សង្គ្រាមអ៊ុយក្រែន ៖ រុស្ស៊ីប្រកាសពីបទឈប់បាញ់គ្នាជាឯកតោភាគីមួយជាមួយអ៊ុយក្រែន រវាងថ្ងៃទី៨និងទី៩ ឧសភា ក្នុងឱកាសនៃការប្រារព្ធធ្វើនៅក្រុងមូស្កូទិវាជ័យជម្នះលើពួកណាហ្ស៊ីអាល្លឺម៉ង់ឆ្នាំ១៩៤៥ ដោយគំរាមវាយប្រហារមីស៊ីលទ្រង់ទ្រាយធំមួយលើក្រុងគៀវប្រសិនបើអ៊ុយក្រែនរំលោភបំពានបទឈប់បាញ់គ្នានោះ ។

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន បានស្នើបទឈប់បាញ់គ្នានោះ កាលពីសប្ដាហ៍មុន ក្នុងឱកាសនៃការសន្ទនាគ្នាតាមទូរស័ព្ទជាមួយសមភាគីអាមេរិកលោកដូណាល់ត្រាំ។ ក្រសួងការពារប្រទេសរុស្ស៊ីក្នុងសារមួយគូសបញ្ជាក់ថា យោងតាមការសម្រេចរបស់ប្រមុខជាន់ខ្ពស់នៃកងទ័ព
រុស្ស៊ីលោកពូទីន បទឈប់បាញ់គ្នាមួយត្រូវបានប្រកាសសម្រាប់ថ្ងៃទី៨ និងទី៩ ឧសភា ។
យើងសង្ឃឹមថា ភាគីអ៊ុយក្រែននឹងធ្វើដូចគ្នានេះដែរ។ ប្រសិនបើក្រុងគៀវប៉ុនប៉ងធ្វើឲ្យស្ទះដល់ការប្រារព្ធខួបលើកទី៨១នៃជ័យជម្នះលើពួកណាហ្ស៊ីនោះកងទ័ពរុស្ស៊ីនឹងធ្វើការវាយប្រហារដ៏ធំមួយ ដោយគ្រាប់មីស៊ីលជាការសងសឹក លើកណ្ដាលក្រុងគៀវ ។
ក្នុងករណីនោះបណ្ដាជនស៊ីវិលព្រមទាំងបណ្ដាតំណាងការទូតបរទេសត្រូវចាកចេញពីរដ្ឋធានីអ៊ុយក្រែនឲ្យទាន់ពេលវេលា ។ ចំណែកក្នុងសារមួយចេញផ្សាយកាលពីយប់ថ្ងៃទី៤ ឧសភា ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានប្រកាសពីបទឈប់គ្នាមួយរបស់អ៊ុយក្រែនដែរ ដែលនឹងអនុវត្តមុនបទឈប់បាញ់គ្នារបស់រុស្ស៊ី ។
លោកអះអាងថា បទឈប់បាញ់គ្នារបស់រុស្ស៊ី មិនត្រូវបានជូនដំណឹងជាផ្លូវការជាមុនប្រាប់ដល់ក្រុងគៀវ ។ លោកហ្សេឡេនស្គីលើកឡើងថា ជីវិតមនុស្សមានតម្លៃមិនអាចប្រៀបផ្ទឹមបានទៅនឹងរាល់ពិធី។ ហេតុនេះហើយបានជាយើងប្រកាសបទឈប់បាញ់គ្នាចាប់ពីម៉ោងសូន្យពាក់កណ្ដាលអាធ្រាតថ្ងៃទី៥ដល់ថ្ងៃទី៦ឧសភា។
ក្រសួងការពារប្រទេសរុស្ស៊ីគូសបញ្ជាក់កាលពីសប្ដាហ៍មុនថា ពុំមានសម្ភារយោធាណាមួយត្រូវបានបង្ហាញឡើយ ក្នុងឱកាសព្យុហយាត្រាយោធាប្រចាំឆ្នាំក្នុងឆ្នាំនេះ ព្រោះខ្លាចការវាយប្រហាររបស់ដ្រូនរយៈឆ្ងាយអ៊ុយក្រែន ៕
ចែករំលែកព័តមាននេះ