ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខា​សាលា​​ស្តីពី​​វិធាន​​ថ្មី​សម្រាប់​ផលិត​ផល​នាំចេញ​ពី​កម្ពុជា

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​​ដើម្បី​​ជួយ​​​ពាណិជ្ជ​ករ​​កម្ពុជា​​​ជម្នះ​​ឱ្យបាន​នូវ​បញ្ហា​​ប្រឈម​​ នានា ​ដែល​រារាំង​​​ពួកគេ​ពី​ការ​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពេញ​លេញ​​​ពី​ កិច្ចព្រមព្រៀង​​​អនុគ្រោះ​​ពាណិជ្ជ​កម្ម​រវាង​សហ​ភាព​អឺរ៉ុប​​ និងកម្ពុជា កាលពី​ថ្ងៃទី​១ ​សីហា ​ឆ្នាំ២០១១ ​នៅសណ្ឋាគារ​​កាំបូឌី​យ៉ា​ណា ប្រតិភូ​​សហភាព​អឺរ៉ុប​

រាជ​ធានីភ្នំពេញ ៖ ​​ដើម្បី​​ជួយ​​​ពាណិជ្ជ​ករ​​កម្ពុជា​​​ជម្នះ​​ឱ្យបាន​នូវ​បញ្ហា​​ប្រឈម​​នានា ​ដែល​រារាំង​​​ពួកគេ​ពី​ការ​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពេញ​លេញ​​​ពី​កិច្ចព្រមព្រៀង​​​អនុគ្រោះ​​ពាណិជ្ជ​កម្ម​រវាង​សហ​ភាព​អឺរ៉ុប​​ និងកម្ពុជា កាលពី​ថ្ងៃទី​១ ​សីហា ​ឆ្នាំ២០១១ ​នៅសណ្ឋាគារ​​កាំបូឌី​យ៉ា​ណា ប្រតិភូ​​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​រៀប​ចំ​សិក្ខា​សាលា​​រយៈ​ពេល​មួយថ្ងៃ​​ ដោយ​មាន​ការ​ចូល​រួមពីលោករ៉ាហ្វា​អែល​​ ដូឆាវ ​ម៉ូរេណូ ភារ​ធារី​​នៃ​ប្រតិភូ​​សហភាព​អឺរ៉ុប​ប្រចាំ​​កម្ពុជា​​ លោក​ម៉ៅ​ ថូរ៉ា ​​​​រដ្ឋលេខាធិការ​​ក្រសួង​ពាណិជ្ជកម្ម​​ រួម​ទាំង​​ផលិត​ករ​ និង​អ្នក​​នាំ​ចេញ​​​កម្ពុជា​ប្រហែល​​១០០​នាក់​មកពី​វិស័យ​ផ្សេងៗ​​ដូច​ជា​ វិស័យ​​កាត់​ដេរ​​ ស្បែក​ជើង​​ កសិ​-ឧស្សាហកម្ម សិប្បកម្មជា​ដើម ។

លោករ៉ាហ្វា​អែល ដូឆាវ ​ម៉ូរេណូ ​​មាន​ប្រសាសន៍​​ថា សហភាព​អឺរ៉ុប​គឺជា​អ្នកជំរុញ​ចម្បង​​​មួយ​នៃ​​ការ​បើកចំហ​​ពាណិជ្ជកម្ម​​ដែល​ជាកត្តា​​យ៉ាង​សំខាន់​មួយ​សម្រាប់​​កំណើន​​​​សេដ្ឋ​កិច្ច​​​​ និង​ការ​បង្កើត​​ការ​ងារ​​​​ជាពិសេស​​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ។ ដូច្នេះ​ កម្ពុជា​​គឺជា​ប្រទេស​​ដែលទទួល​បានអត្ថ​ប្រយោជន៍​ពី​ការ​នាំចូលទីផ្សារ​​​ដោយគ្មាន​​ពន្ធនាំ​ចូល​​ និង​គ្មាន​កូតា​ទាំង​ស្រុង​​​ចាប់​តាំង​ពី​ខែមីនា ឆ្នាំ​២០១១ ។ ​​ដើម្បី​ជំរុញ​​ការ​នាំ​ចេញ​របស់​​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​បំផុត​​​​​បន្ថែម​ទៀត​មក​កាន់​សហភាព​អឺរ៉ុប​​ និងរួម​ចំណែក​​​​ដល់​​កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​ទាំងនេះ នៅ​ថ្ងៃ​ទី១ ​មករា ឆ្នាំ​២០១១ ​សហភាពអឺរ៉ុប​បាន​ដាក់​ឱ្យ​អនុវត្ត​ច្បាប់​​ប្រភព​​ដើម​ដែល​ងាយ​ស្រួល និង​​សាមញ្ញ​ជាង​មុន​​ក្រោម​​គម្រោង​​អនុគ្រោះ​របស់​ខ្លួន ។ ជា​លទ្ធ​ផល​ គ្រាន់​តែ​​​បន្ទាប់ពីរយៈ​ពេល៦​ខែ ចាប់​តាំងពី​ការ​ដាក់​ឱ្យ​​អនុវត្ត​ច្បាប់ថ្មីនេះ ​យើង​អាច​ឃើញរួច​ទៅ​ហើយថា ​ការ​នាំ​ចេញ​​របស់​កម្ពុជា​ទៅ​កាន់​សហ​ភាព​អឺរ៉ុប​បាន​កើន​ឡើង​​​ទ្វេ​ដង​ បើប្រៀបធៀប​​ទៅ​នឹង​​រយៈ​ពេល​៦ខែ​​ដំបូង​​នៃឆ្នាំ​២០១០ ។

