រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កន្លងមកនេះ មានគ្រោះអគ្គិភ័យកើតឡើងចំនួន១៤លើក កើនចំនួន៣លើក បើធៀបនិងឆ្នាំ២០២៥ ។
បើតាមនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ថ្ងៃអង្គារ ១២ រោច ខែចេត្រ ឆ្នាំមមី សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១៤.១៥.១៦ ឆ្នាំ២០២៦ ដែលទើបត្រូវបានបិទបញ្ចប់មានគ្រោះអគ្គិភ័យ កើតឡើងចំនួន១៤លើក (១១លើកកាលឆ្នាំ២០២៥) កើនឡើងចំនួន៣លើក នៅទូទាំងប្រទេស បើធៀបនឹងឆ្នាំ២០២៥ ។
ប្រភពបានលើកឡើងថា គ្រោះអគ្គិភ័យបានកើតឡើងនៅរាជធានីភ្នំពេញ ចំនួន៤លើក ខេត្តព្រះវិហារ១លើក ខេត្តបន្ទាយមានជ័យ១លើក ខេត្តកំពង់ចាម១លើក ខេត្តព្រះសីហនុ១លើក ខេត្តស្វាយរៀង១លើក ខេត្តឧត្តរមានជ័យ១លើក ខេត្តកណ្តាល១លើក និងខេត្តបាត់ដំបង១លើក ។
ទោះយ៉ាងណាក្តី បើតាមនាយកដ្ឋាននគរបាលបង្ករពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា គ្រោះអគ្គិភ័យនៅពិធីបុណ្យចូលឆ្នាំ បានបណ្តាលឲ្យមានមនុស្សចំនួន១នាក់បាត់បង់ជីវិត(ស្រី) គ្មានអ្នករងរបួសនោះទេ។ មូលហេតុ នៃការបង្កគ្រោះអគ្គិភ័យដោយសារការប្រើប្រាស់ភ្លើង៦ករណី និង ផ្ទុះហ្គាស១ករណី ។
ប្រភពបានលើកឡើងថាគ្រោះអគ្គិភ័យនេះបានឲ្យខូចខាតផ្ទះចំនួន១១ខ្នង ២បន្ទប់ តូប១ ឃ្លាំង១ រោងចក្រ១ខ្នង និងសិប្បកម្មតម្បាញ១ខ្នង៕




ចែករំលែកព័តមាននេះ