សវនាការរបស់កីឡាករអេស្ប៉ាញអាល់បឺតូ កុងតាឌ័រក្នុងករណីប្រើប្រាស់សារធាតុហាមឃាត់ក្នុងពេលប្រណាំងនៅតុលាការកីឡាCASត្រូវបានគេលើកពេលទៅធ្វើនៅខែវិច្ឆិកាខាងមុខ។ ការលើកពេលនេះគឺបន្ទាប់ពីមានការស្នើសុំពីភ្នាក់ងារប្រឆាំងការប្រើប្រាស់សារធាតុញៀនពិភពលោក(WADA)។ ភ្នាក់ងារនេះបានអះអាងថាខ្លួនឆ្លៀតយកចន្លោះពេលនេះដើម្បីបំពេញភស្តុតាងចាំបាច់មួយចំនួនក៏ដូចជាដោះស្រាយភាពមិនចុះសម្រុងគ្នាផ្នែកវិទ្យាសាស្ត្រ។
ចំណែកសហព័ន្ធប្រណាំងកង់ពិភពលោក(UCI)ដែលជាដើមបណ្តឹងជាមួយWADAដែរនោះក៏បានយល់ព្រមជាមួយនឹងសំណើខាងលើនេះដែរ។ ដោយឡែកកុងតាឌ័រនិងសហព័ន្ធប្រណាំងអេស្ប៉ាញក៏មិនបានជំទាស់អ្វីដែរ ។ ដើមឡើយពេលវេលាបើកសវនាការករណីកីឡាករកុងតាឌ័រត្រូវបានគេគ្រោងធ្វើនៅខែសីហាពីថ្ងៃទី១ដល់ថ្ងៃទី៣ដែលតាមកាលបរិចេ្ឆទនោះធ្វើឲ្យកុងតាឌ័រមានលទ្ធភាពទៅប្រណាំងការពារជើងឯកTour de Franceបាន ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ តុលាការCASបានបញ្ជាក់ថាខ្លួនបានអនុញ្ញាតឲ្យមានការលើកពេលសវនាការតាមសំណើ ហើយថាការសម្រេចចិត្តលើកពេលនេះបានទទួលការព្រមព្រៀងជាឯកច្ឆន្ទពីភាគីទាំង៣។ កុងតាឌ័រប្រឈមនឹងបម្រាមមិនឲ្យចូលប្រកួតរយៈពេល២ឆ្នាំ ព្រមទាំងត្រូវគេដកហូតយកពានជើងឯកTour de France ប្រសិនជាតុលាការCASរកឃើញថាគេមានទោសពិតប្រាកដមែន(កុងតាឌ័រត្រូវបានជាប់ចោទពីបទលួចប្រើថ្នាំបង្កើនកម្លាំងឈ្មោះClenbuterolអំឡុងការប្រណំាំងTour de Franceកាលពីឆ្នាំ២០១០) ។
កាលពីពេលថ្មីៗនេះ កុងតាឌ័របានបញ្ជាក់ថា ខ្លួនគេនឹងមិនចូលរួមការប្រណាំងកម្មវិធីVuelta a España នៅលើទឹកដីកំណើតរបស់ខ្លួនសម្រាប់ឆ្នាំនេះទេ។ កុងតាឌ័រដែលជាអ្នកជិះកង់ឲ្យក្រុមអាស្តាណាក្នុងឆ្នាំនេះបានយកឈ្នះជើងឯកកម្មវិធីTour of Italy ខែឧសភាកន្លងមក និងថ្មីៗនេះទើបតែបានបញ្ចប់ការប្រណាំង Tour de Franceនៅប្រទេសបារាំង។
