ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋ​​រាប់​ម៉ឺន​នាក់​មក​ឆ្លង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ យ៉ាង​ភ្លូកទឹកភ្លូកដី នៅ​វត្ត​បាកាន​ខេត្តពោធិ៍សាត់

1 នាទី មុន
  • ពោធិ៍សាត់

ខេត្ត​ពោធិ៍សាត់ ៖ មនុស្ស​ម្នា​រាប់​ម៉ឺន​នាក់​មក​ពី​គ្រប់​ទិស​ទី បាន​មក​ឆ្លង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ យ៉ាង​ភ្លូកទឹកភ្លូកដី នៅ​វត្ត​បាកាន​ខេត្តពោធិ៍សាត់ ជា​វត្ត​មួយ ដែល​ប្រជាពលរដ្ឋ​ស្ទើរតែ​ទូ​ទាំង​ប្រទេស មាន​ជំនឿ​ជឿជាក់​លើ​ព្រះ​អង្គ​បែ​ព្រះ​ភ័​ក្រ​ទៅ​ទិស​ខាងលិច និង​ដើម​ពោធិ៍​មួយ​ដើម​រសាត់​បញ្ច្រាស​ទឹក…

ខេត្ត​ពោធិ៍សាត់ ៖ មនុស្ស​ម្នា​រាប់​ម៉ឺន​នាក់​មក​ពី​គ្រប់​ទិស​ទី បាន​មក​ឆ្លង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ យ៉ាង​ភ្លូកទឹកភ្លូកដី នៅ​វត្ត​បាកាន​ខេត្តពោធិ៍សាត់ ជា​វត្ត​មួយ ដែល​ប្រជាពលរដ្ឋ​ស្ទើរតែ​ទូ​ទាំង​ប្រទេស មាន​ជំនឿ​ជឿជាក់​លើ​ព្រះ​អង្គ​បែ​ព្រះ​ភ័​ក្រ​ទៅ​ទិស​ខាងលិច និង​ដើម​ពោធិ៍​មួយ​ដើម​រសាត់​បញ្ច្រាស​ទឹក ដែល​មាន​បារមី​ពូកែ​ស័​ក្កិ​សិទ្ធ ល្បីល្បាញ​ដល់​មហាជន​គ្រប់​ជំនាន់​តាំងពី​ដើម​មក​។

នៅ​ក្នុង​ពិធី​ឆ្លង បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្មាំ​មមី អដ្ឋស័ក ព​.​ស​២៥៧០ ថ្ងៃ​សៅរ៍ ០២​កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ខែមេសា​ឆ្នាំ​២០២៦​នៅ​វត្ត​បាកាន​នេះ គណៈកម្មការ​វត្ត​បាន​រៀបចំ​ពិធី​ស្រង់​ព្រះ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា និង​ពិធី​ប្រោះព្រំ​សុគន្ធវារី ដល់​ព្រះ​តេជគុណ​សុត​ន្តោ ឡាយ កន ព្រះ​គ្រូ​ចៅអធិការ​វត្ត ដើម្បី​ជា​ការ​រំឭក​គុណគ្រូ និង​ដឹងគុណ​គ្រូ ដែល​ធ្លាប់​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា បង្ហាត់បង្រៀន​ប្រៀនប្រដៅ ដល់​ភិក្ខុ​សាមណេ​រាប់​ជំនាន់ ជា​បន្តបន្ទាប់​កន្លង​មក ដែល​សព្វ​ថ្ងៃនេះ​អ្នកខ្លះ​នៅ​បន្ត​បួស​ជា​សង្ឃ​នៅឡើយ និង​ខ្លះ​ទៀត​បាន​លាចាក​សិក្ខាបទ ទៅ​រក​ការងារ​ធ្វើ​សម្រាប់​ថ្ងៃ​អនាគត​ជាដើម​។

មិន​ថា​តែ​ក្នុង​ជួរ​ព្រះសង្ឃ​ដែល​ជា​អ្នកមាន​សិល្ប៍​ប៉ុណ្ណោះ​ទេ ការ​រំលឹក​គុណគ្រូ​និង​ការ​ដឹងគុណ​គ្រូ​នេះ បាន​ក្លាយជា​ចលនា​ជាតិ​ដ៏​ផុសផុល​មួយ ដែល​បាន​ស្តែង​ឡើង​តាម​រយៈ​ការ​ជួបជុំ​សិស្ស​ឬ​អតីត​សិស្ស ជាមួយ​គ្រូបង្រៀន​ឬ​គ្រូបង្រៀន​ចូល​និវត្ត ដើម្បី​ប្រារព្ធ​ពិធី​នៅ​តាម​សាលារៀន ក៏​ដូច​ជា​ការ​បង្កើត​ឱកាស​នានា​តាម​គ្រប់​រូបភាព ក្នុង​គោលបំណង​ជួបជុំ​គ្នា សំណេះសំណាល​សួរសុខទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​រំលឹក​អនុស្សាវរីយ៍ និង​ទទួលទាន​អាហារ​សាមគ្គី ក្នុង​ន័យ​ស្រលាញ់​រាប់អាន​គ្នា​ជា​រៀង​រហូត​។

