ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីព្រឹកថ្ងៃទី២ សីហា បានកោះប្រជុំជាថ្មីទៀត ស្តីអំពីប្រទេសស៊ីរីក្រោយពីប្រធានាធិបតីប្រទេសនេះ លោកបាចាអាល់អាសាដ បានបញ្ជាឱ្យរថក្រោះបាញ់គ្រាប់ផ្លោងលើទីក្រុងហាម៉ា ដែលកំពុងកើតមានការធ្វើបាតុកម្មយ៉ាងខ្លាំងក្លា បណ្តាលឱ្យស្លាប់ជនស៊ីវិលជាច្រើននាក់។
កាលពីថ្ងៃទី១ សីហា កន្លងមក កងកម្លាំងសន្តិសុខស៊ីរីបានបើកការបង្ក្រាបប្រកបដោយការបង្ហូរឈាមប្រឆាំងហ្វូងបាតុករនៅទូទាំងប្រទេស បណ្តាលឱ្យស្លាប់ជនស៊ីវិល៣០នាក់ ក្នុងអំឡុងពេលនៃការធ្វើបាតុកម្មក្រោយពីការសូត្រធម៌ ក្នុងពិធីបុណ្យរ៉ាម៉ាដាន នាពេលល្ងាច។
បាតុកម្មនេះបានផ្ទុះឡើងនៅពេលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់មួយស្តីអំពីការបង្ក្រាបបណ្តាលឱ្យស្លាប់មនុស្សជាច្រើននាក់ដោយកងកម្លាំងសន្តិសុខគាំទ្រលោកអាសាដ ប្រឆាំងហ្វូងបាតុករហើយបណ្តាប្រទេសមហាអំណាចលោកខាងលិច ទាមទារឱ្យមានការថ្កោលទោសចំពោះអំពើហិង្សានេះ ប៉ុន្តែនៅពេលបិទកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខមិនសម្រេចបានកិច្ចព្រមព្រៀងអ្វីឡើយ។
មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិមួយរូបបានប្រាប់អង្គប្រជុំថា មនុស្ស១៤០នាក់ត្រូវបានរាយការណ៍ថា ស្លាប់ក្នុងយុទ្ធនាការបង្ក្រាបរបស់យោធាកាលពីថ្ងៃទី៣១ កក្កដា កន្លងមក ហើយមនុស្ស៣.០០០នាក់ បាត់ខ្លួន និង១២.០០០នាក់ទៀតត្រូវបានចាប់ខ្លួនចាប់តាំងពីមានបាតុកម្មប្រឆាំងរបបរបស់លោកអាសាដ ពីពាក់កណ្តាលខែមីនាមក។
អង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំស្តីអំពីប្រទេសស៊ីរីក្រោយពីលោកអាសាដអនុញ្ញាតឱ្យកងទ័ពបង្កើនការបង្ក្រាបប្រឆាំងហ្វូងបាតុករ ៕
ចែករំលែកព័តមាននេះ