ចាប់បានហើយ! ស្ត្រីម្នាក់ដែលលួ.ចដុ.តផ្ទះសង្សារនៅក្រាំងធ្នង់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដែលបានលួចដុតផ្ទះសង្សារដោយសារតែខឹងឪពុកម្ដាយបំបែកបំបាក់នោះ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលប៉ុស្តិ៍ ក្រាំងធ្នង់ ស្រាវជ្រាវឃាត់ខ្លួនបានហើយ បន្ទាប់ពីធ្វើសកម្មភាពចាក់សាំងដុតផ្ទះ រួចរត់គេចខ្លួនបាន២ថ្ងៃ។
ស្ត្រីជាជនសង្ស័យរូបនោះត្រូវបានសមត្ថកិច្ចឲ្យដឹងថា ឈ្នោះឡុង ប៉ុច អាយុ៤៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិក្បាលដំរីសង្កាត់កាកាបទី១ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះហេ វណ្ណា ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ជាមន្ត្រីយោធា មានទីលំនៅផ្ទះលេខ១៧១៩ ផ្លូវបេតុង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាកន្លែងកើតហេតុ។
តាមនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ស្ត្រីជាជនសង្ស័យដែលធ្វើឲ្យខូចខាតដោយចេតនា យកសាំងដុតផ្ទះរូបនោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ ស្រាវជ្រាវឃាត់ខ្លួនបានកាលពីវេលាយប់រំលងអាធ្រាត្រចូលថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦នេះ នៅតាម ផ្លូវក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមនគរបាលបានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៧ ខែមេសាឆ្នាំ២០២៦វេលាម៉ោង១ និង១០នាទីយប់រំលងអាធ្រាត្រ ស្ត្រីជាជនសង្ស័យរូបនោះបានយកសាំងទៅដុតផ្ទះរបស់ជនរងគ្រោះដោយសារតែខឹងម្ចាស់ផ្ទះដែលជាឪពុកម្ដាយសង្សាររបស់ខ្លួនបំបែកបំបាក់ស្នេហារបស់ពួកគេ។
តាមព័ត៌មានបានឲ្យដឹងទៀតថា កន្លងមកស្ត្រីជាជនសង្ស័យនិងឈ្មោះឡូ រតនាហៅកេស អាយុ ៣៦ឆ្នាំដែលជាកូនប្រុសម្ចាស់ផ្ទះ បានស្រឡាញ់គ្នា ។ ក្រោយមកក៏មានការបែកបាក់គ្នា ដោយសារឪពុកម្ដាយខាងប្រុសមិនពេញចិត្ត ជាហេតុធ្វើឲ្យស្ត្រីដែលជាជនសង្ស័យខឹងនឹងឪពុកម្ដាយនិងសង្សារក៏បានរៀបចំគំរោងការយកសាំងទៅដុតផ្ទះរបស់ជនរងគ្រោះតែម្ដង។
នៅក្នុងហេតុការណ៍នោះ ភ្លើងបានឆាបឆេះ តែសំណាងល្អត្រូវបានម្ចាស់ផ្ទះរួមទាំងបងប្អូនអ្នកជិតខាង ភ្ញាក់ដឹងខ្លួនទាន់នាំគ្នាជួយពន្លត់ទាន់ គ្រាន់តែបណ្ដាលឲ្យខូចខាតធុងចម្រោះទឹកចំនួន១ មានតម្លៃ១ ២០០ ដុល្លារ និងខ្សែភ្លើងមួយចំនួនតែប៉ុណ្ណោះ ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះក៏បានឆែកកាមេរ៉ាសុវត្ថិភាព ហើយឃើញស្ត្រីដែលជាអតីតសង្សាររបស់កូនជាអ្នកដុត ហើយក៏ប្តឹងសមត្ថកិច្ចឈានទៅស្រាវជ្រាវឃាត់ខ្លួនបានស្ត្រីដែលជាជនសង្ស័យរូបនោះបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់ ៕



ចែករំលែកព័តមាននេះ