សង្គ្រាមអ៉ីរ៉ង់ ៖ តម្លៃប្រេងឆៅកាន់តែឡើងខ្ពស់ដល់ជាង១២៥ដុល្លារក្នុងធុង នាថ្ងៃទី៣០ មេសា បន្ទាប់ពីសហរដ្ឋអាមេរិកលើកឡើងពីបំណងហ៊ុមព័ទ្ធបណ្ដាកំពង់ផែអ៉ីរ៉ង ក្នុងរយៈពេលយូរតទៅទៀត ។ បែបនេះ ជាសម្ពាធកាន់តែខ្លាំងថែមទៀត លើសេដ្ឋកិច្ចពិភពលោក ២ខែក្រោយចាប់ផ្ដើមជម្លោះក្នុងតំបន់ឈូងសមុទ្រពែរ្ស៍ ។

បន្ទាប់ពីកាលពីថ្ងៃទី២៩ មេសា ឡើងដល់កម្រិតកំពូលថ្មីពុំធ្លាប់មាន ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២២ និងការលុករបស់រុស្ស៊ីលើអ៊ុយក្រែនមក ប្រេងឆៅប្រេននៃសមុទ្រខាងជើងបានឡើងថ្លៃ៧%ថែមទៀត កាលពីថ្ងៃទី៣០ មេសា ដល់១២៥,៦០ដុល្លារក្នុង១ធុង ។ នេះជាការឡើងថ្លៃប្រេងខ្ពស់ដល់ទ្វេដង បើប្រៀបធៀបទៅនឹងតម្លៃប្រេងមុនការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើអ៉ីរ៉ង់ ។
ទោះបីស្នូរអាវុធបានស្ងប់ស្ងាត់ចាប់តាំងពីមានបទឈប់បាញ់គ្នា ដែលមានជាធរមានពីថ្ងៃទី៨
មេសា មក ក៏ច្រកសមុទ្រហ័រមូសនៅតែបិទខ្ទប់ដល់២ជាន់ មួយជាន់ដោយអ៉ីរ៉ង់ និងមួយជាន់ទៀតដោយអាមេរិក ។ ការឡើងថ្លៃប្រេងខ្ពស់ថ្មីនេះ កើតមានបន្ទាប់ពីអ្នកទទួលខុសត្រូវជាន់ខ្ពស់អាមេ
រិកម្នាក់គូសបញ្ជាក់កាលពីថ្ងៃទី២៩ មេសា ថា សេតវិមានគ្រោងបន្តការហ៊ុមព័ទ្ធបច្ចុប្បន្នអំឡុងពេលច្រើនខែទៀតបើចាំបាច់ ។ លោកដូណាល់ត្រាំផ្ទាល់ក៏ធ្វើអត្ថាធិប្បាយដែរថា ការហ៊ុមព័ទ្ធពិតជាមានប្រសិទ្ធភាពជាងការទម្លាក់គ្រាប់បែក ។
តាមមេបញ្ជាការកងទ័ពអាមេរិកប្រចាំមជ្ឈឹមបូព៌ាឧត្ដមនាវីប្រាដកូព័រថា សរុបនាវា៤២គ្រឿងត្រូវបានឃាត់មកទល់ថ្ងៃនេះ ពេលប៉ុនប៉ងបំពានការហ៊ុមព័ទ្ធ ហើយនាវាដឹកប្រេង៤១គ្រឿងមិនអាចចាកចេញពីអ៉ីរ៉ង់ ។ លោកថា ការហ៊ុមព័ទ្ធពិតជាមានប្រសិទ្ធភាពខ្ពស់ ៕

ចែករំលែកព័តមាននេះ