សហរដ្ឋអាមេរិក ៖ តាំងពីដើមរៀងមក រូបរបស់ប្រធានាធិបតីអាមេរិកមួយរូប កំពុងកាន់តំណែង មិនដែលឃើញមានដាក់ក្នុងលិខិតឆ្លងដែនឡើយ ។ ប្រពៃណីនោះ ពេលនេះមានការផ្លាស់ប្ដូរក្នុងសករាជរបស់លោកដូណាល់ត្រាំ ។

រូបរបស់លោកដូណាល់ត្រាំនឹងមានក្នុងលិខិតឆ្លងដែនអាមេរិកថ្មី នាឱកាសខួបលើកទី២៥០នៃការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក នាខែកក្កដាខាងមុខនេះ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកTOMMY PIGOT បានសរសេរក្នុងបណ្ដាញសង្គមXថា ពេលដែលសហរដ្ឋអាមេរិកប្រារព្ធខួបលើកទី២៥០នៃថ្ងៃប្រកាសឯករាជ្យនាខែកក្កដា ក្រសួងការបរទេសអាមេរិកត្រៀមចេញប្រើក្នុងចំនួនមានកំណត់លិខិតឆ្លងដែនពិសេស ដែលផលិតសម្រាប់ឧទ្ទិសដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនោះ។
អ្នកនាំពាក្យរូបនេះបានផ្សាយឡើងវិញ អត្ថបទរបស់ទូរទស្សន៍FOX NEWS DIGITAL ដែលបង្ហាញគំរូរបស់លិខិតឆ្លងដែនពិសេសនេះ ដោយទំព័រក្នុងមានរូបរបស់លោកដូណាល់ត្រាំ ជាមួយហត្ថលេខាពណ៌ទឹកមាសរបស់លោក ព្រមទាំងរូបរបស់បណ្ដាបិតាស្ថាបនិក ដែលមកជួបជុំគ្នានាថ្ងៃប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក ថ្ងៃទី៤ កក្កដា ឆ្នាំ១៧៧៦។ កាក់ប្រាក់មាសមួយមានរូបសំណាកលោកត្រាំ ក៏ត្រូវបានបោះចេញដែរ នាឱកាសខួបឯករាជ្យនោះ ។
អ្នកទទួលខុសត្រូវម្នាក់នៃក្រសួងការបរទេសអាមេរិកបញ្ជាក់ថា លិខិតឆ្លងដែនមានរូបលោកត្រាំនោះនឹងចែកចាយតែនៅក្រុងវ៉ាស៊ីនតោន ហើយនឹងលែងចែកចាយទៀតពេលអស់ស្តុក ៕

ចែករំលែកព័តមាននេះ