សាស្ត្រាចារ្យ គ្រូបង្រៀន គ្រូបាធ្យាយ គឺជា​ធនធាន​ដ៍​សំខាន់ សម្រាប់​មនុស្សជាតិ​យើង​ទាំងអស់​គ្នា ដូច្នេះ សូម​ភិក្ខុ​សាមណេរ យុវជន សិស្សានុសិស្ស បន្ត​ប្រពៃណី​ជួបជុំ​ជាមួយ​គ្រូ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជា​ការ​ដឹងគុណ​ដល់​អ្នក​ដែល​បាន​បង្ហាត់បង្រៀន​យើង និង​ជា​គំរូ​ល្អ​ដល់​កូនចៅ​ជំនាន់​ក្រោយ​ទៀត​។

ពិធី​ឆ្លង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នៅ​វត្ត​បាកាន បាន​ដំណើរការ​ទៅ​យ៉ាង​គ​គ្រឹ​គគ្រេង ដែល​មាន​មនុស្ស​ម្នា ស្រី​ប្រុស​ចាស់​ក្មេង យ៉ាង​ណែនណាន់តាន់តាប់ មក​ទស្សនាការ​សម្ដែង​សិ​ល្បះ លេងល្បែង​ប្រជាប្រិយ ការ​ប្រកួត​កីឡា និង​ការ​រាំ​លេង​កំសាន្ត ប្រកបដោយ​ក្ដី​សប្បាយ​រីករាយ​ជាទី​បំផុត​។

ឆ្នាំ​នេះ រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​លេង​គប់​ទឹក​និង​ប៉ាត​ម្ស៉ៅ​នោះ​ទេ ចំណែក​នៅ​វត្ត​បាកាន​ដោយសារ​អាកាសធាតុ​ក្ដៅ​ខ្លាំង​ពេក គណៈកម្មការ​បាន​បាញ់​ទឹក​ប្រាយ​ឡើង​លើ ធ្វើ​ជា​ភ្លៀង ដើម្បី​ឲ្យ​ត្រជាក់ត្រជុំ​ដល់​ព្រះសង្ឃ ពុទ្ធបរិស័ទ និង​ភ្ញៀវ​មក​លេង​កំសាន្ត​។ ចំណែក​ការ​លេង​ប៉ាត​ម្ស៉ៅ មាន​តែ​នៅ​ក្នុង​បរិវេណ​វត្ត​ប៉ុណ្ណោះ គឺ​មិន​មានការ​លេង​គប់​ទឹក​ឬ​ប៉ាត​ម្ស៉ៅ​នៅ​ខាងក្រៅ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​នៅ​លើ​ផ្លូវ ដែល​នាំ​ឲ្យ​បង្ក​គ្រោះថ្នាក់​នោះ​ទេ​។

គួ​រំលឹក​ថា នៅ​វត្ត​បាកាន​តែងតែ​ធ្វើ​ពិធី​ស្រង់​ព្រះ និង​ពិធី​ដង្ហែ​ព្រះ​តេជគុណ​សុត​ន្តោ ឡាយ កន ព្រះ​គ្រូ​ចៅអធិការ​វត្ត ប្រោះព្រំ​សុគន្ធវារី​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រំលឹក​គុណគ្រូ​បាធ្យាយ ដែល​បាន​បណ្ដុះបណ្ដាល បង្ហាត់បង្រៀន ដល់​ភិក្ខុ​សាមណេរ ផ្នែក​ខាង​ធម៌​អារ​និង​វិន័យ​សង្ឃ ជា​បន្តបន្ទាប់​កន្លង​មកនេះ​។

ពិធី​នេះ​ដែរ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​គោរព​ប្រតិបត្តិ ប្រពៃណី​ទំនៀមទំលាប់​ជាតិ និង​បង្ហាញ​ពី​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន បន្ត​មក​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រក្សា​បាន​នូវ​ខឿនសេដ្ឋកិច្ច វឌ្ឍនភាព​សង្គម​ដ៍​ល្អ​ប្រសើរ និង​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ នៃ​ប្រទេស​ជាតិ​ទាំងមូល​។ ជាមួយ​គ្នា​នេះ ក៍​សូម​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​វិញ្ញាណក្ខន្ធ​វី​រៈ​កងទ័ព​និង​វី​រៈ​នគរបាល​ជួរ​មុខ ដែល​បាន​ពលី​ជីវិត បូជា​សាច់​ស្រស់​ឈាម ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​និង​ប្រជាជន​យើង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