រាជធានីភ្នំពេញ ៖ អាពាហ៍ពិពាហ៍វ័យក្មេង ការបង្ខំឱ្យរៀបការ និងការរស់នៅជាប្តីប្រពន្ធទាំងមិនទាន់គ្រប់អាយុ នៅតែជាបញ្ហាសង្គមដ៏ស្មុគស្មាញមួយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ។

ជាក់ស្តែងលោកស្រី ស ស៊ីណែត អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍសង្គមនៃក្រសួងកិច្ចការនារី បាននិយាយនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី«ការបង្ការទប់ស្កាត់ផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់» នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ នេះថា ៖ «យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវស្តីពីអាពាហ៍ពិពាហ៍នៅវ័យក្មេង អាពាហ៍ពិពាហ៍ដោយការបង្ខំ និងការរស់នៅជាប្តីប្រពន្ធនៅវ័យក្មេង នៅឆ្នាំ ២០២៤ របស់ក្រសួងកិច្ចការនារី ការរៀបការមុនអាយុ ១៨ឆ្នាំមាន ៖ ស្ត្ រី១៣,៩៣% បានរៀបអាពាហ៍ពិពាហ៍នៅអាយុចន្លោះ ១៥ ទៅ ១៨ឆ្នាំ» ។

អត្រាអាពាហ៍ពិពាហ៍វ័យក្មេងតាមបណ្តាខេត្ត (គិតជាភាគរយ) ៖
១. ខេត្តរតនគិរី មានអត្រាខ្ពស់ជាងគេ គឺ ៣៧,៣%
២. ខេត្តព្រះវិហារមានអត្រា ១៦,៧%
៣. ខេត្តស្ទឹងត្រែងមានអត្រា ១៤,៧%
៤. ខេត្តកំពត មានអត្រា ១៤%
៥. ខេត្តសៀមរាបមានអត្រា ១២%
៦. ខេត្តព្រៃវែងមានអត្រា ១០,៧%
៧. ខេត្តព្រះសីហនុមានអត្រា ៩,៣%
៨. ខេត្តបាត់ដំបងមានអត្រា៨%
៩. ខេត្តតាកែវមានអត្រា៧,៣% ។
ក្នុងនោះដែរលោកស្រីបានបញ្ជាក់ថា កត្តាដែលពាក់ព័ន្ធទៅនឹងការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង មកពីកត្តាពាក់ព័ន្ធនាំឱ្យមានអាពាហ៍ពិពាហ៍វ័យក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាប្តីប្រពន្ធទាំងវ័យក្មេង មានដូចខាងក្រោម ៖
- កត្តាចម្បងដូចជា ៖ ភាពក្រីក្រ និងកង្វះខាតការអប់រំនៅមានកម្រិត ជាពិសេសបញ្ហាយេនឌ័រ នៅតែជាឧបសគ្គចម្បងដែលនាំឱ្យមានការមានផ្ទៃពោះនៅវ័យជំទង់ បទដ្ឋានសង្គមបែបបុរាណ កង្វះការអនុវត្តច្បាប់ និងឥទ្ធិពលនៃបណ្តាញសង្គម ។ ដោយឡែក សម្រាប់ក្មេងស្រីដែលជាជនជាតិដើមភាគតិច និងអ្នករស់នៅតាមតំបន់ដាច់ស្រយាល គឺមានហានិភ័យខ្ពស់ជាងគេបំផុត ។
– ក្មេងស្រីដែលមានពិការភាពងាយរងគ្រោះខ្លាំងជាងគេចំពោះការរៀបអាពាហ៍ពិពាហ៍ទាំងវ័យក្មេង និងការមានផ្ទៃពោះដោយអចេតនា ។ មូលហេតុចម្បងគឺដោយសារពួកគេខ្វះខាតការទទួលបានការអប់រំ សេវាសុខភាព និងកិច្ចការពារផ្នែកច្បាប់ ឬសង្គម ។
– ការប្រែប្រួលអាកាសធាតុ បានក្លាយជាកត្តាជំរុញដោយប្រយោល ប៉ុន្តែវាមានឥទ្ធិពលយ៉ាងខ្លាំង ។ វិបត្តិអាកាសធាតុបានបង្កជាសម្ពាធដល់ជីវភាពគ្រួសារ ដែលជាហេតុនាំឱ្យអត្រានៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់មានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ។

ជាមួយគ្នានោះដែរ លោកស្រី គឹម រ័ត្ននា នាយកមជ្ឃមណ្ឌលជាតិគាំពារមាតា និងទារក -ក្រសួងសុខាភិបាល បាននិយាយថា មូលហេតុចម្បងៗនៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេងមានដូចជា ៖
– កត្តាជីវភាពក្រីក្រ និងសម្ពាធពីគ្រួសារ
– កង្វះការអប់រំ និងការយល់ដឹងអំពីសិទ្ធិកុមារ
– ប្រពៃណី និងទំនៀមទម្លាប់
– ខ្វះចំណេះដឹងអំពីសុខភាពបន្តពូជ
– ឥទ្ធិពលនាំប្រព័ន្ធបច្ចេកវិទ្យា និងការប្រើប្រាស់បណ្តាញសង្គមក្នុងផ្លូវខុស ។
លោកស្រី គឹម រ័ត្ននា បានបន្ថែមថា ៖ «ផលប៉ះពាល់លើសុខភាព យោងតាមការសិក្សាផ្នែកវេជ្ជសាស្ត្រ និងការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) អាយុដែលរាងកាយ មានការលូតលាស់ពេញលេញ និងត្រៀមខ្លួនសម្រាប់ការមានផ្ទៃពោះ និងសម្រាលកូនប្រកបដោយសុវត្ថិភាព គឺចាប់ពីអាយុ ២០ឆ្នាំឡើងទៅ ដោយសារឆ្អឹងអាងត្រគាក របស់ស្ត្រីបានលូតលាស់រីកធំពេញលេញ ដែលជាកត្តាចាំបាច់ជួយឱ្យការទ្រទ្រង់ទារកក្នុងផ្ទៃមានភាពរឹងមាំ និងបង្កលក្ខណៈងាយស្រួលដល់ការសម្រាលកូនតាមបែបធម្មជាតិបានដោយរលូន» ។

សូមបញ្ជាក់ថា ការលុបបំបាត់អាពាហ៍ពិពាហ៍វ័យក្មេង មិនមែនជាភារកិច្ចរបស់ស្ថាប័នណាមួយឡើយ ប៉ុន្តែវាជាការទទួលខុសត្រូវរួមគ្នារបស់សង្គមជាតិទាំងមូល ។ ការបង្កើនការអប់រំ ការពង្រឹងការអនុវត្តច្បាប់ និងការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមាន គឺជាសោរដ៏សំខាន់ដើម្បីបើកទ្វារឱ្យយុវជនកម្ពុជាមានអនាគតដ៏ភ្លឺស្វាង និងមានសុខភាពល្អបរិបូរណ៍ ៕
ចែករំលែកព័តមាននេះ