រាជធានីភ្នំពេញ ៖ ក្រោយពីសារព័ត៌មានបានធ្វើការផ្សព្វផ្សាយលើបណ្តាញសង្គម ទីតាំងល្បែងស៊ីសងមួយកន្លែងឈ្មោះ «ជីនកាងផ្លូវមាស»ជាបនល្បែងខុសច្បាប់ ដែលកំពុងផ្គើននឹងច្បាប់រដ្ឋបានផ្អាកអាជីវកម្មទំនងបណ្តោះអាសន្នទេដឹង ដើម្បីសម្ងំរង់ចាំឱកាសស្ងប់ស្ងាត់នឹងដំណើរការឡើងវិញ ដែលគេថាមានខ្នងបង្អែកធំនៅពីក្រោយ ។
បើទោះបីជាពេលនេះ ទីតាំងនោះបានប្រកាសបិទទ្វារស្ងាត់ ៗក៏ដោយ ដើម្បីគ្រាន់តែជាការគេចពីមុខព្រួញអ្នកសារព័ត៌មាន ប៉ុន្តែភស្តុតាងនៃម៉ាស៊ីនល្បែងទំនើបៗ នៅក្នុងទីតាំងនោះមិន ទាន់រើចេញនៅឡើយទេ សបញ្ជាក់ឱ្យឃើញថា នេះគ្រាន់តែជាយុទ្ធសាស្ត្រ «ដេកចាំមើលមេឃមើលផ្កាយ»ក្រោមខ្សែភ្នែករបស់អាជ្ញាធរខណ្ឌចំការមនតែប៉ុណ្ណោះ ។
យោងតាមរូបភាពភស្តុតាងដែលបានបែកធ្លាយ មកដល់ដៃអ្នកសារព័ត៌មាន កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ទីតាំងយីហោ «ជីនកាងផ្លូវមាស» ដែលស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះ ទៅស្ពានកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបង្ហាញយ៉ាងច្បាស់នូវសកម្មភាពល្បែងស៊ីសង ភ្នាល់ចាក់លុយយ៉ាងគ្រហើៗ ។ ដោយមានការរៀបចំតុបៀការ៉ាត់ (Baccarat) ម៉ាស៊ីនហ្គេមបាញ់ត្រី និងប្រព័ន្ធកុំព្យូទ័រទំនើបៗសម្រាប់បម្រើឱ្យល្បែងភ្នាល់អនឡាញចម្រុះ មានមនុស្សចូល លេងយ៉ាងកុះករ និងអនាធិបតេយ្យបំផុត ។
ក្រោយការចុះផ្សាយជាបន្តបន្ទាប់ ស្រាប់តែមានសេចក្ដីរាយការណ៍ថា ទីតាំងល្បែងស៊ីសងមួយនេះ បានផ្អាកអាជីវកម្មភ្លាមៗដែរ ។ ការផ្អាកដោយស្ងៀមស្ងាត់នោះ បានធ្វើឱ្យមហាជនលើកជាចម្ងល់ថា តើវាជាការដកថយដោយសារខ្លាចសមត្តកិច្ចបង្ក្រាប ឬក៏ជាការឃុប ឃិតគ្នា ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរង់ចាំស្ងប់ស្ងាត់បើកឡើងវិញ? អ្វីដែលគួរឱ្យហួសចិត្តបំផុតនោះគឺ មានរូបភាពជាភស្តុតាងជាក់ស្ដែងប៉ុណ្ណឹងហើយ តែបែជាមិនទាន់ឃើញមានវត្តមានអាជ្ញាធរ ឬសមត្ថកិច្ចពាក់ពន្ធចុះទៅពិនិត្យបង្ក្រាប ឬដកហូតសម្ភារៈទីតាំងល្បែងស៊ីសងខុសច្បាប់នោះឡើយ សង្ស័យមានគេខ្សឹបឱ្យផ្អាកសិន ។ ម៉ាស៊ីនទំនើបៗដែលបម្រើការឱ្យល្បែងស៊ីសង ស្ថិតក្នុងទីតាំងនោះដដែល ដែលនេះជាសញ្ញាបង្ហាញឲ្យឃើញថា ម្ចាស់ទីតាំងមិនមានបំណងរំសាយបនល្បែងនេះចោលទេ ពោលគឹហាក់ដូចជាត្រៀមនៅចាំតែដំណើរឡើងវិញ ។
តាមសេចក្ដីរាយការណ៍ឱ្យដឹងដែរថា ខណៈពេលមានព័ត៌មានឮដល់ដៃអាជ្ញាធរ ម្ចាស់ទីតាំងតែងតែដឹងខ្លួនមុនជានិច្ច ដែលនាំឱ្យមានការសង្ស័យកាន់តែខ្លាំងថា ទីតាំងនេះអាចមាន «ខ្នងបង្អែកធំ» ទើបអាជ្ញាធរខណ្ឌចំការមនមិនហ៊ានប៉ះពាល់ ។ មតិមហាជនបានទទូចថា ប្រសិនបើមានការបង្ក្រាបពិតប្រាកដមែន ត្រូវតែមានសេចក្ដីជូនដំណឹងជាផ្លូវការ និងការចុះដកហូតសម្ភារៈវត្ថុតាងឱ្យបានដាច់ស្រេច ដើម្បីកុំឱ្យទីតាំងនោះអាចត្រឡប់មកបើកដំណើរការតទៅទៀតបាន ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕


ចែករំលែកព័តមាននេះ