បន្ទាប់ពីបានទទួលរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយវិបត្តិសេដ្ឋកិច្ចសាកល ទីក្រុងឌូបៃកាលពីចុងសប្តាហ៍កន្លងទៅបានសម្រេចចិត្តមិនចូលដេញថ្លៃធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០។ ប៉ុន្តែជាជំនួសមកវិញក្រុងអារ៉ាប់មួយនេះនឹងចូលដេញថ្លៃអូឡាំពិកឆ្នាំ២០២៤។
ការសិក្សាទៅលើលទ្ធភាពមួយបានរកឃើញថា ៧០%នៃហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការចាំបាច់សម្រាប់ការប្រកួតគឺក្រុងឌូបៃមានរួចជាស្រេច ប៉ុនែ្តបើយោងតាមគណៈកម្មាធិការអូឡាំពិកជាតិរបស់សព័ន្ធអារ៉ាប់អេមីរ៉ាតថា វាល្អប្រសើរជាងដែលក្រុងឌូបៃចូលដេញថ្លៃសម្រាប់អូឡាំពិកឆ្នាំ២០២៤។
ឌូបៃជាទីក្រុងមួយក្នុងចំណោមក្រុងនាំមុខនានានៅតំបន់ឈូងសមុទ្រដែលបានប្រើប្រាស់កីឡាបងើ្កតភាពល្បីល្បាញរបស់ខ្លួននិងទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរអន្តរជាតិ។ ការនិយាយពីការដេញថ្លៃអូឡាំពិកឆ្នាំ២០២០គឺបានកើតឡើងនៅឆ្នាំ២០០៩មកម៉្លេះ ប៉ុន្តែដោយសារតែជួបវិបត្តិសេដ្ឋកិច្ចសាកលរួចមក ក្រុងនេះក៏បានលុបចោលមហិច្ឆតារបស់ខ្លួន។
ក្រៅពីជួបផលវិបាកនោះ ក្រុងឌូបៃក៏មានបញ្ហាប្រឈមយ៉ាងខ្លាំងផងដែរទៅនឹងអាកាសធាតុ។ កំដៅដែលជាទម្លាប់តែងឡើងដល់១០៤ដឺក្រេហ្វារ៉ឹនហៃ(ជុំវិញ៤០អង្សាសេ)នឹងពិតជាធ្វើឲ្យប៉ះពាល់ដល់វិញ្ញាសាកីឡាមួយចំនួនដែលប្រកួតនៅក្រោមកំដៅថ្ងៃដោយផ្ទាល់មានដូចជារត់ម៉ារ៉ាតុង ឬក៏ដើរជាដើម។ ចំណែកក្រុងដូហារបស់ប្រទេសកាតាកំពុងតែថ្លឹងថ្លែងចំពោះលទ្ធភាពដេញថ្លៃរបស់ខ្លួនសម្រាប់អូឡាំពិកឆ្នាំ២០២០នេះដែរ។
ព្រះអង្គម្ចាស់Mohammed bin Rashid Al Maktoumនាយករដ្ឋមន្ត្រីនិងជាអនុប្រធានាធិបតីសហព័ន្ធអារ៉ាប់អេមីរ៉ាតធ្លាប់បានទទូចថា ថ្ងៃណាមួយ ក្រុងឌូបៃនឹងចូលដេញថ្លៃធ្វើជាម្ចាស់ផ្ទះប្រកួតអូឡាំពិក។ ព្រះអង្គម្ចាស់បានបន្តថា៖«ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកនៅតំបន់មជ្ឈិមបូព៌ាគឺជាសុបិនមួយដែលក្លាយមកជាការពិតសម្រាប់តំបន់ទាំងមូល។ ពួកយើងបានតាំងចិត្តថានឹងចូលរួមដេញថ្លៃឲ្យបានមួយលើក»។
រហូតមកដល់ពេលនេះមានទីក្រុងចំនួន៣ហើយដែលបានប្រកាសបេក្ខភាពដេញថ្លៃអូឡាំពិកឆ្នាំ២០២០ជាផ្លូវការ។ ទីក្រុងទាំង៣នោះមានដូចជាម៉ាឌ្រីដ រ៉ូមនិងតូក្យូ ។ ឯទីក្រុងអ៊ីស្តង់ប៊ុលរបស់តួកគីត្រូវគេសង្ឃឹមថានឹងចុះឈ្មោះដេញថ្លៃផងដែរ។ កាលបរិច្ឆេទនៃការឈប់ទទួលពាក្យចូលដេញថ្លៃគឺនៅថ្ងៃទី១ខែកញ្ញា ៕
ចែករំលែកព័តមាននេះ