ទីក្រុងតេហេរ៉ង់៖ ស្ថានការណ៍នៅមជ្ឈិមបូព៌ាបានធ្លាក់ក្នុងសភាពតានតឹងបំផុត បន្ទាប់ពីសហរដ្ឋអាម៉េរិកបានចាប់ផ្តើមប្រតិបត្តិការ “គម្រោងសេរីភាព” ដើម្បីបង្ខំបើកច្រកសមុទ្រ Hormuz សម្រាប់នាវាពាណិជ្ជកម្មឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី៥ ខែឧសភានេះ។
នៅក្នុងថ្ងៃដំបូងនៃប្រតិបត្តិការនេះ កងទ័ពអាម៉េរិកបានបាញ់ប្រហារលើកងកម្លាំងអ៊ីរ៉ង់ និងវាយកម្ទេចទូកតូចៗចំនួន ៦ គ្រឿង ដែលព្យាយាមរារាំងការធ្វើដំណើររបស់នាវា។ ទោះជាយ៉ាងណា ភាគីអ៊ីរ៉ង់បានបដិសេធ និងអះអាងថាអាម៉េរិកបានបាញ់លើទូកស៊ីវិលបណ្តាលឱ្យមនុស្ស ៥ នាក់ស្លាប់ទៅវិញ។ ស្របពេលជាមួយគ្នានេះ ទីបញ្ជាការកណ្តាលរបស់អ៊ីរ៉ង់បានចេញការព្រមានជាចុងក្រោយថា ខ្លួននឹងវាយប្រហារលើរាល់កងទ័ពបរទេស ជាពិសេស “កងទ័ពឈ្លានពានអាម៉េរិក” ប្រសិនបើហ៊ានចូលក្នុងច្រកសមុទ្រនេះ។
ការប៉ះទង្គិចនេះបានកើតឡើងស្របពេលដែលអារ៉ាប់រួមបានចោទប្រកាន់អ៊ីរ៉ង់ថាបានបាញ់មីស៊ីល និងដ្រូនវាយប្រហារលើនាវាដឹកប្រេងរបស់ខ្លួន ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងសន្តិសុខថាមពលសកល។
បច្ចុប្បន្ន ពិភពលោកកំពុងតាមដានយ៉ាងដិតដល់ ខណៈដែលបាតុករក្នុងទីក្រុងតេហេរ៉ង់បានលើកបដាប្រកាសថានឹងបិទច្រកសមុទ្រនេះជារៀងរហូត ដើម្បីឆ្លើយតបនឹងការដាក់សម្ពាធពីសំណាក់ទីក្រុងវ៉ាស៊ីនតោន៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