រាជធានីភ្នំពេញ ៖ ក្នុងខែមេសា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា ACU បានបញ្ជូនសំណុំរឿងពុករលួយចំនួន២ ដោយមានជនសង្ស័យ៦នាក់ទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ។
យោងតាមសេចក្តីជូនដំណឹង ស្តីពីកិច្ចប្រជុំលើកទី៩ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព បានឲ្យដឹងថា នៅខែមេសា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ដែលមានក្នុងខែនេះ សរុបចំនួន ៤៣ ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿង ២ករណី ដែលមានជនសង្ស័យចំនួន ៦រូប ទៅសាលាដំបូងរាជធានីភ្នំពេញ ។
ពាក់ព័ន្ធនឹងការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលវិញ អង្គភាព ACU បានឲ្យដឹងថា មានមន្ត្រីចំនួន ២០៩ រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះ ការប្រកាសតាមរបប ២ឆ្នាំ មានចំនួន ២ រូប, មន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៨១ រូប, មន្ត្រី ចំនួន ៥ រូប បានប្រកាស ក្រោយបញ្ឈប់ពីមុខតំណែង ដោយឡែកមន្ត្រីចំនួន ១២១ រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមូលហេតុលាឈប់ ឬចប់អាណត្តិ និងចូលនិវត្តន៍ ។
ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវរបាយការណ៍របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានពិភាក្សា លើកសំណួរ និងបានផ្ដល់អនុសាសន៍ល្អៗ ចំពោះការរាយការណ៍ ព្រមទាំងផ្តល់ការគាំទ្រដល់អង្គភាព លើកិច្ចការផ្សេងៗទៀត ដែលអង្គភាពកំពុងចាប់អារម្មណ៍ និងកំពុងអនុវត្តនៅពេលនេះ និងនៅពេលខាងមុខ ៕


ចែករំលែកព័តមាននេះ