មនុស្សយ៉ាងតិច១១នាក់ស្លាប់កាលពីថ្ងៃទី១ សីហា នៅទីក្រុងការ៉ាជីក្នុងអំពើហិង្សានានារវាងពួកជនជាតិដែលបណ្តាលឱ្យមនុស្សស្លាប់ជាង២០០នាក់ហើយតាំងពីដើមខែកក្កដា មកក្នុងទីក្រុងនាភាគខាងត្បូងប៉ាគីស្ថាននេះ។ អំពើហិង្សាទាំងនេះពិតណាស់កើតឡើងដោយសារទំនាស់គ្នារវាងបណ្តាគណបក្សជនជាតិភាគតិចផ្សេងៗ និងពួកម៉ាហ្វីយ៉ា។
អ្នកទទួលខុសត្រូវម្នាក់នៃក្រសួងមហាផ្ទៃប៉ាគីស្ថានថ្លែងថា មនុស្សយ៉ាងតិច១១នាក់ស្លាប់នាថ្ងៃទី១ សីហា ហើយមនុស្ស២០នាក់ទៀតស្លាប់ចាប់ពីថ្ងៃទី៣០ កក្កដា មក ដោយសារពួកឧក្រិដ្ឋជនដែលចង់បំផ្លាញការខិតខំប្រឹងប្រែងដើម្បីបង្កើតសន្តិភាពជាអចិន្ត្រៃយ៍មួយក្នុងទីក្រុងនេះ។ អ្នកទទួលខុសត្រូវប៉ូលិសម្នាក់ទៀតនិយាយថា ភោជនីយដ្ឋានមួយ និងរថយន្តបឺស២គ្រឿងត្រូវបានដុត។ ការបាញ់តគ្នារប៉េះរប៉ោះត្រូវបានស្តាប់ឮនៅជុំវិញជាយក្រុងក្រីក្រទាំងឡាយនាភាគខាងលិចជាកន្លែងលាក់ខ្លួនរបស់ពួកឧក្រិដ្ឋជន។
ការប៉ះទង្គិចគ្នាកើតមានជាពិសេសរវាងពួកមនុស្សរបស់ចលនា MUTTAHIDA QAUMI MOVEMENT (MOM)ជាចលនារបស់ពួកជនជាតិ OURDOUE ដែលមានភាគច្រើន និងពួកមនុស្សរបស់គណបក្សជាតិអាវ៉ាមី ANP ដែលតំណាងឱ្យពួកអន្តោប្រវេសន៍ជនជាតិភាគតិច PACHTOUNE ។ យោងតាមគណៈកម្មាធិការសិទ្ធិមនុស្សប៉ាគីស្ថាន HRCP ជាអង្គការឯករាជ្យមួយថា មនុស្ស៤៩០នាក់ត្រូវសម្លាប់ក្នុងឆមាសទីមួយនៃឆ្នាំ២០១១នេះនៅក្រុងការ៉ាជីទល់នឹង៧៤៨នាក់ក្នុងឆ្នាំ២០១០ទាំងមូល ៕
ចែករំលែកព័តមាននេះ