ខេត្តបាត់ដំបង ៖ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋយ៉ាងតិចជាង៣០ខ្នងនៅក្នុងស្រុកចំនួន០២ ក្នុងខេត្តបាត់ដំបង បានរងការបំផ្លេចបំផ្លាញព្រមៗគ្នាដោយខ្យល់កន្ត្រាក់ត្រឹមមួយប៉ព្រិចភ្នែក កាលពីរសៀលថ្ងៃទី១៩ មេសា តែពុំមានសេចក្ដីរយាការណ៍អំពីការគ្រោះថ្នាក់ដល់មនុស្សទេ ។

របាយការណ៍បឋមរបស់សមត្ថកិច្ចដែលកោះសន្តិភាពទទួលបាន នៅព្រឹកថ្ងៃទី២០ មេសា បានឲ្យដឹងថា នៅក្នុងចំណោមស្រុកនានាដែលមានភ្លៀងធ្លាក់ និងរងនូវខ្យល់កន្ត្រាក់ គេឃើញមានស្រុកចំនួន០២ បានខូចខាតផ្ទះសម្បែងដោយសារខ្យល់កន្ត្រាក់ គឺស្រុកថ្មគោល និងស្រុកបាណន់ ។

របាយការណ៍មន្ត្រីជំនាញដដែលបានឲ្យដឹងថា នៅស្រុកថ្មគោល ភ្លៀងដែលអមមកជាមួយនឹងខ្យល់កន្ត្រាក់មួយដង្ហើមចង្រិតផង បានប៉ះទង្កិចទៅលើឃុំអូរតាគី ធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន០៤ខ្នង ។ ដោយឡែក នៅស្រុកបាណន់ បើតាមរបាយការណ៍បឋមដដែលបានឱ្យដឹងថា ខ្យល់កន្ត្រាក់ដ៏គួរឲ្យខ្លាចនេះ បានវាយប្រហារត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ធ្វើឲ្យផ្ទះប្រជាពលរដ្ឋអស់យ៉ាងតិចចំនួន២៧ខ្នង បានរងការខូចខាត ។

ខ្យល់កន្ត្រាក់ដ៏កាចសាហាវនេះ បានប៉ះទង្កិចទៅលើឃុំចំនួន០៣ គឺឃុំបាយដំរាំ ឃុំភ្នំសំពៅ និងឃុំតាគ្រាម ។ របាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមឃុំទាំង០៣ គឺប្រជាពលរដ្ឋនៅឃុំតាគ្រាម រងគ្រោះធ្ងន់ធ្ងរជាងគេ តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។

ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញភ្លៀងបានធ្លាក់ ដែលលាយឡំមកជាមួយនូវខ្យល់កន្ត្រាក់ និងផ្គររន្ទះយ៉ាងខ្លាំងក្លាផង បានប៉ះទង្កិចទៅលើបណ្ដាស្រុកមួយចំនួននៅក្នុងខេត្តបាត់ដំបង ។

តាមរយៈរបាយការណ៍បឋមរបស់សមត្ថកិច្ចជាបន្តបន្ទាប់នាប៉ុន្មានថ្ងៃចុងក្រោយនេះ បានឲ្យដឹងថា មានលំនៅឋានរបស់ប្រជាពលរដ្ឋប្រមាណជិត២០០ខ្នងហើយ បានរងការខូចខាតដោយសារ
«ខ្យល់កន្ត្រាក់» នាដើមរដូវវស្សានេះ ក្នុងនោះ ក៏មានសាលារៀនផង តែភាគច្រើនលំនៅឋានទាំងនោះខូចខាតដំបូល ៕

ចែករំលែកព័តមាននេះ