ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចាត់​ទុក​ករណី​ផ្ទុះអាវុធ​បង្ក​ឡើង​ដោយ​កម្លាំងយោធា​ថៃ​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​រាជរ​ដ្ឋា​ភិ​បា​ល​បាន​គូស​បញ្ជាក់​ថា ​កម្ពុជា​សោកស្តាយ​ចំពោះ​​ករណី​ផ្ទុះអាវុធ​ដែល​បង្ក​ឡើង​ដោយ​កម្លាំងយោធា​ថៃ​ចំនួន​៥​លើក ​ដែល​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​ទាំង​ឡាយ​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​។ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​៣០…

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​រាជរ​ដ្ឋា​ភិ​បា​ល​បាន​គូស​បញ្ជាក់​ថា ​កម្ពុជា​សោកស្តាយ​ចំពោះ​​ករណី​ផ្ទុះអាវុធ​ដែល​បង្ក​ឡើង​ដោយ​កម្លាំងយោធា​ថៃ​ចំនួន​៥​លើក ​ដែល​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​ទាំង​ឡាយ​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​។

ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៦​ ថា​ ក្រសួង​ការពារ​ជា​តិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចាត់​ទុ​កថា ជា​ការ​គួរ​ឱ្យ​សោកស្តាយ​បំផុត​ចំពោះ​ករណី​ផ្ទុះអាវុធ​ដែល​បង្ក​ឡើង​ដោយ​កម្លាំងយោធា​ថៃ​ចំនួន​៥​លើក កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៦ ក្នុង​នោះ ​មានការ​បាញ់​កាំ​ភ្លើង​ប្រភេទ M79 និង​ប្រភេទ M16 សរុប​ចំនួន​៩​គ្រាប់ ​។

​ហេតុការណ៍​នេះ​កើតឡើង​ក្នុង​ខណៈ​ពេល​ដែល​ក្រសួងការពារជាតិ​កម្ពុជា បាន​សម្រប សម្រួល​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ ប្រចាំឆ្នាំ​២០២៦ របស់​ក្រុម​អនុព័ន្ធយោធា​បរទេស (MACPP) ប្រចាំ​កម្ពុជា ចុះ​សង្កេតការណ៍​នៅ​ច្រក​អូរ​ស្មាច់ ខេត្តឧត្តរមានជ័យ ដើម្បី​ពិនិត្យ ផ្ទៀងផ្ទាត់​ស្ថានការណ៍​នៅ​ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន ​។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ​សកម្មភាព​បែប​នេះ​​របស់​ភាគី​ថៃ គឺ​ផ្ទុយ​ទៅ​នឹង​ស្មារ​តី​នៃ​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា ដើម្បី​កាត់​បន្ថយ​​ភាព​តានតឹង និង​លើកកម្ពស់​សន្តិភាព សន្តិសុខ និង​ភាព​ស្ងប់ស្ងាត់​នៅ​តាម​បណ្តោយ​​ព្រំដែន ហើយ​កងកម្លាំង​របស់​កម្ពុជា​បាន​​ និង​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ។

សូម​បញ្ជាក់​ជូន​ថា មុន​ការ​ចេញដំណើរ​ទស្សនកិច្ច​របស់​ក្រុម​អនុព័ន្ធយោធា​បរទេស (MA​CPP) ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ (RBC)​នៃ​យោធ​ភូ​មិ​ភាគ​ទី​៤​កម្ពុជា បាន​ចេញ​លិខិត​ជូនដំណឹង​ជា​ផ្លូវការ​ជូន​ទៅ​កាន់​ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ (RBC) នៃ​កងទ័ព​ភូមិភាគ​ទី​២​ថៃ​រួចរាល់​ហើយ​ ។

គួររំលឹក​ថា ក្នុង​ស​ប្តា​ហ៍​នេះ ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​លើក​ទី​២​ប្រចាំឆ្នាំ​២០២៦ របស់​ក្រុម​អនុព័ន្ធយោធា​បរទេស (MACPP) ប្រចាំ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​ដើម្បី​ចុះ​សង្កេតការណ៍ និង​ផ្ទៀងផ្ទាត់​ស្ថានភាព​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ មាន​ដូច​ជា តំបន់​អូរ​ភ្លុក​ដំរី ច្រក​ជ័យ​ជំនះ ក្នុង​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ដែល​កងទ័ព​ថៃ​បន្តកាន់កាប់​ដោយ​ខុសច្បាប់ ហើយ​បន្ត​ដាក់​រាយ​លួស​បន្លា និង​ទូរ​កុងតឺន័រ និង​ស្ពាន​ស្ទឹង​មេទឹក ក្នុង​ខេត្តពោធិ៍សាត់ ដែល​បាន​រង​ការ​វាយប្រហារ​ដោយ​ការ​ទម្លាក់​គ្រាប់បែក​ពី​យន្តហោះ​ចម្បាំង​របស់​កងទ័ពអាកាស​របស់​ថៃ កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៥​ ។ សកម្មភាព​នៃ​ការ​ចុះ​សង្កេតការណ៍​របស់​ប្រទេស​សមាជិក​ក្រុម​អនុព័ន្ធយោធា​បរទេស (MACPP) ប្រចាំ​កម្ពុជា បាន​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​សន្តិសុខ និង​សន្តិភាព មិន​ត្រឹមតែ​រវាង​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​តំបន់ និង​ពិភពលោក​ទាំងមូល​ ។

