កំពូលកីឡាការិនីតឺន្នីសរុស្ស៊ីនាងឌីណារ៉ា សាហ្វ៊ីណាបានបញ្ជាក់ថា នាងនឹងមិនអាចចេញប្រកួតបានម្តងទៀតទេនៅឆ្នាំនេះបន្ទាប់ពីរបួសខ្នងរបស់នាងរើឡើងវិញមិនព្រមជាសះស្បើយ១០០% ។ អតីតកីឡាការិនីលំដាប់ទី១ពិភពលោករូបនេះចាប់តាំងពីដើមខែឧសភាមកមិនបានចូលប្រកួតក្នុងកម្មវិធីណាមួយទេ។ នាងថែមទាំងបានខកខានការប្រកួតក្របខណ្ឌធំៗចំនួន២French OpenនិងWimbledonទៀតផង។
តាមរយៈគេហទំព័រជាផ្លូវការរបស់ខ្លួន នាងសាហ្វុីណាវ័យ២៥ឆ្នាំបាននិយាយថា៖ «ខ្ញុំពិតជាសោយស្តាយយ៉ាងខ្លាំងដែលត្រូវនិយាយថា របួសខ្នងរបស់ខ្ញុំនៅតែមានការឈឺចាប់ដដែល។ ខ្ញុំនឹងមិនអាចចូលប្រកួតបានយ៉ាងហោចណាស់ក៏ដល់ដំណាច់ឆ្នាំនេះដែរ»។
តាមសម្តីរបស់នាងនេះ សាហ្វ៊ីណានឹងត្រូវខកខានការប្រកួតក្របខណ្ឌធំUS Openដោយខានពុំបាន។ កាលពីប្រកួតក្នុងក្របខណ្ឌធំAustralian Openខែមករាដើមឆ្នាំ សាហ្វ៊ីណាបានទៅចូលរួមជាមួយបណ្តាកីឡាការិនីដទៃទៀត ប៉ុន្តែនាងត្រូវបរាជ័យក្រោមថ្វីដៃកីឡាការិនីបែលហ្ស៊ិកគីម ឃ្លីស្ទ័រក្នុងលទ្ធផល៦-០និង៦-០ធ្លាក់ចេញទាំងជុំដំបូង។
គេនៅចាំបានថា កាលពីដើមឆ្នាំសាហ្វ៊ីណាបានប្រកាសថានាងនឹងឈប់សម្រាកពីការប្រកួតមួយរយៈពេលដោយសាមានការឈឺចាប់ខ្នង។ នាងបាននិយាយថា៖«ខ្ញុំមិនដឹងថា តើខ្ញុំត្រូវឈប់សម្រាក់យូរប៉ុណ្ណានោះទេ។ ខ្ញុំមិនចង់ដាក់ទារុណកម្មលើរាងកាយខ្លួនឯងនោះទេ។ ខ្ញុំពិតជានឿយណាយក្នុងរឿងនេះជាខ្លាំង»។
នាងសាហ្វ៊ីណាគឺជាប្អូនស្រីរបស់អតីតម្ចាស់ជើងឯកក្របខណ្ឌធំUS OpenនិងAustralian Openម៉ារ៉ាត សាហ្វ៊ីន។ បើទោះណាពីមុនមក នាងធ្លាប់បានគ្រងតំណែងលេខ១លើលោកក៏ដោយ ប៉ុន្តែនាងធ្លាប់បានបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌធំចំនួន៣លើកក្នុងនោះក្របខណ្ឌFrench Openឆ្នាំ២០០៨ និង២០០៩និងក្របខណ្ឌAustralian Openឆ្នាំ២០០៩ ៕
ចែករំលែកព័តមាននេះ