រាជធានីភ្នំពេញ ៖ កោះសន្តិភាពបានធ្វើការចុះផ្សាយនៅលើគេហទំព័ររួចមកហើយ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នូវអត្ថបទមួយក្រោមចំណងជើងថា«ខ្ចីបានចេះតែខ្ចីបន្ត ពេលជំពាក់ដល់ ក លក់ផ្ទះប្ដូរទីលំនៅស្ងាត់ៗអត់សង» ។
ករណីនេះនៅមិនទាន់ចប់នោះទេ ដោយសារតែភាគីម្ចាស់បំណុលមិនទាន់ទទួលបានយុត្តិធម៌ ហើយភាគីកូនបំណុល មិនព្រមទទួលស្គាល់បំណុលទាំងអស់ដែលបានខ្ចីឡើយ គឺទទួលស្គាល់ថា បានជំពាក់ត្រឹមតែមួយចំនួនប៉ុណ្ណោះ ។ រហូតមកដល់វេលាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ កូនបំណុលបានណាត់ជួបអ្នកកាសែត១ក្រុមនៅក្នុងហាងកាហ្វេមួយកន្លែងជិតប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ពីសំណាក់ភាគីម្ចាស់បំណុល នោះ ។ ប៉ុន្តែមិនទាន់បានបំភ្លឺផង ស្រាប់តែម្ចាស់បំណុលដែលកំពុងតាមស្វែងរកយូរមកហើយនោះ តាមទៅដល់ល្មម ហើយភាគីទាំង២ មិនបានដោះស្រាយគ្នាតាមសន្តិវិធីនោះទេ ក៏បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃ ក ដាក់គ្នាទៅវិញទៅមកស្ទើរតែផ្ទុះអំពើហិង្សាវាយតប់គ្នាទៅហើយ ។ រីឯកូនស្រីរបស់ខាងភាគីកូនបំណុលដែលទើបតែមានអាយុមិនដល់២០ឆ្នាំផង បានប្រើពាក្យសម្ដីអសុរសដាក់ម្ចាស់បំណុល ដែលបានធ្វើឲ្យម្ចាស់បំណុលកាន់តែមានការឈឺចាប់ខ្លាំងឡើងថែមទៀតផង ។
ស្ត្រីដែលជាម្ចាស់បំណុលឈ្មោះញ៉ែម សួរ អាយុ៥៣ឆ្នាំ មុខរបរលក់សាច់ជ្រូកនៅម្ដុំសួនកុមារពោធិ៍ចិនតុង មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១១E ផ្លូវលេខ២០០៥ ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ដោយឡែកស្ត្រីដែលជាកូនបំណុលខាងលើឈ្មោះហ៊ូ បុប្ផាភួង អាយុ៥៥ឆ្នាំ មុខរបរលក់ខោអាវជជុះនៅផ្សារស៊ិនជូរីផ្លាហ្សា កាន់អត្តសញ្ញាណប័ណ្ណលេខ 010155659 ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ។ នៅក្នុងកិច្ចសន្យាខ្ចីប្រាក់មានទីលំនៅលេខ៧៥អឺ២ ផ្លូវលេខ៥៣ ភូមិ៣ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប៉ុន្តែក៏នៅមានទីលំនៅបច្ចុប្បន្នមួយទៀតផ្ទះលេខ០៩ ផ្លូវលេខ២០០៥B បុរីពិភពថ្មី ភូមិដីថ្ម សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយឮថាផ្ទះទី២នោះ បានលក់បាត់ហើយ និងកំពុងរត់ការផ្ទេរសិទ្ធិ ។
