អភិបាលក្រុង ស្រុកចំនួន២ ចូលកាន់មុខតំណែង
- តាកែវ
ខេត្តតាកែវ ៖ អភិបាលក្រុង ស្រុកចំនួន២ត្រូវបានប្រកាសតែងតាំងអោយចូលកាន់មុខតំណែង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នេះក្រោមអធិបតីភាព លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់ មុខតំណែងអភិបាលនៃគណៈអភិបាលក្រុងដូនកែវនឹងអភិបាលស្រុកព្រែកប្បាស។
មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ក្រុមប្រឹក្សាស្រុក មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ ព្រមទាំងលោកគ្រូ អ្នកគ្រូ ជាច្រើនរូប។
រដ្ឋបាលខេត្តតាកែវបានអោយដឹងថា អភិបាលក្រុង ស្រុក ដែលប្រកាសតែងរងអោយចូលកាន់ដំណែងនៅថ្ងៃនេះគឺលោកឌឹក គឹមសាន្ត ពីអភិបាលស្រុកព្រែកកប្បាសមកកាន់ដំណែងជាអភិបាលក្រុងដូនកែវធ្វើពិធីពេលព្រឹក ចំណែកលោកគិន ភក្តី ពីអភិបាលស្រុកកោះអណ្តែត មកកាន់ដំណែងជាអភិបាលស្រុកព្រែកកប្បាសវិញ ។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានផ្តល់អនុសាសន៍ណែនាំ និងផ្ដាំផ្ញើដល់លោកអភិបាលក្រុង ស្រុកដែលទើបតែងតាំងថ្មី ត្រូវរក្សាសាមគ្គីភាពឱ្យបានល្អរវាងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំង ដើម្បីជាកម្លាំងសរុបក្នុងការអភិវឌ្ឍមូលដ្ឋាន។
ត្រូវយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលការណ៍ “បម្រើរាស្ត្រឱ្យអស់ពីចិត្ត” បន្តជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ មានសុវត្ថិភាព” ជាពិសេសការបង្ក្រាបបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ និងត្រូវចុះផ្ទាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានាជូនពួកគាត់ឱ្យទាន់ពេលវេលា ៕




ចែករំលែកព័តមាននេះ