សង្គ្រាមអ៉ីរ៉ង់ ៖ ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម ប្រកាសថា រងការវាយប្រហារជាច្រើនរបស់អ៉ីរ៉ង់ កាលពីថ្ងៃទី៤ ឧសភា ជាថ្ងៃដំបូងនៃប្រតិបត្តិការរបស់អាមេរិក សំដៅស្ដារឡើងវិញចរាចរណ៍របស់បណ្ដានាវាកាត់ច្រកសមុទ្រហ័រមូស ។ ក្នុងការវាយប្រហារទាំងនេះ ជាលើកដំបូងសំដៅលើទីតាំងស៊ីវិលរបស់ប្រទេសមួយនៅតំបន់ឈូងសមុទ្រពែរ្ស៍ ធ្វើឲ្យផុយស្រួយដល់បទឈប់បាញ់គ្នាដែលមានជាធរមានចាប់តាំងពីថ្ងៃទី៨ មេសា មក និងនាំឲ្យទីផ្សារប្រេងមានការបារម្ភ ខណៈតម្លៃប្រេងចាប់ហក់ឡើងខ្លាំងជាថ្មីទៀតដល់ជាង១១៣ដុល្លារក្នុង១ធុង ។
Fire and plumes of smoke rise from an oil facility in Fujairah, United Arab Emirates, Saturday, March 14, 2026. (AP Photo/Altaf Qadri)/AQX108/26073429527349//2603141307 តាំងពីចាប់ផ្ដើមសង្គ្រាមរបស់អាមេរិក និងអ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់ពីថ្ងៃទី២៨ កុម្ភៈ មក បណ្ដាលឲ្យមនុស្សស្លាប់ច្រើនពាន់នាក់ ពិសេសនៅអ៉ីរ៉ង់និងលីបង់ ក្រុងតេហេរ៉ង់បានត្រួតត្រា និងបិទខ្ទប់ច្រកសមុទ្រហ័រមូស ជាច្រកដឹកប្រេងឆ្លងកាត់សំខាន់មួយ។ តាមអ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់របស់ទីភា្នក់ងារសន្តិសុខសមុទ្រអង់គ្លេស UKMTO ថា មាននាវិកប្រមាណជា២០.០០០នាក់ ជាប់នៅជាមួយនាវារបស់ពួកគេ នៅមាត់ច្រកសមុទ្រសំខាន់នោះ ។
ទីតាំងប្រេង FUJAIRAH ជាទីតាំងប្រេងសំខាន់ក្នុងតំបន់មួយ ដែលអាចចេញចូលបានដោយមិនបាច់ឆ្លងកាត់ច្រកសមុទ្រហ៍រមូស រងការវាយប្រហារដោយដ្រូន១គ្រឿងរបស់អ៉ីរ៉ង់ បណ្ដាលឲ្យមានភ្លើងឆាបឆេះ ។ ជនជាតិឥណ្ឌា៣នាក់ រងរបួសធ្ងន់គួរសមដោយសារការវាយប្រហារនោះ។ អេមីរ៉ាត់អារ៉ាប់រួមក៏ប្រកាសផងដែរថា រងការវាយប្រហារដោយមីស៊ីលបណ្ដែត៤គ្រាប់ បាញ់ចេញមកពីអ៉ីរ៉ង់ ក្នុងនោះ៣គ្រាប់ត្រូវបានស្ទាក់កម្ទេចហើយ១គ្រាប់ទៀតធ្លាក់ក្នុងសមុទ្រ។ ក្រសួងការពារប្រទេសអារ៉ាប់រួមក៏ប្រកាសផងដែរថា នាវាដឹកប្រេងមួយគ្រឿងរបស់ក្រុមហ៊ុនប្រេងជាតិADNO ក៏រងការវាយប្រហារដែរដោយដ្រូនអ៉ីរ៉ង់២គ្រឿង។
ក្រសួងការបរទេសអារ៉ាប់រួមបានបរិហារថា នោះជាការបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់ ដោយគូសបញ្ជាក់ថា ប្រទេសខ្លួនរក្សាសិទ្ធិតបតវិញ។ មានការបកស្រាយខុសគ្នាពីការវាយប្រហារនោះ ដោយទូរទស្សន៍រដ្ឋអ៉ីរ៉ង់អះអាងថា អ៉ីរ៉ង់គ្មានគម្រោងណាមួយវាយប្រហារលើអេមីរ៉ាត់អារ៉ាប់រួមឡើយ។ មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់និយាយថា នោះជាផលវិបាកនៃការផ្សងប្រេងខាងយោធារបស់អាមេរិក។ បែបនោះចង់និយាយយោងដល់ប្រតិបត្តិការរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំសំដៅអមការពារបណ្ដានាវាដែលជាប់គាំង ឲ្យឆ្លងច្រកសមុទ្រហ័រមូស។ ម្យ៉ាងវិញទៀតនៅអូ ម៉ង់មនុស្ស២នាក់រងរបួសក្នុងការវវាយប្រហារអគារស្នាក់នៅមួយ ក្នុងទីក្រុងប៊ូខាជាប់ច្រកសមុទ្រហ័រមូស។
