ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង KOICA ចុះហត្ថលេខា​លើ​គម្រោង​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ការងារ ​ទាំង​ក្នុង​និង​ក្រៅប្រទេស

1 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោកស្រី ឆ​យ ម៉ូ​ន…

រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោកស្រី ឆ​យ ម៉ូ​ន ជុង (CHOI Moon Jung) នាយិកា​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ប្រចាំ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ច​ពិភាក្សា​ស្តី​ពី “​គម្រោង​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ ដើម្បី​ឆ្លើយ​តប​តម្រូវការ​ឧស្សាហកម្ម​នៅ​កម្ពុជា​” នា​រសៀល​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ក្នុង​គោលដៅ​បណ្តុះបណ្តាល​កម្លាំង​ពលកម្ម​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ជំនាញ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ការងារ​ទាំង​នៅ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ តាម​រយៈ​ការ​ពង្រឹងសមត្ថភាព​ប្រព័ន្ធ TVET នៅ​វិទ្យាស្ថាន TVET ចំនួន ៣ គឺ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះ​កុសុមៈ (PPI) និង​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI)​ ។

គម្រោង​ដែល​ចាប់ផ្តើម​អនុវត្ត​ពី​ឆ្នាំ ២០២៦ ដល់​ឆ្នាំ ២០៣០ គ្របដណ្តប់​សកម្មភាព​សំខាន់​ៗ​លើ​ការ​ពង្រីក​ឱកាស ក្នុង​ការ​ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ TVET នៅ​កម្ពុជា លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​ពី TVET និង​ពង្រឹង​យន្តការ​គាំទ្រ​ដល់​អ្នក​សិក្សា​។ បន្ថែម​ពី​នេះ គម្រោង​នេះ​ក៏​ជួយ​ពង្រឹងសមត្ថភាព​ដល់​វិទ្យាស្ថាន TVET ដែល​ត្រូវ​បាន​ជ្រើសរើស ស្រប​តាម​តម្រូវការ​ទីផ្សារ​ការងារ​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស ដូច​ជា ការ​បង្កើត និង​អនុវត្ត​យន្តការ​សហប្រតិបត្តិការ​រវាង​ឧស្សាហកម្ម និង​ស្ថាប័ន​អប់រំ ការ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​តម្រូវការ​ទីផ្សារ​ការងារ​ជា​ប្រចាំ ការ​អភិវឌ្ឍ​កម្មវិធី​សិក្សា និង​សម្ភារ​បង្រៀន​ផ្អែក​លើ​តម្រូវការ ការ​ពង្រឹងសមត្ថភាព​បច្ចេកទេស និង​វិធីសាស្ត្រ​បង្រៀន​របស់​គ្រូបង្រៀន TVET ការ​កែ​លម្អ និង​ធ្វើ​ទំនើប​កម្ម​បរិក្ខារ​សិក្សា​សម្រាប់​ការ​អនុវត្ត​ជាក់ស្តែង​ ។

ជាមួយនឹង​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោកស្រី ឆ​យ ម៉ូ​ន ជុង ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការ​ជឿជាក់​យ៉ាង​មុតមាំ​ថា តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​នេះ កម្ពុជា​នឹង​អាច​ជំរុញ​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ប្រកបដោយ​គុណភាព​ខ្ពស់​ស្រប​តាម​ស្តង់ដា​ទីផ្សារ​ការងារ​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ជា​ទិស​ដៅ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ គម្រោង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្ស​និង​ពលករ​កម្ពុជា ព្រមទាំង​និយោជក​កូរ៉េ​ដែល​ត្រូវការ​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​និង​សមត្ថភាព​ផង​ដែរ ​។

លោកស្រី ឆ​យ ម៉ូ​ន ជុង បាន​សម្តែង​នូវ​ការ​រីករាយ​យ៉ាង​ក្រៃ​លែង​ចំពោះ​សមិទ្ធផល​នៃ​ការ​ចុះហត្ថលេខា​សម្រាប់​ចូលរួម​អភិវឌ្ឍន៍​ជំនាញ​ដល់​សិស្ស​កម្ពុជា​នេះ ដែល​មិន​ត្រឹមតែ​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​សិស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បើកឱកាស​ការងារ​នៅ​ក្រៅប្រទេស​ផង​ដែរ​។ លោកស្រី​មាន​ប្រសាសន៍​ថា នេះ​ជា​បេសកកម្ម​ចុង​ក្រោយ​ដ៏​សំខាន់ និង​កក់ក្តៅ​បំផុត​មួយ​របស់​លោកស្រី​ដោយសារ​តែ​លោកស្រី​នឹង​បញ្ចប់​ការងារ​នៅ​កម្ពុ​ជានា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ ។

លោកស្រី​បាន​អរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត និង​កោតសរសើរ​ចំពោះ​ភាព​ជា​អ្នកដឹកនាំ​ដ៏​រឹង​មាំ ប្រកបដោយ​សមត្ថភាព​ពេញលេញ​របស់​ឯកឧត្តម ហេង សួរ ដែល​កំពុង​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​យ៉ាង​ពិតប្រាកដ​ក្នុង​វិស័យ​ការងារ ដោយ​លោកស្រី​ជឿជាក់​ថា ប្រទេស​កម្ពុជា​នឹង​នៅ​តែ​បន្ត​ការ​អភិវឌ្ឍ ហើយ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​នឹង​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត​។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​កោតសរសើរ​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោកស្រី ដែល​បាន​បង្កើត​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​នា​ពេល​កន្លង​មក រួម​ទាំង​សមិទ្ធផល​ចុង​ក្រោយ​នេះ ជា​ពិសេស ជួយ​ធ្វើ​ឱ្យ KOICA បាន​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ផ្សេង​ៗ មិន​ត្រឹមតែ​ជាមួយ​ក្រសួង​ការងារ​ប៉ុណ្ណោះ​ទេ ដែល​ជា​ការ​រួមចំណែក​ដ៏​មាន​ន័យចំ​ពោះ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​។ ក្រសួង​ការងារ​នឹង​បន្ត​អនុវត្ត​គម្រោង​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ និង​រង់ចាំ​ស្វាគមន៍​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង KOICA នា​ពេល​អនាគត​បន្ត​ទៀត ​៕ អត្ថបទសហការ