ខុសពីឆ្នាំមុនៗ ក្នុងឆ្នាំនេះកុងតាឌ័របានវិលត្រឡប់មកផ្ទះវិញដោយបាតដៃទទេ ខណៈដែលខ្លួនដណ្តើមបានចំណាត់ថ្នាក់លេខ៥ប៉ុណ្ណោះនៅលើតារាងជើងឯកនៃការប្រណាំង។ ការប្រណាំងTour de France ដែលទើបបញ្ចប់ទៅកាលពីថ្ងៃអាទិត្យនៅទីក្រុងប៉ារីសកីឡាករអូស្ត្រាលីកាដែល អេវែនជាអ្នកយកឈ្នះពានជើងឯកបញ្ចប់ការប្រណាំងក្នុងថិរវេលាតិចជាងគេបំផុត៨៦ម៉ោង២៧នាទីនិង២វិនាទី។ ចំណែកកីឡាករបងប្អូនបង្កើតលុចហ្សំបួAndy SchleckនិងFränk Schleck ដែលទាំងពីរនាក់ជិះឲ្យក្រុមLeopard Trekដូចគ្នាដណ្តើមបានចំណាត់ថ្នាក់លេខ២និងលេខ៣។ វ៉ូអែកក្លេចំណាត់ថ្នាក់លេខ៤នាំមុខលើកុងតាឌ័រកីឡាករការពារជើងឯកដែលដណ្តើមបានចំណាត់ថ្នាក់លេខ៥ ។ កុងតាឌ័រនៅក្នុងការប្រណាំងអស់២១ដំណាក់ឆ្នាំនេះគេបានប្រើពេលច្រើនជាងកាដែល អេវែន៣នាទីនិង៥៧វិនាទី បរាជ័យក្នុងការការពារជើងឯករបស់ខ្លួនទាំងស្រុង។
សម្រាប់រូបគេ នេះគឺជាលទ្ធផលដ៏អាក្រក់បំផុតចាប់តាំងពីពេលដែលគេបញ្ចប់ក្នុងលំដាប់ទី៣១កាលពីចេញប្រណាំងក្នុងTour de France លើកដំបូងឆ្នាំ២០០៥។ វាជារឿងដែលពិបាកបំផុតក្នុងការយកឈ្នះពានជើងឯកជាលើកទី៤បន្តទៀតសម្រាប់កុងតាឌ័រក្នុងខណៈដែលរូបគេរងការប៉ះពាល់ដោយការដួលនានា ហើយនោះបានបង្ហាញថា បើទោះបីគេជាកំពូលមនុស្សក៏ដោយ ប៉ុន្តែគេក៏មានថ្ងៃស៊យដែរ។
អំឡុងការប្រណាំងនៅប្រទេសបារាំង កុងតាឌ័រហាក់មិនជ្រះស្រឡះក្នុងចិត្តទេ ជាពិសេសលទ្ធផលនៃការកាត់ក្តីដោយតុលាការកីឡាបានធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គេយ៉ាងខ្លាំង។ កត្តាមួយទៀត របួសជើងរបស់គេនៅមិនទាន់ជាសះស្បើយ១០០%នៅឡើយទេ ។ តែយ៉ាងណាបំណងរបស់គេនៅពេលនេះគឺថាគេនឹងយកឈ្នះជើងឯកTour de France ឆ្នាំ២០១២ឲ្យខាងតែបាន។ គេបាននិយាយថា៖ «ខ្ញុំនៅតែគិតពីឱកាសឈ្នះក្របខណ្ឌមួយនេះ តែខ្ញុំមិនដឹងថា តើនឹងមានអ្វីកើតឡើងនៅឆ្នាំក្រោយនោះទេ»។ គេក៏បានបញ្ជាក់យ៉ាងច្បាស់ថាកម្មវិធីប្រណាំងVuelta a España នៅលើទឹកដីកំណើតរបស់ខ្លួនដែលចាប់ផ្តើមថ្ងៃទី២០ខែក្រោយនេះនឹងគ្មានវត្តមានគេទេ។ កុងតាឌ័របាននិយាយបែបកំប្លែងថា៖«ខ្ញុំចង់យកពេលនោះទៅលេងឆ្នេរខ្សាច់។ រដូវកាលប្រណាំងមានរយៈពេលវែង ហើយខ្ញុំចង់សម្រាកលំហែអារម្មណ៍ខ្លះ» ៕
ចែករំលែកព័តមាននេះ