នាំគ្នាមកលេងខេត្តសៀមរាប ស្រាប់តែស្ត្រីម្នាក់ វង្វេងផ្លូវរអិលធ្លាក់ពីលើផ្ទាំងថ្មភ្នំគូលែន បាត់ខ្លួន ៣ថ្ងៃ រកឃើញយ៉ាងរន្ធ.ត់
- សៀមរាប
ខេត្តសៀមរាប ៖ ស្ត្រីម្នាក់នាំក្រុមគ្រួសារ បងប្អូន អ្នកជិតខាង មកដើរលេងក្នុងខេត្តសៀមរាប រយៈពេល ៥ ថ្ងៃ ខណៈពេលនោះក៏បបួលគ្នាឡើងលើខ្នងភ្នំគូលែន ក៏វង្វេងផ្លូវម្នាក់ឯងរអិលជើងធ្លាក់ពីលើថ្មព្រះអង្គជប់ភ្នំគូលែន កំពស់ ៥០ម៉ែត្រ បណ្ដាលឱ្យស្លាប់ភ្លាមៗ ។ ហេតុការណ៍ប្រទះឃើញសពស្ត្រីម្នាក់ដែលធ្លាក់ពីលើភ្នំគូលែន (ព្រះអង្គជប់) បណ្តាលឱ្យស្លាប់នោះ បានកើតឡើងនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៦ នៅវេលាម៉ោង ៥ និង ៣០នាទីល្ងាច នៅចំណុចវត្ដព្រះអង្គជប់ ស្ថិតក្នុងភូមិតាហាន ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។
បើតាមប្រសាសន៍របស់ លោក អៀង ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកស្វាយលើ បានប្រាប់ ភ្នាក់ងារ កោះសន្តិភាព ឱ្យដឹងនៅល្ងាចថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦ នេះថា សាកសពស្ត្រីរងគ្រោះ
ឈ្មោះ ពេជ្រ ដារ៉ា ភេទស្រី អាយុ ៥៤ ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នក្នុងភូមិគោកពេញ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
តាមការបំភ្លឺរបស់អ្នករួមដំណើរឈ្មោះ លត ទ្រី ភេទប្រុស អាយុ ៦៥ ឆ្នាំ មានទីលំនៅបច្ចុប្បន្នជាមួយជនរងគ្រោះ បានឱ្យដឹងថា ៖ នៅមុនពេលកើតហេតុ គាត់ និងអ្នកឯទៀតមានគ្នាសរុបចំនួន ១០នាក់ បាននាំគ្នាជិះឡានមកលេងខេត្ដសៀមរាប កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ ពេលមកដល់ខេត្ដសៀមរាប បានទៅលេងម្ដុំបរិវេណប្រាសាទអង្គរវត្ដហើយបានសម្រាកនៅក្រុងសៀមរាប ចំនួន ១យប់ លុះព្រឹកឡើងថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ ពួកគាត់បានទៅលេងភ្នំគូលែន ដោយសារតែឡានខូចគាត់ និងអ្នករួមដំណើរបានសម្រាកនៅវត្ដព្រះអង្គធំចំនួន ១ យប់ លុះមកដល់ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ១រសៀល ស្រាប់តែបាត់ស្ត្រីរងគ្រោះ មិនដឹងទៅណា ។
