ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹ​ក​ស្ទឹង​នៅ​រមណីយដ្ឋាន​«​ថ្មដា​ចម្ការ​ទុ​រេន​»​ឆក់​យក​ជីវិត​ក្មេង​ប្រុស​ម្នាក់​ ក្រោយ​ថ្ងៃ​បញ្ចប់​​បុណ្យចូលឆ្នាំ​ខ្មែរ

2 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ក្មេង​ប្រុស​ជំទង់​ម្នាក់ ត្រូវ​ទឹកស្ទឹង​នៅ​រមណីយដ្ឋាន​«​ថ្មដា​ចម្ការ​ទុរេន​» ដែល​ស្ថិត​ក្នុង​ទឹកដី ឃុំ​ស៊ុ​ង ស្រុក​សំឡូត ឆក់​យក​ជីវិត​យ៉ាង​សោកសៅ នៅ​រសៀល​ថ្ងៃ​ទី​១៧ មេ​សា…

ខេត្តបាត់ដំបង ​៖ ក្មេង​ប្រុស​ជំទង់​ម្នាក់ ត្រូវ​ទឹកស្ទឹង​នៅ​រមណីយដ្ឋាន​«​ថ្មដា​ចម្ការ​ទុរេន​» ដែល​ស្ថិត​ក្នុង​ទឹកដី ឃុំ​ស៊ុ​ង ស្រុក​សំឡូត ឆក់​យក​ជីវិត​យ៉ាង​សោកសៅ នៅ​រសៀល​ថ្ងៃ​ទី​១៧ មេ​សា គឺ​ក្រោយ​មួយ​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​រយៈពេល​០៣​ថ្ងៃ ត្រូវ​បាន​បិទ​បញ្ចប់​។

របាយ​ការ​ណ៍​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា យុវជន​ដែល​ជួប​គ្រោះថ្នាក​អកុសល​នោះ​ឈ្មោះ ហ៊ឹ​ម សំណាង អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​មោង ស្រុក​មោង​ប្ញ​ស្សី​។ យុវជន​រួ​ប​នេះ​បាន​លង់ទឹក​ស្ទឹង​ស្លាប់​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​«​ថ្មដា​ចម្ការ​ទុ​រេន​» ពេល​កំពុង​ល​ហែល​លែង​សប្បាយ​ជាមួយ​មិត្តភក្ដិ​ជា​ច្រើន​នាក់ រួម​ជាមួយនឹង​មនុស្ស​រាប់រយ​នាក់​ទៀត ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ​ផង​។

បើ​តាម​ប្រភព​ព័​ត៌​មាននៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា យុវជន​រងគ្រោះនោះ ជាមួយនឹង​មិត្តភក្ដិ​ប៉ុន្មាន​ទៀត បាន​ចុះ​ហែល​ទឹកស្ទឹង​នៅ​ក្នុង​រមណីយដ្ឋាន​ខាងលើ​ ។ ពេល​នោះ ​គេ​មិនឃើញ​ជន​រង​គ្រោះ​ពាក់​ «​អាវ​ពោង​» ​ការពារ​សុវត្ថិភាព ដូច​គេឯង​ទេ សូ​ម្បី​តែ​ខោជើងវែង​ក៏​មិន​ដោះ​ទុក​ដែរ​។ ប្រភព​បាន​បន្ត​ថា ពួក​គេ​បាន​នាំ​គ្នា​ហែល​ទៅ​កាន់​កន្លែង​ទឹក​ជ្រៅ លុះ​ពេល​កំពុង​ហែល​លែង​យ៉ាង​សប្បាយ​ជាមួយ​មិត្តភក្ដិ និង​មនុស្ស​រាប់​សិប​នាក់​ទៀត ស្រាប់តែ​មានការ​ផ្អើល​ពេញ​ទឹកស្ទឹង ព្រោះ​បាត់​ជន​រង​គ្រោះ​ ។

គ្រា​នោះ​អ្នក​ហែល​ទឹកជា​ច្រើន បាន​ជួយ​មុជ​រាវរក​ជនរង​គ្រោះ លុះ​បន្តិច​ក្រោ​​​យមក ក៏​​រក​ឃើញ ហើយ​បាន​នាំ​គ្នា​សែង​ជន​រង​គ្រោះ​ឡើង​លើគោក ដើម្បី​រក​វិធី​សង្គ្រោះ​បឋម តែ​អកុសល​ការ​ប្រឹង​ប្រែង​របស់​មិត្តភក្ដិ និង​អ្នកលេង​ទឹក​នៅ​ទីនោះ មិន​អាច​ជួយ​ជន​រង​គ្រោះ​បាន​ឡើយ​ ។

អធិការ​ស្រុក​សំឡូត លោក ម៉ែ​ន រី​ម បាន​ប្រាប់​ថា ក្នុង​ស្ថានភាព​ដែល​មិន​អាច​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ នៅ​ចំណុច​កើតហេតុ​បាន ភ្លាម​ៗ​នោះ សមត្ថកិច្ច​និង​មនុស្ស​មួយ​ចំនួន បាន​ព្យាយាម​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ តែ​ជន​រង​គ្រោះ​បាន​ស្លាប់​ទៅ​ហើយ​។

លោក​ ម៉ែ​ន រី​ម ក៏​បាន​បញ្ជាក់​ថា តាម​ពិត​នៅ​កន្លែង​ហែល​ទឹក​កម្សាន្ត ក្នុង​រមណីយដ្ឋាន​ខាងលើ​នេះ គេ​មាន​អាវ​ពោង​ពាក់​ការពារ​ដែរ តែ​ជន​រង​គ្រោះ​មិន​បាន​ពាក់​ទេ ខណៈ​អ្នក​ហែល​ទឹក​រាប់​សិប​នាក់​ពាក់​ព្រោងព្រាត​ ។ មិន​ត្រឹ​ម​តែ​មិន​ពាក់​ទេ សូ​ម្បីតែ​ខោជើងវែង​ក៏​ជន​រង​គ្រោះ​មិន​ស្រាត​ទុក​ដែរ​ ។ ដូច្នេះ​ហើយ​ ទើប​ហែល​ដល់​កន្លែង​ទឹក​ជ្រៅ ជន​រង​គ្រោះ​ហែល​រួច​ក៏​ជួប​គ្រោះថ្នាក់​តែ​ម្ដង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