រាជធានីភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ជូនអគ្គនាយករងអន្តោរប្រវេសន៍ម្នាក់ និងស្នងការរងរាជធានីភ្នំពេញម្នាក់ ព្រមទាំងជនសង្ស័យ២នាក់ទៀតទៅតុលាការ នៅរសៀលនេះ ពាក់ព័ន្ធនឹងករណីស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់ ។ នេះបើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានសារព័ត៌មានក្នុងស្រុកស្រង់សំដីផ្សាយឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ជូនឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោរប្រវេសន៍ និងឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ ព្រមទាំងជនសង្ស័យ២នាក់ទៀតទៅតុលាការ នៅវេលាម៉ោង៤៖៣០រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ពាក់ព័ន្ធនឹងករណីសង្ស័យស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់ ។
បើតាមឯកឧត្តមទេសរដ្ឋមន្ត្រីប្រធានអង្គភាពប្រឆាំងអំពើពុករលួយថា មនុស្ស២នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងករណីនេះរួមមាន អ្នកស្រី អស កូ ពិសី ជាប្រពន្ធលោក សរ សំណាង និងម្នាក់ទៀត ឈ្មោះ យ៉ាត កុសល ដែលពួកគេជាប់សង្ស័យរឿងស៊ីសំណូកពីក្រុម Online Scams និងសម្អាតប្រាក់ ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងថា ការចាប់ខ្លួននាយនគរបាលជាន់ខ្ពស់ខាងលើ ធ្វើឡើង ជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ។ ករណី នេះACU បានបើកប្រតិបត្តិការស៊ើបអង្កេត រយៈពេល២០ថ្ងៃមកហើយ ។

ឯកឧត្តមបានបញ្ជាក់ថា ៖ ប្រតិបត្តិការ២០ថ្ងៃនឹងបញ្ជាក់លម្អិត ក្រោយបញ្ជូនជនសង្ស័យទាំង៤នាក់ ទៅកាន់តុលាការរួចរាល់ ។
សូមជម្រាបថាមួយរយៈពេល ចុងក្រោយនេះ ACU បានចាប់ខ្លួនបុគ្គលសំខាន់ៗជាច្រើន ស្របពេលដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធនាការបង្ក្រាបបោសសម្អាត ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត និងភាពអសកម្មនានា ។ កាលពីខែមីនា អនុប្រធាន និងមន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុង ព្រមទាំងមនុស្ស២នាក់ទៀតត្រូវបានឃាត់ខ្លួន ដោយរកឃើញលុយពុករលួយជាង១លានដុល្លារ៕
ចែករំលែកព័តមាននេះ