នៅពេលតាមរកឃើញកូនបំណុលនៅក្នុងហាងកាហ្វេនោះ ស្ត្រីជាម្ចាស់បំណុលបានទាមទារឲ្យកូនបំណុលសងប្រាក់ដែលបានខ្ចីពីគាត់ផ្ទាល់ចំនួន៤៨លានរៀល ដោយបានធ្វើកិច្ចសន្យាជាលាយលក្ខអក្សរជាមួយគ្នាត្រឹមត្រូវ ចំណែកប្រាក់៩ពាន់ដុល្លារទៀតខ្ចីពីប្ដីគាត់និងយកទៅឲ្យដល់ផ្ទះទៀត មិនបានធ្វើកិច្ចសន្យានោះទេ ប៉ុន្តែមានសាក្សីដឹងឮ ។ ខណៈនោះខាងភាគីកូនបំណុលបានបដិសេធន៍មិនព្រមសងឡើយ ដោយគាត់និយាយថា គាត់បានចងការប្រាក់ពីម្ចាស់បំណុលហើយគាត់បានសងជាហូរហែមកហើយ រីឯប្រាក់ដែលគាត់ជំពាក់នោះតែចំនួន១៦លានរៀលប៉ុណ្ណោះ មិនដល់៤៨លានរៀលនោះទេ ហើយក៏ពុំបានបានខ្ចីចំនួន៩ពាន់ដុល្លារអីនោះដែរ ។ ដោយសារតែកូនបំណុលប្រកែកបែបនេះ ម្ចាស់បំណុលក៏បានហៅប្ដីគាត់ឲ្យមកនិយាយតទល់គ្នាទៀត ក៏នៅតែកូនបំណុលប្រកែកថាមិនបានខ្ចីដដែល ហើយព្រោះតែមានការលើកឡើងខុសគ្នាបែបនេះ ទើបមិនអាចដោះស្រាយគ្នាបាន ។ រហូតធ្វើឲ្យភាគីទាំង២បានឈានដល់ការឈ្លោះប្រកែកគ្នាបែកផ្សែង ហើយម្ចាស់បំណុលបានត្រឹមតែស្រែកថា អំពើល្អចិត្តល្អបស់គាត់ និងប្ដីទទួលបានផលអយុត្តិធម៌គួរឲ្យឈឺចាប់បំផុត ។
ក្រោយពីកើតរឿងបែបនេះនៅក្នុងហាងកាហ្វេរបស់ខ្លួន ហើយខ្លាចក្លាយជាអំពើហិង្សាវាយតប់គ្នាកើតឡើងផងនោះ ម្ចាស់ហាងកាហ្វេក៏បានខលរាយការណ៍ជូននគរបាលឲ្យជួយអន្តរាគមន៍ ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ បានចេញទៅកាន់កន្លែងកើតហេតុភ្លាមៗដែរ ។ ពេលទៅដល់នគរបាលបានឃាត់ភាគីទាំង២កុំឲ្យឈ្លោះប្រកែកគ្នានិងសុំឲ្យមានការស្ងប់ស្ងាត់ ហើយដោយសារតែរឿងនេះ មានពាក្យបណ្ដឹងខាងម្ចាស់បំណុលស្រាប់ផងនោះ នគរបាលក៏នាំភាគីទាំង២ទៅដោះស្រាយគ្នានោះប៉ុស្តិ៍ ។
ពេលទៅដល់ប៉ុស្តិ៍នគរបាលបានសួរនាំភាគីកូនបំណុលទៅតាមអ្វីដែលខាងភាគីម្ចាស់បំណុលអះអាងនៅក្នុងពាក្យបណ្ដឹង ប៉ុន្តែស្ត្រីជាកូនបំណុលនៅតែបដិសេធន៍ថាគាត់មិនបានខ្ចីប្រាក់ច្រើនដល់ទៅចំនួន៤៨លានរៀលនិង៩ពាន់ដុល្លារនោះទេ ប្រាក់ដែលគាត់ខ្ចីតែចំនួន១៦លានរៀលប៉ុណ្ណោះ លើសពីនេះគាត់មិនទទួលស្គាល់ទេ ។ ដោយសារតែមិនអាចដោះស្រាយបញ្ចប់រឿងវិវាទនោះបាន ទើបនគរបាលប៉ុស្តិ៍កាកាបទី១ សម្រេចចិត្តបញ្ជូនសំណុំរឿងនេះទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែនគរបាលមិនបានឃាត់ខ្លួនស្ត្រីជាកូនបំណុលនោះឡើយ ។
សូមរម្លឹកផងដែរថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ស្ត្រីជាម្ចាស់បំណុលរូបនោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីឲ្យនគរបាលជួយអន្តរាគមន៍ ក្រោយពីគាត់ទៅទារប្រាក់ពីស្ត្រីជាកូនបំណុលខាងលើដល់ផ្ទះលេខ០៩ ផ្លូវលេខ២០០៥B បុរីពិភពថ្មី ភូមិដីថ្ម សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ស្រាប់តែមានគេខ្សឹបប្រាប់ថា ស្ត្រីជាកូនបំណុលឈ្មោះហ៊ូ បុប្ផាភួង នោះបានលួចជញ្ជូនអីវាន់និងសម្ភារៈផ្សេងៗចេញពីផ្ទះតាមទ្វារក្រោយអស់ហើយ បន្ទាប់ពីលក់ផ្ទះឲ្យអ្នកផ្សេងប្ដូរទីលំនៅថ្មី គេចវេសមិនសងបំណុលគាត់ និងដើម្បីកុំឲ្យគាត់រកឃើញតាមទារបំណុលទៀត ។ គ្រាន់តែបានឮនិងដឹងរឿងនេះភ្លាម បានធ្វើឲ្យគាត់ភ្ញាក់ផ្អើល និងភ្ញាក់ខ្លួនព្រើតដូចខ្មោច៧ថ្ងៃ ព្រោះដឹងថាចាញ់បោកកូនបំណុលរូបនោះ និងមិននឹកស្មានថា គាត់ខំអាណិតឲ្យខ្ចីប្រាក់ទៅរកស៊ី បែរជាត្រូវកូនបំណុលខាងលើរំលោភលើទំនុកចិត្តគាត់បែបនេះទៅវិញ ។
