សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អាហារដែលយើងទទួលទានប្រចាំថ្ងៃខ្លះ អាចបង្កប់នូវសារធាតុពុលដែលប៉ះពាល់ដល់អាយុជីវិត ប្រសិនបើខ្វះការប្រុងប្រយ័ត្នក្នុងការរៀបចំ។
មើមដំឡូងមីឆៅមានផ្ទុកសារធាតុដែលអាចបំប្លែងជាជាតិសាយ៉ាណាយដែលតម្រូវឱ្យយើងត្រូវបកសំបក លាងទឹក និងចម្អិនឱ្យឆ្អិនល្អជាដាច់ខាត។ ចំណែកសណ្ដែកក្រហមឆៅ ក៏មានផ្ទុកជាតិពុលដែលបង្កឱ្យក្អួតចង្អោរ និងរាករូស ដោយត្រូវត្រាំទឹកយ៉ាងតិច ៥ ម៉ោង និងស្ងោរក្នុងទឹកពុះឱ្យបាន ១០ នាទីឡើងទៅ។ ចំពោះត្រីតុកកែវិញ គឺជាប្រភេទអាហារគ្រោះថ្នាក់បំផុតដែលមានជាតិពុលដល់ជីវិត ហើយតម្រូវឱ្យមានមេចុងភៅជំនាញដែលមានអាជ្ញាបណ្ណត្រឹមត្រូវជាអ្នកចម្អិនឱ្យតែប៉ុណ្ណោះ។
ក្រៅពីនេះ នៅមានអាហារមួយចំនួនទៀតដែលអ្នកគួរដឹងដូចជា ទឹកឃ្មុំស្រស់ដែលអាចមានបាក់តេរីបង្កគ្រោះថ្នាក់ដល់ទារកអាយុក្រោម ១ ឆ្នាំ មើមដំឡូងបារាំងដែលមានពណ៌បៃតង (មានជាតិសូឡានីនបង្កឱ្យឈឺពោះ) និងសណ្ដែកដីដែលងាយបង្កឱ្យមានប្រតិកម្មអាឡែស៊ីធ្ងន់ធ្ងរចំពោះអ្នកដែលមិនត្រូវគ្នា។ ការទទួលទានសាច់ជ្រូកឆៅក៏ប្រឈមនឹងការឆ្លងមេរោគព្រូន ខណៈអាហារដែលខ្លោចខ្លាំងពីការអាំង ឬបំពង អាចបង្កើតសារធាតុបង្កជំងឺមហារីក។
ដើម្បីសុវត្ថិភាព អ្នកគួរប្រកាន់ខ្ជាប់នូវគោលការណ៍អនាម័យដោយលាងសម្អាត និងចម្អិនអាហារឱ្យឆ្អិនល្អជានិច្ច ជៀសវាងការញ៉ាំអាហារឆៅ ឬអាហារដែលមានពណ៌ ក្លិន និងរសជាតិខុសប្រក្រតី ដើម្បីការពារសុខភាពខ្លួនឯង និងក្រុមគ្រួសារឱ្យបានគង់វង្ស៕
ចែករំលែកព័តមាននេះ