ខេត្តក្រចេះ ៖ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ បានធ្វើការឃាត់ខ្លួនក្រុមសន្តិសុខរបស់ក្រុមហ៊ុនឯកជនចំនួន៥នាក់ជាបន្តបន្ទាប់ ក្រោយពីបានបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ (ឧបករណ៍ឆក់) បាញ់ទៅលើប្រជាពលរដ្ឋម្នាក់បណ្តាលឱ្យរងរបួស។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង២០នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចចំណបរកា ក្នុងភូមិទោង ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។
យោងតាមរបាយការណ៍របស់នគរបាលថា ក្រុមជនសង្ស័យទាំង៥នាក់ ១-ឈ្មោះ រុន ឌឿន ភេទប្រុស អាយុ៥៩ឆ្នាំ (ប្រធានសន្តិសុខ) មានទីលំនៅខេត្តមណ្ឌលគីរី។ ២-ឈ្មោះ ហឿង ប៊ុណា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅខេត្តស្ទឹងត្រែង។ ៣-ឈ្មោះ ធី វ៉ាន់ណា ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅខេត្តស្ទឹងត្រែង ។ ៤-ឈ្មោះ ពឿន ប្រុស ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅខេត្តក្រចេះ និង៥-ឈ្មោះ ហឿង ប៊ុនថា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅខេត្តស្ទឹងត្រែង។
ជនរងគ្រោះក្នុងហេតុការណ៍ខាងលើ មានឈ្មោះ គឿន គេង ភេទប្រុស អាយុ៤៩ឆ្នាំ មុខ
របរជាកសិករ រស់នៅក្នុងភូមិទោង ឃុំរលួសមានជ័យ (ចំណុចកើតហេតុ) ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងប្រើប្រាស់ម៉ាស៊ីនត្រង់ស៊ីន័រ ដើម្បីកាត់អុសរើរានចម្ការនៅខាងក្រោយផ្ទះរបស់ខ្លួន។ ខណៈនោះ ឈ្មោះ រុន ឌឿន ដែលជាប្រធានសន្តិសុខក្រុមហ៊ុន បានដឹកនាំកម្លាំងសន្តិសុខ៤នាក់ទៀត ដើរល្បាតមកដល់ចំណុចនោះ ។
ពេលឃើញជនរងគ្រោះកំពុងកាត់ឈើ ក្រុមសន្តិសុខបានចូលទៅដណ្តើមយកម៉ាស៊ីនត្រង់ស៊ីន័រ
រហូតមានការទាស់ទែងពាក្យសម្តី និងប្រតាយប្រតប់គ្នាខ្លាំង ។ ក្នុងអំឡុងពេលនោះ ឈ្មោះ រុន ឌឿន បានប្រើប្រាស់ដំបងឆក់ (ប្រភេទមានគ្រាប់) បាញ់ទៅលើជនរងគ្រោះចំនួន០២គ្រាប់ ចំត្រង់ពោះខាងស្តាំ បណ្តាលឱ្យរងរបួស។ ភ្លាមៗនោះ អ្នកភូមិដែលនៅក្បែរខាងបានជួយអន្តរាគមន៍ និងបញ្ជូនជនរងគ្រោះទៅមណ្ឌលសុខភាព ដើម្បីវះកាត់យកគ្រាប់ចេញ។
ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវ និងប្រមូលភស្តុតាង។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ មកសាកសួរតាមនីតិវិធី ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ជាធរមាន៕
ចែករំលែកព័តមាននេះ