ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួនអ្នកដំណើរនៅអាកាសយានដ្ឋានទីក្រុងឌូបៃធ្លាក់ចុះដល់ ៦៦% ដោយសារឥទ្ធិពលសង្គ្រាម

10 ម៉ោង មុន

ប្រទេសអេមីរ៉ាតអារ៉ាប់រួម ៖ អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលជាមជ្ឈមណ្ឌលអន្តរជាតិដ៏មមាញឹកបំផុតមួយរបស់ពិភពលោកនោះ បានរាយការណ៍ពីការធ្លាក់ចុះចំនួនអ្នកដំណើរដល់ ៦៦% ក្នុងខែមីនា ឆ្នាំ២០២៦ ដោយសារ…

ប្រទេសអេមីរ៉ាតអារ៉ាប់រួម ៖ អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលជាមជ្ឈមណ្ឌលអន្តរជាតិដ៏មមាញឹកបំផុតមួយរបស់ពិភពលោកនោះ បានរាយការណ៍ពីការធ្លាក់ចុះចំនួនអ្នកដំណើរដល់ ៦៦% ក្នុងខែមីនា ឆ្នាំ២០២៦ ដោយសារ សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានរំខានយ៉ាងខ្លាំងដល់ចរាចរណ៍ផ្លូវអាកាសនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមប្រភពពី Bloomberg, The Hindu ចេញផ្សាយ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយទីក្រុងឌូបៃបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៦ ថា ចំនួនអ្នកដំណើរនៅអាកាសយានដ្ឋានទីក្រុងឌូបៃ បានធ្លាក់ចុះពីរភាគបីក្នុងខែមីនាកន្លងទៅ មកនៅត្រឹម ២,៥ លាននាក់ ឬ ៦៦% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់លើប្រទេសនេះ អំឡុងពេលសង្គ្រាមនៅមជ្ឈិមបូព៌ា។

អាកាសយានដ្ឋាននេះ បានស៊ូទ្រាំនឹងរយៈពេលនៃការរំខានក្នុងតំបន់ ដែលបានរឹតត្បិតយ៉ាងខ្លាំងដល់សមត្ថភាពដែនអាកាស និងកាលវិភាគហោះហើររបស់ខ្លួន។ ទោះយ៉ាងណាក៏ដោយ ដោយសារដែនអាកាសនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ឥឡូវនេះត្រូវបានស្តារឡើងវិញយ៉ាងពេញលេញនោះ អាកាសយានដ្ឋានទីក្រុងឌូបៃកំពុងតែធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីពង្រីកប្រតិបត្តិការ ដោយបង្កើនជើងហោះហើរស្របតាមសមត្ថភាពផ្លូវហោះហើរក្នុងតំបន់ដែលមាន។

អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ បានក្លាយជាគោលដៅវាយប្រហារដោយដ្រូន និងមីស៊ីលជាច្រើនលើក ខណៈដែលអេមីរ៉ាតអារ៉ាប់រួម បានរងការវាយប្រហារយ៉ាងខ្លាំងពីការសងសឹករបស់អ៊ីរ៉ង់ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

គួរបញ្ជាក់ថា ការធ្លាក់ចុះយ៉ាងគំហុកនៅក្នុងខែមីនាកន្លងទៅ បានទាញទម្លាក់តួលេខអ្នកដំណើរសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២៦ ឱ្យធ្លាក់ចុះ ២១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មកនៅត្រឹម ១៨,៦ លាននាក់ ដោយសារការរំខានផ្លូវអាកាស។ អាកាសយានដ្ឋាននេះ បានបំបែកកំណត់ត្រាទទួលអ្នកដំណើររបស់ខ្លួនដល់ ៩៥,២ លាននាក់ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងរហូតដល់ ៩៩,៥ លាននាក់ នៅឆ្នាំនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