ទីក្រុងប៉ារីស៖ នាវាផ្ទុកយន្តហោះចម្បាំងរបស់ប្រទេសបារាំង រួមជាមួយក្រុមនាវិកបានធ្វើដំណើរឆ្លងកាត់ព្រែកជីកស៊ុយអេ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឆ្ពោះទៅកាន់សមុទ្រក្រហម និងឈូងសមុទ្រអាដែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសបារាំង និងអង់គ្លេស ក្នុងការត្រៀមលក្ខណៈសម្រាប់បេសកកម្មអន្តរជាតិនាពេលអនាគត ដើម្បីការពារសេរីភាពនាវាចរណ៍នៅក្នុងច្រកសមុទ្រ Hormuz ដែលកំពុងរងការរំខានយ៉ាងខ្លាំងដោយសារជម្លោះជាមួយអ៊ីរ៉ង់។ ក្រុមនាវាចម្បាំងបារាំងនេះ ត្រូវបានដាក់ពង្រាយនៅតំបន់មេឌីទែរ៉ាណេភាគខាងកើត តាំងពីក្រោយពេលសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ ហើយវាមានសមត្ថភាពអាចប្រតិបត្តិការនៅលើផ្ទៃសមុទ្របានរយៈពេលពី ៤ ទៅ ៥ ខែ។
ការចល័តកម្លាំងនេះកើតឡើងស្របពេលដែលពិភពលោកកំពុងបារម្ភពីសន្តិសុខថាមពល ដោយសារច្រកសមុទ្រ Hormuz គឺជាផ្លូវទឹកដ៏សំខាន់ដែលដឹកជញ្ជូនប្រេងជិតមួយភាគប្រាំនៃតម្រូវការសកល៕
ចែករំលែកព័តមាននេះ