូវទឹកចិត្តចូលរួមនូវការសោកស្តាយចំពោះការបាត់បង់ដោយគ្រោះអគ្គីភ័យនេះ ។
លោកក៏បានមានប្រសាសន៍កោតសរសើេរក្នុងការឆ្លើយតបចំពោះសេចក្តីរាយការណ៍របស់លោកអភិបាលស្រុកបារាយណ៍អំពីសមិទ្ធិផលរបស់ស្រុកលើការងារបង្កបង្កើនផល ការអភិវឌ្ឍរចនាសម្ព័ន្ធការងារភូមិ-ឃុំមានសុវត្ថិភាពដែលធានាបាននូវសន្តិសុខល្អប្រសើរជូនប្រជាជន។
ជាមួយគ្នានេះ លោកក៏បានជម្រាបជូនផងដែរ អំពីគោលនយោបាយជាបន្តបន្ទាប់នៃព្រះរាជាណាចក្រកម្ពុជាយើងពិសេសគឺចាប់ពីឆ្នាំ១៩៩៣មក យើងបានទទួលយកនូវរបបប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយដោយផ្អែកលើមូលដ្ឋាននៃថ្ងៃជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជាតែងតែទទួលបាននូវទំនុកចិត្តពីប្រជាជននាំឱ្យគណបក្សទទួលបានជោគជ័យការបោះឆ្នោតជាបន្តបន្ទាប់ ។ នៅឆ្នាំ២០១២ ខាងមុខព្រះរាជាណាចក្រកម្ពុជានឹងមានការបោះឆ្នោតជាបន្តបន្ទាប់ ដោយមានព្រឹត្តិការណ៍នយោបាយគឺការបោះឆ្នោត ព្រឹទ្ធសភា និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ។
លោកងួន ញ៉ិល បានមានប្រសាសន៍ទៀតថា គណបក្សកើតចេញពីប្រជាជនធ្វើអ្វីៗ ដើម្បីប្រជាជនរហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជាបានផ្តល់ឱ្យប្រជាជននូវជីវិត ទី២ សិទ្ធិសេរីភាពគ្រប់បែបយ៉ាង សន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ។
បន្ទាប់ពីសំណេះសំណាលរួចមក លោកងួន ញ៉ិល បានប្រគេនបច្ច័យសម្រាប់កសាងកុដិចំនួន១២.២៧០.០០០រៀល និង៥៦០ដុល្លារ បន្ទាប់មកទៀតបានប្រគេនព្រះអនុគណស្រុកបារាយណ៍នូវទេយ្យទាន មួយកញ្ចប់បច្ច័យ១០.០០០រៀល ប្រគេនចៅ អធិការវត្ត៦អង្គក្នុងមួយអង្គទេយ្យទានមួយកញ្ចប់បច្ច័យ៥០.០០០រៀល ប្រគេនបច្ច័យចូលព្រះវស្សាចំនួន១.០០០.០០០រៀល ព្រមទាំងជូនស្រុកបារាយណ៍១.០០០.០០០រៀល ជូនឃុំត្នោតជុំ៥០០.០០០រៀល ជូនឃុំព្នៅ៥០០.០០០រៀល ជូនយាយជី តាជី ១០០នាក់ ក្នុង១នាក់ ទទួលបានកំណាត់ស១ដុំ និងបច្ច័យ៥០០០រៀល និងជូនប្រជាជន១.០០០នាក់ក្នុង១នាក់ទទួលបានសារុង១ ៕
ចែករំលែកព័តមាននេះ