រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ បានប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿងពុករលួយ ពាក់ព័ន្ធនឹងករណីអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបងម្នាក់ និងបក្ខពួក៤នាក់ ទទួលយកប្រាក់សំណូករាប់សិបម៉ឺនដុល្លារអាមេរិក ក្នុងដោះលែងមេខ្លោងឆបោកស្គេមអនឡាញ ជនជាតិថៃ ។

សាលក្រមបានប្រកាស ៖១-ឈ្មោះ វ៉ន វាសនា ភេទប្រុស អាយុ៣៨ឆ្នាំ អតីតអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង ដាក់ពន្ធនាគារកំណត់៧ឆ្នាំ និងពិន័យជាប្រាក់៥០០លានរៀល បង់ចូលថវិការដ្ឋ ។ ២-ឈ្មោះ តាំង សំណាង ភេទប្រុស អាយុ៤៣ឆ្នាំ អតីតមន្ត្រីនគរបាល ដាក់ពន្ធ នាគារកំណត់៥ឆ្នាំ តែទោសនេះតម្រូវអនុវត្តក្នុងពន្ធនាគារចំនួន៣ឆ្នាំ សល់ប៉ុន្មានព្យួរ ។ ៣-ឈ្មោះ ហេង សុណា ភេទប្រុស អាយុ៤០ឆ្នាំ ដាក់ពន្ធនាគារកំណត់៦ឆ្នាំ ។ ៤-ឈ្មោះ មុនី សុខដារ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ ដាក់ពន្ធនាគារកំណត់៥ឆ្នាំ តែអនុវត្តក្នុងពន្ធនាគារ៣ឆ្នាំ ទោសសល់ប៉ុន្មានព្យួរ ។ ៥-ឈ្មោះ សាប់ ភារ៉ន ភេទប្រុស អាយុ៤៥ឆ្នាំ ដាក់ពន្ធនាគារកំណត់៦ឆ្នាំ ។
ពួកគេទាំង៥នាក់នេះ ត្រូវបានចោទពីបទប៉ុនប៉ងសូកប៉ាន់ និងសម្អាតប្រាក់ ប្រព្រឹត្តនៅខេត្តបន្ទាយមានជ័យ រាជធានីភ្នំពេញ និងខេត្តកំពត កាលពីអំឡុងខែឧសភា ឆ្នាំ២០២៥ បទល្មើសដែលមានចែងក្នុងមាត្រា៣២ នៃច្បាប់ ស្ដីពីការប្រឆាំងអំពើពុករលួយ មាត្រា២៧និងមាត្រា៦០៥នៃក្រមព្រហ្មទណ្ឌ មាត្រា៣និងមាត្រា៣៨ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម(២០២០) ។
សូមបញ្ជាក់ថា លោក ហុក ពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ
ទី២៦ ខែឧសភា ឆ្នាំ២០២៥ បានសម្រេចចេញដីកាឃុំខ្លួនមន្ត្រីនគរបាល២នាក់ ម្នាក់ឈ្មោះ វ៉ន វាសនា អាយុ៣៨ឆ្នាំ មានតួនាទីជាអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង (ពាក់ស័ក្តិ៤កន្លះ) និងម្នាក់ទៀតឈ្មោះ តាំង សំណាង ហៅ សុខ ច័ន្ទសំណាង អាយុ៤៣ឆ្នាំ ជាមន្ត្រីនគរបាល ដាក់ពន្ធនាគារព្រៃស«ម១»ជាបណ្ដោះអាសន្ន ពីបទប៉ុនប៉ងសូកប៉ាន់ និងបទសម្អាតប្រាក់ តាមមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា ២៧ មាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។ ចំណែកបក្ខពួក៣នាក់ទៀត ត្រូវបានតុលាការចាប់ខ្លួន និងឃុំខ្លួនជាបន្តបន្ទាប់ ។
សូមជម្រាបថា អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានឃាត់ខ្លួនមន្ត្រីនគរបាល២នាក់ និងបក្ខពួក៣នាក់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងអំពើពុករលួយទទួលសំណូកយកប្រាក់រាប់សិបម៉ឺនដុល្លារអាមេរិក ក្នុងការដោះលែងមេខ្លោងស្គេមអនឡាញ ដែលជាជនជាតិថៃ ៕
ចែករំលែកព័តមាននេះ