ប្រទេសម៉ាលី ៖ ពួកឧទ្ទាមបំបែកខ្លួននិយមទាមទារឯករាជ្យទូអារេសនៃរណសិរ្សរំដោះALZAWAD ប្រកាសនាថ្ងៃទី២៩ មេសា ពីបំណងពួកគេវាយដណ្ដើមកាន់កាប់ទីក្រុងធំៗ នាភាគខាងជើងម៉ាលី ហើយព្យាករណ៍ថា របបយោធាកំពុងកាន់អំណាចនឹងដួលរលំក្រោយការវាយលុកពីថ្ងៃទី២៥
មេសា មក របស់ពួកគេ និងពួកជីហាដជាសម្ព័ន្ធមិត្ត ។

សេចក្ដីថ្លែងការណ៍បែបនេះ របស់អ្នកនាំពាក្យក្រុមឧទ្ទាមនោះ គឹជាការឆ្លើយតបដោយផ្ទាល់ ចំពោះសេចក្ដីថ្លែងការណ៍ កាលពីយប់ថ្ងៃទី២៨ មេសា របស់ប្រមុខរបបយោធាម៉ាលិឧត្ដមសេនីយ៍អាស៊ីមីហ្គោអ៉ីតា ដែលបង្ហាញមុខជាថ្មី ក្រោយពីលោកស្ថិតនៅស្ងៀមស្ងាត់អស់ពេល៣ថ្ងៃមក ដោយលោកអះអាងថា សភាពការណ៍សន្តិសុខក្នុងប្រទេសបានវិលមក ស្ថិតក្រោមការត្រួតត្រាវិញហើយ ។
ប្រទេសម៉ាលីកំពុងជួបប្រទះសភាពការណ៍សន្តិសុខប្រកបដោយគ្រោះថ្នាក់ និងកំពុងស្ថិតក្នុងសភាពមានច្បាស់លាស់ បន្ទាប់ពីការប្រយុទ្ធគ្នាចាប់ផ្ដើមពីព្រឹកព្រលឹមថ្ងៃទី២៥មេសាមក។ ប្រជាជនក្រុងបាម៉ាកូរដ្ឋធានីប្រទេសនេះ ច្រើននាក់និយាយថា សភាពស្ងប់ស្ងាត់បានវិលត្រឡប់មក
វិញ។ ការវាយប្រហារដែលមានការសម្របសម្រួលគ្នាកើតមាននៅតាមកន្លែងជាច្រើនរបស់ប្រទេស ដោយពួកជីហាដក្រុមអាល់កៃដា និងពួកឧទ្ទាមទូអារេសនៃរណសិរ្សរំដោះALZAWAD ដែលទាមទារឯករាជ្យភាពនៅភាគខាងជើងប្រទេស ។
តំបន់យុទ្ធសាស្ត្រជាច្រើនរងការវាយប្រហារ ក្នុងនោះ មានទាំងនៅច្រកចូលរដ្ឋធានីនិងព្រលានយន្តហោះផង។ ការវាយប្រហារកើតមានពិសេស នៅទីក្រុងគីទី ជាមូលដ្ឋានសំខាន់របស់របបយោធា បណ្ដាលឲ្យស្លាប់រដ្ឋមន្ត្រីការពារប្រទេសម៉ាលី ហើយជនស៊ីវិល និងយោធាយ៉ាងតិច៣៥នាក់ក៏ត្រូវស្លាប់ដែរ។ ទីក្រុងគីដាល់ជាទីក្រុងធំនៅភាគខាងជើងប្រទេសកំពុងស្ថិតក្នុងការកាន់កាប់របស់ពួកឧទ្ទាម។

អ្នកនាំពាក្យក្រុមឧទ្ទាមនិយាយថា ពេលនេះ យើងវាយយកបានទីក្រុងគីដាល់ ហើយទិសដៅនាពេលខាងមុខរបស់យើងវាយយកទីក្រុងហ្គាវ ក្រុងតោមប៊ុកទូនិងក្រុងមេណាកាទៀត ។ របបយោធានឹងដួលរលំគ្នុងពេលឆាប់ឬយូរ ប្រឈមមុខនឹងការវាយលុករបស់យើង។ ចំណែកការវាយលុកដទៃៗទៀតធ្វើឡើងដោយពួកជីហាដ ដែលវាយប្រហារលើរដ្ឋធានីបាម៉ាកូនិងក្រុងដទៃៗទៀត ។ ពួកឧទ្ទាមបំបែកខ្លួននិយមនោះ បានប្រយុទ្ធចាប់តាំងពីច្រើនឆ្នាំមកហើយ ដើម្បីបង្កើតរដ្ឋឯករាជ្យមួយនៅភាគខាងជើងប្រទេស ចំណែកពួកសកម្មប្រយុទ្ធនៃសាខាអាល់កៃដានិងក្រុមរដ្ឋអ៊ិស្លាម បានប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលចាប់តាំងពីជាងមួយទសវត្សមកហើយ។
ពួកយោធាម៉ាលីទទួលបានការជួយទ្រទ្រង់របស់កងកម្លាំងរុស្ស៊ី AFRICA CORPS ដែលពីមុនជាកងកម្លាំងទាហានស៊ីឈ្នួលក្រុមWAGNER ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំម៉ាលីលោកអ៉ីហ្គ័រហ្គ្រោមីកូថ្លែងនាថ្ងៃទី២៩ មេសា ថា រុស្ស៊ី និងកងកម្លាំងAFRICA CORPS ស្ថិតនៅជាមួយកងទ័ពម៉ាលីដើម្បីប្រយុទ្ធរួមគ្នាប្រឆាំងការវាយលុករបស់ពួកភេរវករអន្តរជាតិ ៕

ចែករំលែកព័តមាននេះ