ម្ចាស់បំណុលខាងលើបាននិយាយថា រូបគាត់និងស្ត្រីឈ្មោះហ៊ូ បុប្ផាភួង នោះជាមនុស្សស្គាល់គ្នា និងរាប់អានគ្នាជិតស្និទ្ធ ហើយកូនបំណុលរូបនោះបានខ្ចីប្រាក់គាត់តាំងពីអំឡុងឆ្នាំ២០២៤ រហូតមកដល់ឆ្នាំ២០២៦នេះច្រើនដំណាក់កាល ។ នៅក្នុង១ដំណាក់កាលៗខ្ចីចាប់ពី១លានរៀល រហូតដល់២៥លានរៀល ហើយសរុបប្រាក់ដែលបានខ្ចីពីគាត់ផ្ទាល់មានកិច្ចសន្យាជាលាយលក្ខអក្សរជាមួយគ្នា និងមានស្នាមផ្ដិតមេដៃត្រឹមត្រូវចំនួន៤៨លានរៀល និងខ្ចីពីប្ដីរបស់គាត់ដែលមិនបានធ្វើកិច្ចសន្យាចំនួន៩ពាន់ដុល្លារអាមេរិក ប៉ុន្តែក៏មានសាក្សីដឹងឮច្រើននាក់ផងដែរ ។
អ្នកស្រីញ៉ែម សួរ បាននិយាយបន្តទៀតថា ការឲ្យខ្ចីនោះគាត់មិនបានគិតការប្រាក់ពីកូនបំណុលឈ្មោះ ហ៊ូបុប្ផាភួងនោះសូម្បីតែ១កាក់១សេននោះទេ ព្រោះតែគាត់មានការទុកចិត្ត និងអាណិតស្រលាញ់ ក៏ឲ្យខ្ចីទៅរកស៊ីដោយគ្រាន់តែតម្រូវឲ្យសងវិញតែប្រាក់ដើមមកវិញជារៀងរាល់ខែតាមកិច្ចសន្យាប៉ុណ្ណោះ ។ ក្នុងនោះប្រាក់កម្ចីចំនួន១លានរៀលតម្រូវឲ្យសងតែប្រាក់ដើមវិញក្នុង១ថ្ងៃ៣ម៉ឺនរៀល និងសងដាច់រយៈពេល៣៣ថ្ងៃ ,ប្រាក់កម្ចី៨លានរៀល តម្រូវឲ្យសងតែប្រាក់ដើមវិញក្នុង១ថ្ងៃ២៤ម៉ឺនរៀលនិងសងដាច់រយៈពេល៣៣ថ្ងៃ ។ ប្រាក់កម្ចី១០លានរៀលតម្រូវឲ្យសងតែប្រាក់ដើមវិញក្នុង១ថ្ងៃ៤ម៉ឺនរៀលនិងសងដាច់រយៈពេល២៥០ថ្ងៃ ហើយប្រាក់កម្ចីចំនួន២៥លានរៀលតម្រូវឲ្យសងតែដើមវិញក្នុង១ថ្ងៃ១០ម៉ឺនរៀលនិងសងដាច់រយៈពេល២៥០ថ្ងៃជាដើម ។
ស្ត្រីរូបនោះបាននិយាយបន្ថែមទៀតថា ទង្វើល្អរបស់គាត់និងប្ដីនេះទទួលបានការតបស្នងមកវិញគឺការរំលោភលើទំនុកចិត្ត(ឆបោក) ពីសំណាក់ស្ត្រីឈ្មោះហ៊ូ បុប្ផាភួង នោះទៅវិញ ពិតជាធ្វើឲ្យគាត់ឈឺចាប់ខ្លាំងណាស់ ។ គាត់បានព្យាយាមទារប្រាក់ពីកូនបំណុលនោះតាមកិច្ចសន្យាវិញជាបន្តបន្ទាប់ដែរ ទោះបីជាជួបគ្នានៅផ្សារ ឬនៅកន្លែងណាក៏ដោយក៏គាត់ទារបំណុលរហូត ប៉ុន្តែបុគ្គលនោះបានគេចវេសមិនព្រមសងវិញសោះ ។ គាត់បានស្វែងរកកូនបំណុលនោះដើម្បីជួបដោះស្រាយគ្នាច្រើនថ្ងៃមកហើយ ប៉ុន្តែមិនដែលជួបសោះ រហូតដល់វេលាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ស្រាប់តែឃើញស្ត្រីឈ្មោះហ៊ូ បុប្ផាភួង នោះនិងកូនស្រីជិះម៉ូតូទៅហាងកាហ្វេនៅជិតប៉ុស្តិ៍កាកាបទី១ គាត់ក៏ទៅតាមជួបដើម្បីដោះស្រាយក្នា ហើយក៏ឈានដល់ការឈ្លោះប្រកែកគ្នាតែម្ដង ៕












ចែករំលែកព័តមាននេះ