កាលពីថ្ងៃទី១ សីហា កន្លងមក គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃបានផ្តល់ការអនុម័តលើសុពលភាពសមាជិកភាពសភាសម្រាប់លោកចាទុផន ព្រំផាន់ ជាមេដឹកនាំក្រុមអាវក្រហម ដ៏សំខាន់មួយរូបដោយសំឡេងឆ្នោត៤ទល់នឹង១ បើទោះបីជាប្រធានគណៈកម្មាធិការបោះឆ្នោតលោក Apichart Sukhagganond បោះឆ្នោតប្រឆាំងការផ្តល់ការអនុម័តនេះក៏ដោយ។
លោកចាទុផន ព្រំផាន់ ដែលស្ថិតក្នុងបញ្ជីឈ្មោះសមាជិកសភាដែរនោះ ប្រឈមមុខនឹងពាក្យបណ្តឹងជាច្រើនចោទប្រកាន់ថា លោកមិនមែនជាសមាជិករបស់គណបក្សភឿថៃទេ នៅពេលលោកដាក់ពាក្យសុំឈរឈ្មោះជាបេក្ខជនសមាជិកសភាសម្រាប់ការបោះឆ្នោតជាតិដែលរៀបចំឡើងកាលពីថ្ងៃទី៣ កក្កដា កន្លងមក ដោយសារលោកជាអ្នកទោស ហើយនៅជាប់ពន្ធនាគារនៅឡើយ ហេតុនេះធ្វើឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតស្ទាក់ស្ទើរក្នុងការផ្តល់ការអនុម័តលើសមាជិកភាពសភារបស់លោកក្រោយពីគណបក្សភឿថៃទទួលជ័យជម្នះក្នុងការបោះឆ្នោត។
លោកចាទុផន ត្រូវបានឃុំខ្លួននៅពន្ធនាគារក្នុងទីក្រុងបាងកក ពីបទចោទប្រកាន់ប្រមាថស្តេចទាក់ទងនឹងសុន្ទរកថារបស់លោកនៅកន្លែងប្រមូលផ្តុំរបស់ក្រុមអាវក្រហមកាលពីថ្ងៃទី១០ មេសា ឆ្នាំ២០១០ កន្លងមក ។ ក្រោយពីទទួលបានការអនុម័តលើសមាជិកភាពសភា ហើយនោះ មេធាវីរបស់លោកចាទុផន ត្រូវគេរំពឹងថា នឹងប្រើប្រាស់អភ័យឯកសិទ្ធិសភា ដើម្បីស្វះស្វែងរកការនៅក្រៅឃុំតាមរយៈការបង់ប្រាក់ធានាសម្រាប់កូនក្តីរបស់លោក ៕
ចែករំលែកព័តមាននេះ