ប្រុងប្រយ័ត្ន! អាកាសធាតុឡើងកម្តៅដល់ ៣៧ អង្សាសេ ហើយអាចមានភ្លៀងជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា អាកាសធាតុនឹងឡើងកំដៅដល់ ៣៧អង្សាសេ ហើយអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់ លើផ្ទៃដី១០% ។ យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក សម្រាប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានលើកឡើងថា សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូង នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា ។

ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ មានល្បឿនមធ្យម២ម៉ែត្រវិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ នឹងផ្គររន្ទះគ្របដណ្តប់ លើផ្ទៃដី១០%។

ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C ។ ខ្យល់បក់ មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១៥%។
ដោយឡែក នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧° C។ ខ្យល់បក់ មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រវិនាទី ។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើ ផ្ទៃដី ១០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ ៕

ចែករំលែកព័តមាននេះ