ប្រទេសវៀតណាម៖ មនុស្សចំនួន ៤៦ នាក់ ដែលភាគច្រើនគឺជាសិស្សានុសិស្ស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្តបន្ទាប់ បន្ទាប់ពីមានអាការៈសង្ស័យថាពុលចំណីអាហារ ក្រោយបរិភោគនំបុ័ងសាច់ពីហាងតែមួយនៅក្នុងស្រុកហឿងហូ ខេត្តក្វាងជីភាគកណ្តាលនៃប្រទេសវៀតណាម។ នេះបើយោងតាមសារព័ត៌មាន Tuoi Tre News ចុះផ្សាយនៅថ្ងៃទី១ ខែឧសភានេះ។
បើតាមរបាយការណ៍ពីមន្ទីរពេទ្យបង្អែក បានឱ្យដឹងថា អ្នកជំងឺត្រូវបានបញ្ជូនចូលមកសម្រាកព្យាបាលជាបន្តបន្ទាប់ ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី២៩ ខែមេសា រហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី១ ខែឧសភា។
អ្នកជំងឺទាំងអស់ដែលមានអាយុចាប់ពី ៤ ឆ្នាំ ដល់ ៤៦ ឆ្នាំ សុទ្ធតែមានរោគសញ្ញាប្រហាក់ប្រហែលគ្នា រួមមាន៖ គ្រុនក្តៅខ្លាំង រាកញឹកញាប់ ក្អួត ចុកពោះ អស់កម្លាំង និងមានសញ្ញានៃការបាត់បង់ជាតិទឹក។ ក្នុងចំណោមអ្នករងគ្រោះ ភាគច្រើនគឺជាសិស្សានុសិស្សដែលមានអាយុចន្លោះពី ១១ ទៅ ១៥ ឆ្នាំ មកពីសាលាបឋមសិក្សា និងមធ្យមសិក្សជនជាតិភាគតិចហឿងឡុកខណៈអ្នកផ្សេងទៀតគឺជាអ្នកភូមិនៅក្នុងតំបន់។
លោកនាយកមន្ទីរពេទ្យ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានផ្តល់ថ្នាំផ្សះ ចាក់សេរ៉ូម និងតាមដានស្ថានភាពអ្នកជំងឺយ៉ាងយកចិត្តទុកដាក់។ ទោះបីជាអ្នកជំងឺជាច្រើននៅតែបន្តមានអាការៈគ្រុនក្តៅ និងឈឺពោះ ប៉ុន្តែមកទល់ពេលនេះមិនទាន់មានករណីធ្ងន់ធ្ងរណាមួយត្រូវបានរាយការណ៍នៅឡើយទេ។ បច្ចុប្បន្ន អាជ្ញាធរសុខាភិបាលបានប្រមូលសំណាកអាហារទៅធ្វើតេស្តដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃករណីពុលនេះ និងបានចុះសួរសុខទុក្ខអ្នកជំងឺដល់មន្ទីរពេទ្យផងដែរ៕
ចែករំលែកព័តមាននេះ