តាមប្រភពដដែលបានបន្តថា រូបគាត់ និងអ្នករួមដំណើរបាននាំគ្នាស្វែងរក និងសាកសួរអ្នកភូមិក្បែរនោះរហូតដល់ម៉ោង ៦ និង ៣០នាទីយប់ ទើបដឹងដំណឹងថា ស្ត្រីរងគ្រោះបានជិះម៉ូតូឌុបទៅវត្ដព្រះអង្គជប់ ។ បន្ទាប់មកគាត់ និង ឈ្មោះ ប៉ាត លង ភេទស្រី រស់នៅភូមិឃុំជាមួយគ្នា បានតាមទៅរកដល់វត្ដព្រះអង្គជប់ និងបានសាកសួរដូនជីនៅទីនោះបានប្រាប់ថា ឃើញស្ត្រីរងគ្រោះ មកលេងវត្ដព្រះអង្គជប់តែម្នាក់ឯង ដោយស្ថានភាពយប់ជ្រៅក៍ត្រឡប់ទៅសម្រាកនៅវត្ដព្រអង្គធំវិញ លុះមកដល់ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៦ រូបគាត់ ក៍បាននាំអ្នករួមដំណើរទាំងអស់មកជួយរកដោយបានពឹងសមត្ថកិច្ច និងប្រជាការពារឱ្យជួយរកផង រហូតដល់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ១៧ និង ៣០នាទីល្ងាចទើបរកឃើញ តែស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ បន្ទាប់មកក៍បានរាយការណ៍ជូនសមត្ថកិច្ច នៅលើខ្នងភ្នំគូលែន ។
លោកបញ្ជាក់ថា បើតាមការពិនិត្យសាកសពនៅនឹងកន្លែងកើតហេតុ ដោយបានបង្កើតគណៈកម្មការ ក្នុងនោះមានលោកមេភូមិ លោកមេឃុំ ប្រធានមណ្ឌលសុខភាពខ្នងភ្នំ បានសន្និដ្ឋានថា នៅលើចិញ្ចើមផ្នែកខាងស្ដាំស្នាមបែកលលាដ៍ក្បាលដែលធ្លាក់ប៉ះទង្គិចទៅនឹងវត្ថុរឹង នៅលើមុខជនរងគ្រោះសភាពស្អុយរលួយ ដងខ្លួនមានស្នាមជាំជំវិញខ្លួនដែលប៉ះទង្គិចនឹងវត្ថុរឹង ផងដែរ ។ នៅលើដៃជនរងគ្រោះមានស្នាមហើមស្អុយរលួយទាំងសងខាង នៅលើជើងជនរងគ្រោះមានស្នាមហើមជាំនៅលើភ្លៅផ្នែកខាងមុខទាំងសងខាង ។
តាមការពិនិត្យវិភាគកន្លែងកើតហេតុរបស់កម្លាំងជំនាញ ព្រមទាំងការបំភ្លឺពីសាក្សីនៅកន្លែងកើតហេតុ ការពិនិត្យរបស់ប្រធានមណ្ឌលសុខភាពខ្នងភ្នំ សន្និដ្ឋានថា សពស្លាប់ដោយសារវង្វេងផ្លូវ រអិលជើងធ្លាក់ពីលើថ្មកំពស់ ៥០ម៉ែត្របណ្ដាលឱ្យស្លាប់ ។
លោកបញ្ជាក់ទៀតថា បើតាមការបញ្ជាក់ពីកូនស្រីរបស់ស្ត្រីរងគ្រោះឈ្មោះ ជា លីណែត ភេទស្រី អាយុ២៨ឆ្នាំ ជាគ្រូពេទ្យ បានបញ្ជាក់ថា ម្ដាយរបស់នាងមានជំងឺសរសៃប្រាសាទប្រចាំកាយជាច្រើនឆ្នាំ ហើយពុំមានការសង្ស័យឬចោទប្រកាន់ទៅលើបុគ្គលណាឡើយ ហើយក៍ពុំបានដាក់បណ្ដឹងទៅស្ថាប័នណាទៀតដែរ ។
បច្ចុប្បន្ន នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ កម្មាំង យើងបានប្រគល់សាកសពស្ត្រីរងគ្រោះ ដោយមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ ប្រធានមណ្ឌលសុខភាពខ្នងភ្នំ ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតទីរួមខេត្ដកំពង់ឆ្នាំងវិញ ៕







ចែករំលែកព័តមាននេះ