យន្តហោះចារកម្មដំបូងគេរបស់កូរ៉េខាងត្បូងត្រូវបានបញ្ជូនមកដល់មូលដ្ឋានអាកាសចរណ៍មួយនាថ្ងៃទី១ សីហា ដែលយន្តហោះនេះនឹងត្រូវប្រើប្រាស់នាឆ្នាំនេះ។
យន្តហោះស៊ើបការណ៍ធុន E-737 នេះជាយន្តហោះដំបូងគេរបស់កូរ៉េខាងត្បូង ដែលបំពាក់ដោយប្រព័ន្ធប្រកាសអាសន្នតាមអាកាស និងត្រួតពិនិត្យ ហើយផលិតដោយក្រុមហ៊ុនប៊ូអ៊ីងរបស់អាមេរិក ។ យន្តហោះនេះបានចុះចតនៅមូលដ្ឋានកងទ័ពអាកាសស្ថិតនៅ GIMHAE ចម្ងាយប្រមាណជា៤៥០គីឡូម៉ែត្រ ភាគអាគេ្នយ៍ ក្រុងសេអ៊ូល។ យន្តហោះនោះជាយន្តហោះកែច្នៃពីយន្តហោះប៊ូអ៊ីង ៧៣៧-៧០០ ហើយដាក់ឈ្មោះថា “PEACE EYE” ។
យន្តហោះចារកម្មធុន E-737 នេះត្រូវធ្វើការសាកល្បងនានាដោយកងទ័ពអាកាសកូរ៉េខាងត្បូងនៅឯរោងចក្រប៊ូអ៊ីង ក្រុង SEATTLE ។ យន្តហោះនេះត្រូវធ្វើការហោះហើរសាកល្បងថែមទៀត មុនពេលប្រគល់ឱ្យកងទ័ពអាកាសកូរ៉េខាងត្បូងនាដើមខែកញ្ញាខាងមុខនេះ ។ ប្រទេសកូរ៉េខាងត្បូងបានចុះហត្ថលេខាកាលពីឆ្នាំ២០០៦ លើកុងត្រាមួយមានទឹកប្រាក់១,៦ពាន់លានដុល្លារជាមួយក្រុមហ៊ុនប៊ូអ៊ីងសម្រាប់ទិញយន្តហោះធុន E-737 ចំនួន៤គ្រឿង។ យន្តហោះ E-737 មួយគ្រឿងទៀតនឹងត្រូវប្រគល់មុនឆ្នាំ២០១២។ យន្តហោះស៊ើបការណ៍ធុននេះអាចត្រួតពិនិត្យគោលដៅទាំងឡាយពេលកំពុងហោះហើរឬក្នុងសមុទ្រនៅឧបទ្វីបកូរ៉េហើយស្ទាក់យន្តហោះទាំងឡាយដែលហោះក្នុងកម្ពស់ទាបៗក្នុងតំបន់ភ្នំ ៕
ចែករំលែកព័តមាននេះ