ទីក្រុងកៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានប្រកាសថា សំណើបទឈប់បាញ់របស់អ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ីគឺជាសំណើដ៏ម៉ឺងម៉ាត់មួយដើម្បីបញ្ចប់វិបត្តិ និងងាកទៅរកកិច្ចការទូតវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី៥ ខែឧសភានេះ។
លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា សន្តិភាពមិនអាចរង់ចាំរហូតដល់មានការប្រារព្ធពិធីព្យុហយាត្រានានានោះទេ ហើយប្រសិនបើទីក្រុងមូស្គូពិតជាមានឆន្ទៈបញ្ចប់អរិភាពមែននោះ គឺអាចធ្វើទៅបានភ្លាមៗ។
ស្របជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសម្រេចប្រកាសអនុវត្តបទឈប់បាញ់ជាមួយរុស្ស៊ីជាផ្លូវការ ចាប់ពីវេលាម៉ោង ០០:០០ នាទី យប់ថ្ងៃទី៥ ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នេះតទៅ។ ការសម្រេចចិត្តរបស់ភាគីអ៊ុយក្រែនបានកើតឡើង បន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីបានប្រកាសបទឈប់បាញ់ត្រឹមតែរយៈពេលខ្លីនៅថ្ងៃទី៨ និងទី៩ ខែឧសភា ដើម្បីអបអរសាទរទិវាជ័យជម្នះប៉ុណ្ណោះ។
បច្ចុប្បន្ន អ៊ុយក្រែនក៏បានអំពាវនាវដល់បណ្តាប្រទេសដៃគូ និងអង្គការអន្តរជាតិនានា ឱ្យជួយគាំទ្រដល់ការអំពាវនាវបញ្ចប់ការវាយប្រហារគ្នា ដើម្បីឈានទៅរកការបិទបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃនេះ៕
ចែករំលែកព័តមាននេះ