ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភានេះ លោក យន់ សំណាងព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកពាមរក៍ ចុះវាស់វែងផ្ទះពលរដ្ឋចំនួន ១៣ខ្នង ដែលនៅជុំវិញផ្សារអ្នកលឿងចាស់ (ផ្សារក្រោម) ដើម្បីស្វែងរកចំណុចដែលប៉ះពាល់ជាមួយនឹងប្លង់ផ្សារ ហើយរកដំណោះស្រាយ ។
អាជ្ញាធរស្រុកពាមរក៍ បានឲ្យដឹងថា ដោយទទួលបានការឯកភាពពីអាជ្ញាធរខេត្ត ក្រុមហ៊ុនវិនិយោគផ្សារអ្នកលឿង បានធ្វើការជួសជុលកែលម្អផ្សារអ្នកលឿងចាស់ឡើងវិញ ដោយរៀបចំបង្កើតជាស្តង់លក់ដូរដែលមានប្លង់ជាលក្ខណៈស្តង់ដារ ងាយស្រួលសម្រាប់អាជីវករធ្វើការលក់ដូរ និងងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការចូលមកទិញទំនិញផ្សេងៗក្នុងផ្សារនេះដែរ។
អាជ្ញាធរស្រុកបានបញ្ជាក់ថា ក្នុងការរៀបចំផ្សារអ្នកលឿងចាស់នេះឡើងវិញ ក៏មានបញ្ហាបានចោទឡើងដោយប្រជាពលរដ្ឋមួយចំនួនដែលមានផ្ទះនៅជុំវិញនេះ បានតកន្ទុយផ្ទះប៉ះចូលមកលើប្លង់ផ្សារ ដូច្នេះហើយទើបក្រុមហ៊ុនវិនិយោគផ្សារ ស្នើសុំឲ្យមន្ត្រីជំនាញ និងអាជ្ញាធរជួយដោះស្រាយសម្របសម្រួល ដើម្បីកុំឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និងរាំងស្ទះដល់ការងារអភិវឌ្ឍ។
ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋដែលមានផ្ទះនៅជុំវិញផ្សារអ្នកលឿងចាស់នេះបានអះអាងថា ពួកគាត់បានធ្វើផ្ទះរស់នៅទីនេះរាប់សិបឆ្នាំមកហើយ សុខៗមកអភិវឌ្ឍន៍ជួសជុលកែលម្អផ្សារឡើងវិញ ហើយដេញឲ្យពួកគាត់កាត់រុះរើផ្ទះចោល ពួកគាត់មិនអាចទទួលយកបានទេ ។ ពួកគាត់ស្នើសុំឲ្យអាជ្ញាធរ ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ដោះស្រាយដោយឈរជំហរនៅកណ្ដាល ធ្វើយ៉ាងណាឱ្យភាគីទាំងពីរ គឺទាំងប្រជាពលរដ្ឋ និងក្រុមហ៊ុនវិនិយោគ អាចទទួលយកបានទាំងសងខាង ។
គួរបញ្ជាក់ផងដែរថា ទីប្រជុំជនអ្នកលឿងក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង មានផ្សារចំនួន ២ ដែលមានគម្លាតពីគ្នាចម្ងាយប្រហែល ១០០ម៉ែត្រ គឺផ្សារអ្នកលឿងចាស់ដែលនៅខាងក្រោម និងផ្សារអ្នកលឿងថ្មីដែលនៅជាប់ផ្លូវជាតិលេខ ១ ។
បច្ចុប្បន្ននៅលើផ្លូវបេតុងជុំវិញផ្សារអ្នកលឿងថ្មី មានអាជីវករលក់ដូរ ណែនណាន់តាន់តាប់ មិនអាចធ្វើចរាចរណ៍ចេញចូលបានទេ ។ ដើម្បីដោះស្រាយបញ្ហានេះ ទើបក្រុមហ៊ុនវិនិយោគផ្សារអ្នកលឿង (ក្រុមហ៊ុនគ្រប់គ្រងទាំង ២ផ្សារ) ជួសជុលកែលម្អផ្សារអ្នកលឿងចាស់ឡើងវិញ ដើម្បីប្រមូលក្រុមអាជីវករដែលលក់នៅតាមផ្លូវបេតុង ឲ្យចូលទៅលក់ក្នុងផ្សារចាស់វិញ ហើយបើកផ្លូវបេតុងនៅជុំវិញផ្សារថ្មីឲ្យធំទូលាយ អាចឱ្យរថយន្តតូចធំធ្វើចរាចរណ៍ឡើងវិញបាន ៕
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព








ចែករំលែកព័តមាននេះ