លោក​រ៉ាហ្វាអែល​ ដូឆាវ ម៉ូរេ​ណូ ​បានបន្ថែម​ថា ​តាមរយៈ​សិក្ខា​សាលា​នៅថ្ងៃនេះ ​យើង​សង្ឃឹម​​ថា ​វានឹង​បាន​រួម​ចំណែក​​បន្ថែម​​​ទៀត​ដល់​ទំនោរ​ដ៏គួរឱ្យ​កត់សម្គាល់នេះ តាម​រយៈ​​ការជួួយ​ដល់​ពាណិជ្ជ​ករ​កម្ពុជា​​ទាញ​យក​គុណ​ប្រយោជន៍​​ឱ្យ​បានច្រើន​​​បំផុត​​​ពីវិធាន​​ថ្មី​ទាំងនេះ ។ លោក​បញ្ជាក់ថា លោក​ចង់​ឃើញ​ផលិតផល​នាំ​ចេញ​​របស់កម្ពុជា​​​ទៅ​កាន់​សហភាព​អឺរ៉ុប​មាន​ពិពិធកម្ម​ ក៏ដូចជា​​​កិច្ច​​ខិត​ខំ​​បន្ថែម​ទៀត​របស់​រាជរដ្ឋា​ភិបាល​​កម្ពុជា​​​ឆ្ពោះ​ទៅ​រក​​កិច្ច​សម្រួល​ពាណិជ្ជកម្ម ។

លោកម៉ៅ ​​ថូរ៉ា ​រដ្ឋលេខាធិការ​​ក្រសួង​ពាណិជ្ជ​កម្ម​ មាន​ប្រសាសន៍​ថា ចាប់ពី​ឆ្នាំ​២០០១ ​​មក​ EBA ​ដែល​ផ្តល់​ដោយ​​​សហភាព​អឺរ៉ុប ​​(អ្វីៗ​ទាំង​អស់​​លើក​លែង​​​តែ​អាវុធ) គឺ​បាន​​រួមចំណែក​​ដល់​ការ​អភិវឌ្ឍ​​​សេដ្ឋ​កិច្ច​​​កម្ពុជា​​បាន​ច្រើនគួរ​​ឱ្យ​កត់សម្គាល់​​ ហើយ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ កម្ពុជា ។ ​លោក​បញ្ជាក់​​ថា ពេល​ដែល​ចាប់​ផ្តើម​​​ EBA ដំបូង​យើង​​មាន​​រោង​ចក្រ​​​តែចំនួន​១៨០​​ប៉ុណ្ណោះ ​តែ​មកដល់​​បច្ចុប្បន្ន​​នេះ​ គឺ​រោង​ចក្រ​​​បាន​កើន​រហូត​ដល់​២៦០​​​​ដោយសារ​តែ​កម្លាំង​ជំរុញ​របស់ EBA ​ដែលផ្តល់​​ដោយ​​សហភាព​អឺរ៉ុប ។ ដូច្នេះ​​លោក​សូម​ថ្លែង​នូវ​អំណរគុណ​​​​ដល់សហភាពអឺរ៉ុប ​ដែល​​យកចិត្ត​ទុកដាក់​អនុ​គ្រោះ​​​ដល់ការនាំ​ចូល​ផលិត​​ផល​​ពីកម្ពុជាទៅ​សហភាព​​អឺរ៉ុប​​តាមរយៈ​​គម្រោង​នៃ​ EBA ​​ដែល​ផ្តល់នូវ​​​ការងារ​​​​ដ៏​ច្រើន​សម្រាប់​ពលករ​កម្ពុជា​រួមចំណែក​​​ដល់​ការ​អនុវត្ត​​​​គោល​នយោ​បាយ​​កាត់​បន្ថយ​ភាពក្រីក្រ​​​នៅ​កម្ពុជា ។

គួរបញ្ជាក់​ថា សហភាព​អឺរ៉ុប​គឺជា​​​​គោលដៅ​​​ពាណិជ្ជ​កម្ម​ទី២​របស់​កម្ពុជា​ ដោយទិញ​​២៧% ​​នៃ​ផលិត​ផល​នាំ​ចូល​សរុប ​​ហើយ​នៅ​េពល​​​បច្ចុប្បន្ន​​នេះ គឺ​ផលិត​ផលសម្លៀកបំពាក់ និង​​ ស្បែក​​​ជើង ។ ​ជិត​៧៥% នៃទំនិញ​នាំចេញ​ទាំង​នេះ​ចូលទីផ្សារ​​អឺរ៉ុប​ដោយ​មិន​បង់​​ពន្ធ​​​​នោះ​ទេ ​ដោយសារ​តែ​​ផលិតផល​កម្ពុជា​អាច​ចូលទី​ផ្សារ​​អឺរ៉ុប​​បាន​ដោយគ្មាន​ការបង់​ពន្ធ​នាំ​ចូល​ក្រោម​គម្រោង​​ចូលទីផ្សារ​​​អនុគ្រោះ EBA ​លើក​លែង​តែ​អាវុធ ៕