ឯកឧត្តម​អ្នកនាំពាក្យ​បាន​បន្ថែម​​ក្នុង​នាម​ជា​រដ្ឋ​ដែល​គោរព​ច្បាប់ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ហើយ​ការ​សម្រេច​បាន​នូវ​សន្តិភាព​យូរអង្វែង​រវាង​ប្រទេស​យើង​ទាំង​ពីរ ដែល​រួមចំណែក​ដល់​សន្តិភាព ស្ថិរភាព និង​ឯកភាព​ក្នុង​អាស៊ាន គឺ​ទាមទារ​ការ​ប្តេជ្ញា​ចិត្ត​ពិតប្រាកដ និង​ការ​គោរព​ពេញលេញ​ចំពោះ​ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អាស៊ាន ក៏​ដូច​ជា​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ទាំងអស់​ ។

ជាមួយ​គ្នា​នោះ​ដែរ ​ឯកឧត្តម​ក៏​បាន​លើក​ឡើង​ថា ​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​អនុព័ន្ធយោធា​បរទេស​ទៅ​កាន់​តំបន់​ព្រំដែន ស្ថានទូត​បរទេស​ប្រចាំ​កម្ពុជា​ដែល​បាន​ចូលរួម បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ដើម្បី​ពិនិត្យ​មើល​ស្ថានការណ៍​ជាក់ស្តែង និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​បទ​ឈប់​បាញ់​។ ជាក់ស្តែង​ ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា បាន​បង្ហោះ​​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា ស្ថានទូត​អង់គ្លេស​នៅ​តែ​បន្ត​តាមដាន​យ៉ាង​ជាប់លាប់​នូវ​ស្ថានភាព​នៅ​តាម​ព្រំដែន និង​ផល​ប៉ះពាល់​ទៅ​លើ​សហគមន៍​ក្នុង​តំបន់​ ។

ស្ថានទូត​អង់គ្លេស​បញ្ជាក់​ថា បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​កង​អនុ​ព​ន្ធ័​យោធា​បរទេស​នៅ​ស​ប្តា​ហ៍​នេះ ទៅ​កាន់​ខេត្តពោធិ៍សាត់ បន្ទាយ​មាន​ជ័យ និង​ឧត្តរមានជ័យ ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ​អំពី​ស្ថានភាព​ជាក់ស្តែង និង​អនុញ្ញាត​ឱ្យ​យើង​យល់​កាន់​តែ​ច្បាស់​អំពី​ផល​ប៉ះ​ពាល់​របស់​វា និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សហការី​នៅ​ក្រសួងការពារជាតិ ដែល​បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច​នេះ និង​ឆន្ទៈ​ក្នុង​ការ​ចែករំលែក​ទស្សនៈ​របស់​ពួក​គេ​ជាមួយ​សហគមន៍​អន្តរជាតិ​។

ចំណែក​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដែល​បាន​ចាត់​មន្ត្រី​ទីប្រឹក្សា និង​ជា​អនុព័ន្ធយោធា​មួយ​រូប និង​ប្រធាន​ផ្នែក​កិច្ចការ​នយោបាយ​មួយ​រូប​ឱ្យ​ចូលរួម​ដំណើរ​ទស្សនកិច្ច​នេះ ក៏​បាន​បង្ហោះ​សារ​ដែរ​ថា រដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង ដើម្បី​ជំរុញ​ការ​អនុវត្ត​យ៉ាង​ប្រាកដប្រជា​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​បន្ថយ​ភាព​តានតឹង ដោយ​សហការ​ជាមួយ​បណ្តា​ប្រទេស​ពាក់ព័ន្ធ​នានា ហើយនឹង​បន្ត​ផ្តល់​ជំនួយ​ក្នុង​ទម្រង់​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