ការវាយប្រហារប្រឆាំងទីក្រុងហាម៉ាជាប្រភពនៃការបះបោរតវ៉ាបានកើតជាថ្មីទៀតនាយប់ថ្ងៃទី១ សីហា ។ ជនស៊ីវិល៤នាក់ទៀតបានត្រូវស្លាប់នាថ្ងៃទី១ សីហា ។ ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានរួមប្រជុំជាបន្ទាន់មួយនាយប់ថ្ងៃនោះ។
ការវាយប្រហារជាថ្មីប្រឆាំងក្រុងហាម៉ាធ្វើឡើងពេលចាប់ផ្តើមបុណ្យអ៊ិស្លាមរ៉ាម៉ាដាន។ រថក្រោះនៃកងទ័ពស៊ីរីបានបាញ់កាលពីយប់ថ្ងៃទី១ សីហា លើសង្កាត់មានប្រជាជនរស់នៅច្រើននៃក្រុងបះបោរហាម៉ាស្ថិតនៅភាគកណ្តាលប្រទេស។ ព្រឹកថ្ងៃទី១ សីហា ការបាញ់ប្រហាររបស់កងរថក្រោះសម្លាប់ជនស៊ីវិល៤នាក់។ មុននេះមនុស្សប្រមាណជា១០០នាក់បានស្លាប់រួចហើយនៅទីក្រុងនោះ។
ប្រជាជនក្រុងហាម៉ាម្នាក់និយាយថា ពលរដ្ឋក្រុងហាម៉ាប៉ុនប៉ងធ្វើការតស៊ូទប់ទល់។ វិថីទាំងឡាយត្រូវបានដាក់របាំង ហើយមនុស្សជាច្រើនពាន់នាក់ត្រៀមការពារទីក្រុងជាមួយនឹងដុំថ្ម។ រថក្រោះរបស់ស៊ីរីក៏លុកលុយដែរនាថ្ងៃទី១ សីហា ក្នុងទីក្រុងហ្សាបាដានីជិតព្រំដែនលីបង់។ រថក្រោះ និងរថពាសដែកប្រមាណជា២០គ្រឿងបានលុកចូលទីក្រុងនោះស្ថិតនៅជើងភ្នំ ANTI-LIBAN បន្ទាប់ពីបាតុកម្មមួយរបស់ប្រជាជនដែលប្រមូលផ្តុំមនុស្សសំដែងសាមគ្គីភាពជាមួយប្រជាជនក្រុងហាម៉ា។ បាតុករ៣នាក់ត្រូវរបួសនៅហ្សាបាដានីដោយសារការបាញ់ប្រហាររបស់កងរថក្រោះ ៕
ចែករំលែកព័តមាននេះ