អន្តរជាតិ ៖ តម្លៃប្រេងឆៅអន្តរជាតិបានកើនឡើងយ៉ាងខ្លាំង ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ ចាប់ផ្តើមការវាយប្រហារថ្មី ដើម្បីគ្រប់គ្រងច្រកសមុទ្រហ័រមូស (Hormuz) បានធ្វើឱ្យបទឈប់បាញ់ដ៏ផុយស្រួយរវាងភាគីទាំងពីរកំពុងឈានទៅរកភាពបរាជ័យ ។ នេះបើតាមប្រភពពី Aljazeera, Reuters និងប្រភពផ្សេងទៀតបានចេញផ្សាយ ។

តម្លៃប្រេងឆៅប្រភេទ Brent ដែលជាតម្លៃគោលសម្រាប់ពិភពលោក បានកើនឡើងជិត ៦% កាលពីថ្ងៃទី ៤ ខែឧសភា ដល់ ១១៤,៤៤ដុល្លារអាមេរិកនៅក្នុងមួយបារ៉ែល ។ ប៉ុន្តែតម្លៃបានធ្លាក់ចុះបន្តិចនៅព្រឹកថ្ងៃទី ៥ ខែឧសភា ដោយជួញដូរនៅក្នុងតម្លៃ ១១២,៩ដុល្លារគិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ (ម៉ោងនៅកម្ពុជា) ។
ការកើនឡើងចុងក្រោយបានកើតឡើង បន្ទាប់ពីយោធាអាមេរិកបានប្រកាសថា ខ្លួនបានកម្ទេចទូកតូចៗ ៦គ្រឿងរបស់អ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើបណ្តាកប៉ាល់ដឹកជញ្ជូនក្នុងច្រកសមុទ្រហ័រមូស ។ មិនតែប៉ុណ្ណោះ កំពង់ផែប្រេងមួយនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលជាទីតាំងមូលដ្ឋានយោធាធំមួយរបស់អាមេរិក ក៏រងការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ផងដែរ ។

ភាពតានតឹងថ្មីនេះកើតឡើង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ៤ ខែឧសភា កន្លងទៅបានប្រកាសចាប់ផ្តើមបេសកកម្មជើងទឹកថ្មីមួយមានឈ្មោះថា គម្រោងសេរីភាព ឬ Project Freedom ដើម្បីជួយសង្គ្រោះបណ្តាកប៉ាល់ និងនាវិកប្រហែល២ម៉ឺននាក់ ដែលកំពុងជាប់គាំងក្នុងច្រកសមុទ្រហ័រមូស ឱ្យចាកចេញដោយសុវត្ថិភាព ។
ទោះបីជាការប្រកាសពីលោកប្រធានាធិបតី ត្រាំ យ៉ាងណាក៏ដោយ ក៏បណ្តាក្រុមហ៊ុនដឹកជញ្ជូនហាក់នៅតែស្ទាក់ស្ទើរក្នុងការឆ្លងកាត់ផ្លូវទឹកនេះ ដោយសារតែបារម្ភអំពីសុវត្ថិភាព បន្ទាប់ពីមានរបាយការណ៍អំពីការវាយប្រហារកប៉ាល់ដឹកជញ្ជូនពីសំណាក់អ៊ីរ៉ង់ ។

មួយវិញទៀត បើទោះបីជាយោធាអាមេរិកបានរាយការណ៍ថា កប៉ាល់ដឹកទំនិញអាមេរិក២គ្រឿងបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីការប្រកាសរបស់លោក ត្រាំ យ៉ាងក៏ក្តី ក៏សកម្មភាពចរាចរណ៍ផ្លូវទឹកក្នុងតំបន់នេះ នៅមិនទាន់មានសញ្ញាបង្ហាញពីការវិលត្រឡប់ទៅរកសភាពមមាញឹកខ្លាំងឡើងវិញនៅឡើយទេ ។
ជាមួយគ្នានោះដែរ លោក Stephen Cotton អគ្គលេខាធិការសហព័ន្ធកម្មករដឹកជញ្ជូនអន្តរជាតិ (ITF) បានសង្កត់ធ្ងន់ថា មិនគួរមានការស្នើសុំឱ្យកប៉ាល់ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលកំពុងមានជម្លោះនោះទេ លុះត្រាតែមានការធានាសុវត្ថិភាពពេញលេញ ៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