រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសម្ដែងការសោកស្តាយ ដែលប្រទេសថៃ នឹងលុបចោលអនុស្សរណៈឆ្នាំ២០០១ (MoU-2001) ព្រោះអនុស្សរណៈនេះ ឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយពិតប្រាកដ និងបំណងរួមរបស់ប្រទេសទាំងពីរ ក្នុងការទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់សារព័ត៌មានកម្ពុជា(AKP) ។
ប្រភពបានលើកឡើងថា ឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធ នឹងការដែលប្រទេសថៃ នឹងលុបចោលអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នា នៃខ្ពង់រាបបាតសមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ (MoU-2001) ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ៖ កន្លងទៅ អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ចំនួនពីរលើក ពាក់ព័ន្ធនឹងបញ្ហានេះ គឺលើកទី១ នៅថ្ងៃទី០៨ ខែមេសា និងលើកទី២ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយគូសបញ្ជាក់ថា ៖ “ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០១នេះ ឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយពិតប្រាកដ និងបំណងរួមរបស់ប្រទេសកម្ពុជា និងថៃ ក្នុងការអនុវត្តដោយសុចរិតភាព នូវក្របខ័ណ្ឌមួយ ដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរ ដើម្បីទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមគោលការណ៍ច្បាប់អន្តរជាតិ” ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ ៖ “គឺជារឿងគួរឱ្យសោកស្តាយបំផុត ប្រសិនបើភាគីថៃ សម្រេចដកខ្លួនជាឯកតោភាគីពី MoU-2001 នេះ ដែលជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលគាំទ្រការរៀបចំនេះ” ។
ទោះបីជាយ៉ាងណាក៏ដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានអះអាងថា ៖ “កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ និងឥតងាករេចំពោះទាំងខ្លឹមសារ និងស្មារតី នៃអនុស្សរណៈនេះ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ដែលបាននាំឱ្យអនុស្សរណៈ នៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១។ កម្ពុជា នឹងបង្ហាញជំហរផ្លូវការបន្ថែមទៀតនៅពេលខាងមុខ” ៕



ចែករំលែកព័តមាននេះ