ទុរេនថៃដាំក្បាលចុះ! រហូតដល់រដ្ឋមន្ត្រីចូលរួមឡាយលក់ឡៃឡុងតម្លៃថោកៗ
ប្រទេសថៃ ៖ អ្នកលក់អនឡាញដ៏ល្បីឈ្មោះនៅថៃ អ្នកនាង Pimrada Benjawattana (Pimrypie) កាលពីថ្មីៗនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការលក់ទុរេនពូជ…
ប្រទេសថៃ ៖ អ្នកលក់អនឡាញដ៏ល្បីឈ្មោះនៅថៃ អ្នកនាង Pimrada Benjawattana (Pimrypie) កាលពីថ្មីៗនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការលក់ទុរេនពូជ…
ប្រទេសថៃ ៖ អ្នកលក់អនឡាញដ៏ល្បីឈ្មោះនៅថៃ អ្នកនាង Pimrada Benjawattana (Pimrypie) កាលពីថ្មីៗនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការលក់ទុរេនពូជ Monthong (ម៉ាន់ថង) ដែលជាពូជគុណភាពខ្ពស់តម្លៃថ្មី នៅក្នុងតម្លៃថោកត្រឹមតែ ១០០ បាតក្នុង១ផ្លែ (១២ ២០០ រៀល) ទៅវិញ ខណៈទីផ្សារទុរេនក្នុងស្រុកកំពុងកកស្ទះលក់មិនចេញ ធ្វើឱ្យតម្លៃដាំក្បាលចុះ បន្ទាប់ពីតម្រូវការរបស់ប្រទេសចិនធ្លាក់ចុះខ្លាំង គំរាមកំហែងដល់ទីផ្សារនាំចេញដ៏ធំបំផុតរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយពី South China Morning Post, BLOOMBERG, Thai Enquirer, The Star និងប្រភពផ្សេងទៀត។
ដោយសារតែទិន្នផលទុរេននៅថៃក្នុងឆ្នាំនេះមានការកើនឡើងដល់ទៅ ៣៣% ប្រហែល ២,១ លានតោន ជាមួយការប្រមូលផលខ្ពស់បំផុតនៅខែឧសភា ប៉ុន្តែតម្រូវការពីទីផ្សារចិនមានការថមថយ។ ដូច្នេះការលក់ក្នុងតម្លៃថោកនេះ គឺដើម្បីជួយកសិករបង្ការកុំឱ្យទុរេនទុំខ្លាំងរលួយចោលក្នុងចម្ការ ដ្បិតប្រហែល ៣០% ត្រូវបានផ្គត់ផ្គង់ក្នុងស្រុក ភាគច្រើនត្រូវបាននាំចេញទៅក្រៅប្រទេស ដែលធ្វើឱ្យអ្នកដាំដុះប្រឈមនឹងហានិភ័យនៅពេលដែលតម្រូវការនៅបរទេសធ្លាក់ចុះ។
ការលក់ទុរេន Monthong ក្នុងតម្លៃថោកធ្វើឡើងតាមរយៈការផ្សាយផ្ទាល់ (Livestream) កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ផ្សាយទៅកាន់អ្នកតាមដានបណ្តាញសង្គម TikTok និង Facebook របស់ Pimrypie ប្រមាណ ៣១ លាននាក់ និងមានការបញ្ជាទិញយ៉ាងច្រើន ជាមួយទុរេន Monthong ក្នុងតម្លៃទាបបំផុតត្រឹមតែ ១០០ បាតក្នុង១ផ្លែ ដែលថោកជាងតម្លៃទីផ្សារធម្មតា។ ចំណែកទុរេនទំហំធំមួយចំនួនមានតម្លៃត្រឹមតែ ៤៨០ បាត (៥៨ ៦០០ រៀល) បើធៀបនឹងទំហំស្រដៀងគ្នា ដែលលក់ក្នុងតម្លៃ ៧០០ ទៅ ៨០០បាត (៨៥ ៦០០ ទៅ ៩៧ ៨០០ រៀល) កាលពីមុន។
អ្វីដែលកាន់តែភ្ញាក់ផ្អើលនៅក្នុងឡាយរបស់ Pimrypie គឺការចូលរួមរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោកស្រី Suphajee Suthumpun។ បើតាមប្រភពពី Thai Enquirer កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា រឿងលក់ទុរេនគុណភាពខ្ពស់ក្នុងតម្លៃថោកនេះ នៅតែបន្តលងបន្លាចលោកស្រី Suphajee ព្រោះតែមហាជន ជាពិសេសកសិករនៅតែបន្តរិះគន់លោកស្រីយ៉ាងចាស់ដៃ ចំពោះការលក់ទុរេន Monthong តម្លៃ ១៥០ បាត (១៨ ៣០០ រៀល) ជាមធ្យមសម្រាប់ទម្ងន់ ៣ គីឡូក្រាមក្នុងតម្លៃត្រឹម ១០០ បាតទៅវិញ។ កសិករបារម្ភថា តម្លៃថោកខ្លាំងពេកអាចធ្វើឱ្យប៉ះពាល់ដល់តម្លៃទីផ្សាររួម និងធ្វើឱ្យអតិថិជនមានការភ័ន្តច្រឡំលើតម្លៃពិតប្រាកដ។
ការរិះគន់ផ្ទុះឡើង ដែលជំរុញឱ្យក្រសួងពាណិជ្ជកម្មថៃបញ្ជាក់ថា ការផ្តល់ជូនតម្លៃ ១០០បាត គឺសម្រាប់ទុរេនលេខ ២ ឬមានរូបរាងមិនសូវស្អាត ប៉ុន្តែគុណភាពសាច់នៅតែល្អអាចទទួលទានបានធម្មតា។ ចំណែកទុរេនលេខ ១ សម្រាប់នាំចេញ នៅតែមានតម្លៃខ្ពស់ចន្លោះពី ១៤០-១៥០ បាតក្នុង១គីឡូក្រាម។
គួរបញ្ជាក់ថា ប្រទេសថៃ បាននាំចេញទុរេនជាង ៩៧៩ ០០០ តោនមានតម្លៃ ៤,៣៧ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន។ ផល់ប៉ះពាល់កំពុងកើនឡើង នៅពេលប្រទេសចិនកំពុងតស៊ូជាមួយការងើបឡើងវិញរបស់អ្នកប្រើប្រាស់ធ្លាក់ចុះ និងការត្រួតពិនិត្យដ៏តឹងរ៉ឹងលើផលិតផលនាំចូល និងផ្នែកមួយទៀត កើតចេញពីការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីអ្នកផ្គត់ផ្គង់ក្នុងតំបន់ដូចជា វៀតណាម និងម៉ាឡេស៊ី ក៏បានធ្វើឱ្យទីផ្សារថៃចុះខ្សោយផងដែរ៕





ចែករំលែកព័តមាននេះ