ខេត្តតាកែវ ៖ សាច់បង្កកដែលឈ្មួញបានដឹកតាមទូកចូលមកពីវៀតណាមតាមច្រកទ្វេភាគីបាក់ដៃហើយត្រូវអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចស្រុកអង្គរបូរី ស្ទាក់ចាប់ដកហូតមាន សាច់ក្រក ប្រហិត នឹងសាច់មាន់សរុបបានជាង ៣តោននោះ នៅសៀល ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦ មកនេះបានធ្វើការដុតកម្ទេចចោលអស់ហើយ ។ គួររំលឹកថា អាជ្ញាធរស្រុកអង្គរបូរី និងគយចល័ត ស្ទាក់ចាប់ទូកដឹកសាច់បង្កកជិត ២តោន
លោក កង អាណាន់ អភិបាលស្រុកអង្គរបូរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយមានការសហការពីការិយាល័យគយច្រកបាក់ដៃ កម្លាំងគយប្រចាំតំបន់ ២ និងសាខា ក.ប.ប ខេត្តតាកែវ ក្រោមការសម្របសម្រួលពីលោក ព្រះរាជអាជ្ញា ចុះបង្ក្រាបបទល្មើសនាំចូលផលិតផលសាច់បង្កក សាច់ក្រក ប្រហិតនឹងសាច់មាន់ដោយខុសច្បាប់នោះ ។
ជាលទ្ធផល ពេលត្រួតពិនិត្យមានសាច់បង្កកទាំងអស់សរុបចំនួន ៧០បាវ ស្មើនឹង ៣,៥០០គីឡូក្រាម ដែលគ្មានការវេចខ្ចប់ត្រឹមត្រូវតាមបច្ចេកទេស បណ្តាលឱ្យបាត់បង់គុណភាព និងអាចបង្កហានិភ័យដល់សុខភាពអ្នកប្រើប្រាស់ តាមគោលការណ៍ និងនីតិវិធី ក្រុមការងារបានអនុវត្តការដុតបំផ្លាញចោលទាំងស្រុង ។
គួរំលឹកថា ខែនេះជារដូវប្រាំងក្តៅហួតហែងហើយច្រកដែលអាចដឹកទំនិញចេញចូលស្រុកយួនបាន គឺមានតែដងស្ទឹងអង្គរបូរីទៅច្រកទ្វេភាគីតែមួយគត់ ហើយចំពោះឈ្មួញដឹកសាច់បង្កកតាមទូកចូលមកនេះគឺដឹកចូលពេលព្រឹកមិនមែនពេលយប់ឡើយ ដោយដឹកបើកឆ្លងកាត់ពីមុខប៉ុស្តិ៍ដែលប្រចាំការនៅច្រកទ្វេភាគីនេះច្រើនស្ថាប័ន ដែលគេសង្ស័យថា បើមិនមានការត្រូវរ៉ូវគ្នាទេ គឺឈ្មួញមិនអាចដឹកចូលមកបានឡើយ ។
តាមកត់សម្គាល់ច្រើនរាប់មិនអស់ទេ ដែលទំនិញដឹកឆ្លងកាត់ទីនេះបានដោយរលូននោះ ។ ល្មមដកគ្រវែងចោលខ្លះទៅបានទេ…លោកម្ចាស់ ?…ហេ! ហេ! ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕





ចែករំលែកព័តមាននេះ