អ៉ីរ៉ង់បានបង្កើតច្បាប់សម្រាប់ការឆ្លងកាត់ច្រកសមុទ្រហ័រមូស និងបានព្រមានអាមេរិកប្រឆាំងរាល់អន្តរាគមន៍ក្នុងផ្លូវសមុទ្រយុទ្ធសាស្ត្រនោះ។ អ៉ីរ៉ង់ថាប្រសិនបើអាមេរិកមានបំណងមកក្បែរ ឬចូលក្នុងច្រកសមុទ្រនេះ នឹងជាគោលដៅនៃការវាយប្រហារ។ នោះជាការព្រមានរបស់ឧត្ដមសេនីយ អាលីអាប់ឌូលឡាហ៊ី អគ្គមេបញ្ជាការកងទ័ពអ៉ីរ៉ង់។ យោងតាមទីបញ្ជាការដ្ឋានកណ្ដាលរបស់កងទ័ពអាមេរិកនៅមជ្ឈឹមបូព៌ាថា នាវា២គ្រឿងដោតទង់ជាតិអាមេរិក បានឆ្លងកាត់ច្រកសមុទ្រនេះដោយជោគជ័យ ។
កងទ័ពអាមេរិកបានកម្ទេចនាវាអ៉ីរ៉ង់៦គ្រឿង និងស្ទាក់កម្ទេចដ្រូននិងមីស៊ីលអ៉ីរ៉ង់ដែលវាយប្រហារ បណ្ដានាវាចម្បាំងអាមេរិកនិងនាវាពាណិជ្ជកម្ម។ ក្រុងតេហេរ៉ង់បានបដិសេធការអះអាងដែលថា មានបណ្ដានាវាពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រហ័រមូស និងព័ត៌មានដែលថា អាមេរិកបានកម្ទេចបណ្ដានាវាអ៉ីរ៉ង់។ ចំណែកអាជ្ញាធរកូរ៉េខាងត្បូងវិញ រាយការណ៍ពីការផ្ទុះមួយនិងមានភ្លើងឆេះនាវាកូរ៉េខាងត្បូងមួយគ្រឿងនៅច្រកសមុទ្រហ័រមូស។
ប្រធានាធិបតីអាមេរិកប្រកាសថា ចាប់ពីថ្ងៃទី៤ ឧសភា ទៅអាមេរិកបើកធ្វើប្រតិបត្តិការមួយមានឈ្មោះថាប្រតិបត្តិការគម្រោងសេរីភាព ក្នុងគោលបំណងស្ដារឡើងវិញចរាចរណ៍កាត់ច្រកសមុទ្រហ័រមូស។ ប្រតិបត្តិការនេះគឺអមការពារ បណ្ដានាវារបស់ប្រទេសទី៣ ដែលជាប់គាំងនៅច្រក សមុទ្រហ័រមូស។ លោកលើកឡើងថានាវាទាំងនោះសុទ្ធតែជារបស់ប្រទេស ដែលមិនចូលរួមក្នុងជម្លោះកំពុងកើតមានជាមួយអ៉ីរ៉ង់ ។ សហគ្រាសឯកទេសក្នុងការតាមដាននាវាចរណ៍តាមសមុទ្រAXSMARINE គូសបញ្ជាក់ថា ចំនួននាវាពាណិជ្ជកម្មគ្រប់ប្រភេទដែលជាប់គាំងនៅឈូងសមុទ្រពែរ្ស៍ មានដល់៩១៣គ្រឿងគិតត្រឹមថ្ងៃទី២៩ មេសា។
ប៉ុន្មានម៉ោងបន្ទាប់ពីការចាប់ផ្ដើមប្រតិបត្តិការរបស់អាមេរិកនោះ កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ប្រកាសថា បានវាយប្រហារនាវាចម្បាំងអាមេរិកមួយគ្រឿង ដែលធ្វើមិនដឹងមិនឮចំពោះការព្រមាន។ មី ស៊ីល២គ្រាប់បានវាយប្រហារនាវានោះនៅក្បែរកោះJASK តែកងទ័ពអាមេរិកនៅមជ្ឈឹមបូព៌ាបានបដិសេធថា ពុំមាននាវាចម្បាំងអាមេរិកណាមួយរងគ្រាប់មីស៊ីលឡើយ ៕
ចែករំលែកព័តមាននេះ