ទីក្រុងវ៉ាស៊ីនតោន៖ ទោះបីជាសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់កំពុងឈានទៅរកការបន្ធូរបន្ថយសង្រ្គាមរយៈពេល ១០ សប្តាហ៍ក៏ដោយ ប៉ុន្តែសកម្មភាព និងសម្តីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កឱ្យមានការប្រេះឆាយ៉ាងខ្លាំងជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធ ដែលអាចនឹងក្លាយជាមរតកដ៏អាក្រក់នៃសង្រ្គាមនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែឧសភានេះ។
ការសម្រេចចិត្តដកទ័ពចេញពីអាល្លឺម៉ង់ ការគំរាមកំហែងកាត់បន្ថយកម្លាំងនៅអឺរ៉ុប និងការមើលស្រាលការវាយប្រហារលើដៃគូនៅតំបន់ឈូងសមុទ្រ បានធ្វើឱ្យសម្ព័ន្ធមិត្តចាស់ៗរបស់ទីក្រុងវ៉ាស៊ីនតោនចាប់ផ្តើមមានមន្ទិលសង្ស័យលើភាពជឿជាក់របស់អាម៉េរិកក្នុងគ្រាមានអាសន្ននាពេលអនាគត។ លោក ត្រាំ បានប្រកាសដកកងទ័ព ៥,០០០ នាក់ចេញពីអាល្លឺម៉ង់ បន្ទាប់ពីអធិការបតី Friedrich Merz រិះគន់ថាអាម៉េរិកកំពុងត្រូវអ៊ីរ៉ង់ធ្វើឱ្យអាម៉ាស់ ខណៈដែលសេតវិមានបានបញ្ជាក់ថា លោក ត្រាំ នឹងមិនអនុញ្ញាតឱ្យសម្ព័ន្ធមិត្តឆ្លៀតឱកាសកេងចំណេញពីអាម៉េរិកឡើយ។
បន្ថែមពីនេះ បញ្ចកោណថែមទាំងបានលើកឡើងពីលទ្ធភាពនៃការផ្អាកសមាជិកភាពរបស់អេស្ប៉ាញក្នុងអង្គការ NATO និងការពិនិត្យឡើងវិញលើការទទួលស្គាល់កម្មសិទ្ធិរបស់អង់គ្លេសលើកោះ Falkland ដើម្បីជាការដាក់ទណ្ឌកម្មចំពោះការមិនគាំទ្រប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់។ ភាពរង្គោះរង្គើនូវសម្ព័ន្ធភាពនេះបានផ្តល់ឱកាសឱ្យរុស្ស៊ីចំណេញពីតម្លៃប្រេងឡើងថ្លៃ និងការបង្វែរការយកចិត្តទុកដាក់ពីសង្រ្គាមអ៊ុយក្រែន ខណៈចិនកំពុងព្យាយាមបង្ហាញខ្លួនថាជាដៃគូសកលដែលមានស្ថិរភាពជាងអាម៉េរិក។
បច្ចុប្បន្ន សហគមន៍អឺរ៉ុប និងដៃគូនៅអាស៊ីកំពុងព្យាយាមពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិដោយខ្លួនឯង ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាម៉េរិក ដែលកាន់តែមានភាពមិនច្បាស់លាស់ និងមានចរិតឆេវឆាវក្រោមការដឹកនាំរបស់លោក ត្រាំ៕
ចែករំលែកព័តមាននេះ