ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃ ចំនួន៦៣៥នាក់ ដែលពាក់ព័ន្ធនឹងការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់ និងបណ្តាញឧក្រិដ្ឋកម្មឆ្លែងដែន ត្រូវបានបណ្តេញចេញទៅប្រទេសថៃ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីសមត្ថកិច្ចបានបំពេញបែបបទស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ។
ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរង នគរបាលជាតិកម្ពុជា ដែលដឹកនាំប្រតិបត្តិការនេះ បានឱ្យដឹងថា ៖ «មានជនសង្ស័យចំនួន៣០នាក់ទៀត ត្រូវបានសមត្ថកិច្ចកម្ពុជា បាននិងកំពុងរៀបចំអនុវត្តនីតិវិធីច្បាប់ បន្តចំពោះបទល្មើស ដែលបានប្រព្រឹត្ត។ ការបណ្តេញចេញជនជាតិថៃនេះ ត្រូវបានធ្វើឡើងដោយមានការសម្របសម្រួល សហការរវាងសមត្ថកិច្ចកម្ពុជា និងថៃ» ។
គួរបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងប្រតិបត្តិការចម្រុះរបស់កម្ពុជា ក្រោមការដឹកនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងមួយមានសណ្ឋានជាអគារខុនដូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលពាក់ព័ន្ធនឹងការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់ ល្បែងស៊ីសងអនឡាញ និងសកម្មភាពដែលអាចពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ។
តាមលទ្ធផលបឋម អាជ្ញាធរកម្ពុជា បានរកឃើញវត្ថុតាងជាច្រើន រួមមាន ទូរស័ព្ទដៃ ៤,៦៨៥គ្រឿង ម៉ូនីទ័រ ចំនួន ៤១៦គ្រឿង និងឧបករណ៍ពាក់ព័ន្ធផ្សេងៗជាច្រើនទៀត។ ការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិកក៏បានរកឃើញវេបសាយល្បែងអនឡាញជាច្រើន ដែលមានទិសដៅអតិថិជនទៅកាន់ប្រទេសថៃ ៕ (រូបថត ៖ ខឹម សុវណ្ណារ៉ា/AKP)







ចែករំលែកព័តមាននេះ